website_news:2015141202

ករណីជួញដូរកុមារកើនឡើងខ្ពស់ នៅមីយ៉ាន់ម៉ា

(http://www.dap-news.com Saturday, 12 December 2015 21:09)

យ៉ាំងហ្គូន៖ ប៉ូលីសប្រទេសមីយ៉ាន់ម៉ា បានធ្វើការស៊ើបអង្កេតទៅលើករណីនៃការជួញដូរកុមារ បានចំនួន៩៣នាក់ កាលពីខែវិច្ឆិកាកន្លងទៅនេះ ដែលតួលេខនេះមានកើនឡើងខ្ពស់ បើប្រៀបធៀបនឹងតួលេខ កាលពីខែតុលាកន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៥នេះ អាជ្ញាធរមីយ៉ាន់ម៉ា បានរំដោះជនរងគ្រោះពីការជួញដូរ បានជាង៥០០នាក់ ក្នុងចំណោមជនរងគ្រោះ៦១៧នាក់ ក្នុងនោះរួមមាន កុមារ១០០នាក់ ផងដែរ ។ ក្នុងអំឡុងរយៈពេល១១ខែនៃឆ្នាំ២០១៥នេះ រដ្ឋ Shan មានការជួញដូរកុមារខ្ពស់បំផុត រហូតដល់៣៦ករណី ហើយបន្ទាប់គឺរដ្ឋ Mandalay និងរដ្ឋធានី Yangon ដែលមានចំនួន១៧ករណី ដោយឡែករដ្ឋ Kachin មានចំនួន១៣ករណី។

យោងតាមតួលេខ ចេញផ្សាយដោយមន្ត្រីប្រទេស មីយ៉ាន់ម៉ា បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ មានករណីជួញដូរមនុស្សចំនួន១.២៤៣ករណី ក្នុងនោះមានជនរងគ្រោះ ចំនួន២.៥០០នាក់ ត្រូវបានជួយសង្គ្រោះ និងឧក្រិដ្ឋជនជួញដូរមនុស្សចំនួន២.០០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ៕

website_news/2015141202.txt · Last modified: 2017/03/20 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki