website_news:2015141201

សម្តេចតេជោព្រមាន មន្ត្រីណាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សត្រូវផ្តន្ទាទោសមិនលើកលែង

(http://kohsantepheapdaily.com.kh ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង ០៩:០០ )

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ព្រមានដល់មន្ត្រីទាំងទ្បាយណាដែលបាននិងកំពុងឃុបឃិត និងសហការទាញយកផលប្រយោជន៍ជាមួយជនល្មើស និងអំពើពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ត្រូវឆាប់ដកខ្លួនជាបន្ទាន់ ។ ក្នុងករណីរកឃើញថា មន្ត្រីណាម្នាក់បានប្រព្រឹត្ត ឬឃុបឃិតជាមួយជនល្មើសដើម្បីទាញយកផលប្រយោជន៍ដោយស្របច្បាប់ ឬមិនស្របច្បាប់ពីអំពើជួញដូរមនុស្ស មន្ត្រីនោះនឹងត្រូវផ្តន្ទាទោសតាមច្បាប់មិនលើកលែងទ្បើយ ។

សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបែបនេះ នារសៀលថ្ងៃទី១២ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធ«ទិវាប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស១២ធ្នូ» ដើម្បីអនុវត្តន៍សកម្មភាពព្រមៗគ្នាឆ្ពោះទៅកាន់គោលដៅរួមតែមួយ ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព ។

សម្តេចតេ ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារពីវេទិកាប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស ក៏ដូចជានៅក្រៅប្រទេសឱ្យបានជ្រាប អំពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះដូចខាងក្រោម៖

១- ចំពោះមុខនេះនិងតទៅអនាគត រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងជម្នះឧបសគ្គ និងដោះស្រាយបញ្ហាលំបាកគ្រប់បែបយ៉ាង ក្នុងបុព្វហេតុដើម្បីលើកស្ទួយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនកម្ពុជាគ្រប់រូប ។

២- ប្តេជ្ញាប្រយុទ្ធប្រឆាំងដាច់ខាតចំពោះអំពើជួញដូរមនុស្ស ជាពិសេសលើស្ត្រីនិងកុមារ និងរួមសហការជាមួយអង្គការ ជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ទាំងក្នុងតំបន់ និងលើពិភពលោក ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស ។

៣-បង្កើនកិច្ចខិតខំ ប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ អនុសញ្ញា កតិកាសញ្ញាអន្តរជាតិ អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគី ផែនការជាតិ និងផែនការសកម្មភាពរួម និងបទដ្ឋានគតិយុត្តទាំងទ្បាយអាចទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។

៤- គាំទ្រ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ក្នុងការលើកកម្ពស់សមត្ថភាពនិងលទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ ខ្លួនឱ្យបានជោគជ័យ ។

សម្តេចតេជោ ក៏បានអំពាវនាវបន្ថែមទៀតចំពោះសម្តេច លោក លោកជំទាវ វិស័យឯកជន អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារអង្គការសហប្រជាជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូមបន្តអនុវត្ត នូវស្មារតីនៃការខិតខំប្រឹងប្រែង និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះឱ្យកាន់តែ សកម្មផុលផុស និងមានប្រសិទ្ធភាពទ្វេទ្បើងសំដៅលុបបំបាត់អំពើជួញដូរមនុស្សនេះ ។ ខ្ញុំ សូមឧទ្ទិសទិវានេះ ឱ្យបណ្តុះស្មារតីមនសិការ កសាងសកម្មភាពរួមក្នុងការលើកកម្ពស់ និងបំផុសនូវចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ទៅគ្រប់ទីកន្លែងនិងគ្រប់តំបន់ ។

ក្នុងរបាយការណ៍សង្ខេប សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ. ប.ជ )មានប្រសាសន៍ថា ការប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្សនាថ្ងៃនេះ គឺជាយុទ្ធនាការដ៏ធំមួយ ដើម្បីបំផុសការចូលរួមពីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់ «ការយល់ដឹង» «ប្រុងស្មារតី» និងចូលរួម «ធ្វើសកម្មភាព» ទាំងអស់គ្នាប្រកបដោយឆន្ទៈមុតមាំ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីប្រជាពលរដ្ឋនិងប្រទេសជាតិយើង «គ្មានអំពើជួញដូរមនុស្ស» ។

សម្តេច ក្រទ្បាហោម ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍បញ្ជាក់ថា ក្នុងនោះក្រសួង អង្គភាពជំនាញ មន្ទីរស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសូមប្តេជ្ញាចិត្តថា៖

-រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្សគ្រប់រូបភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងថ្នាក់តំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ដើម្បីដោះស្រាយបញ្ហាតម្រូវការ និងការផ្គត់ផ្គង់ដែលនាំឱ្យមានការជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសលើស្ត្រីនិងកុមារ ។

-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ ដោយកំណត់អត្តសញ្ញាណឱ្យបានជាក់លាក់ ចៀសវាងការបន្លំ បោកប្រាស់ពីឧក្រិដ្ឋជន ក្នុងគោលដៅបង្វែរបទល្មើស ។

-ពង្រឹង កិច្ចសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ក្នុងការស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស ការអនុវត្តច្បាប់ ដើម្បីកាត់ទោសលើឧក្រិដ្ឋកម្មជួញដូរមនុស្ស ។

-ពង្រីកកិច្ច សហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជំរុញអនុវត្តកិច្ចព្រមព្រៀង អនុស្សរណៈ ទ្វេភាគី ពហុភាគី និងផែនការរួមដែលមានស្រាប់ និងកសាងទំនុកចិត្ត និងកិច្ចព្រមព្រៀងជាមួយប្រទេសពាក់ព័ន្ធដទៃទៀត ។

-ពង្រឹងវិធានការគ្រប់គ្រងលំហូរចេញចូលតាមព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាង ។

- ពង្រឹងវិធានការគ្រប់គ្រង ត្រួតពិនិត្យសកម្មភាពជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលកររបស់ទីភ្នាក់ងារ ក្រុមហ៊ុនឯកជន និងអង្គការ ឬសមាគម សាលាភាសាបរទេស ដែលបាននិងកំពុងែធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងការផ្សព្វផ្សាយ ទាក់ទាញយុវជន ជ្រើសរើស និងបញ្ជូនពលករទៅក្រៅប្រទេស ដោយមិនមានការទទួលខុសត្រូវ ៕

website_news/2015141201.txt · Last modified: 2017/03/20 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki