website_news:2015161101

ចលនាចំណាកស្រុកកំពុងរុញច្រានវិស័យកសិកម្មខ្មែរឲ្យកាន់តែដុនដាប

(http://www.thmeythmey.com ចុះផ្សាយនៅថ្ងៃ 15-11-2015, 7:19 pm)

ភ្នំពេញ៖ នៅទីជនបទ ដីស្រែជាច្រើនហិចតា ត្រូវបានកសិករបោះបង់ចោល។ យុវជន នៅតាមស្រុកស្រែចម្ការ បានធ្វើចំណាកស្រុកយ៉ាងគំហុក ចេញទៅធ្វើការនៅក្រៅប្រទេស ទីប្រជុំជន និងទីក្រុង។ ការចាកចេញពីជនបទរបស់យុវជន បាន និងកំពុងធ្វើឲ្យខ្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។ ចំនួនយុវជនសម្រាប់ដំណើរការវិស័យកសិកម្មកាន់តែតិច កើតឡើងស្របពេលដែលកសិកម្មខ្មែរ ធ្វើឡើងបែបជាយថា ហេតុទៀតនោះ វិស័យកសិកម្មកម្ពុជាកាន់តែទន់ខ្សោយគួរឲ្យព្រួយបារម្ភ។

អ្នកធ្វើការនៅក្នុងវិស័យកសិកម្មកម្ពុជា មានកាន់តែតិចទៅៗ។ នៅពេលបច្ចុប្បន្ននេះ កម្លាំងពលកម្មនៅក្នុងវិស័យនេះភាគច្រើន គឺមានតែកុមារ និងមនុស្សចាស់។ ចំណែកយុវជនវ័យពេញកម្លាំង ដែលជាចំនួនដ៏ច្រើនលើសលប់ បាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស និងទីក្រុង ដែលធ្វើឲ្យទីជនបទចុកកាត់មាត់ញក ខ្វះកម្លាំងពលកម្មក្នុងការបង្កបង្កើនផល។ ការបាត់បង់កម្លាំងយុវជនក្នុងវិស័យកសិកម្ម បានធ្វើឲ្យវិស័យនេះកាន់តែទន់ខ្សោយទៅៗ។ ចលនាចំណាកស្រុកបានបង្ក បញ្ហាស្មុគស្មាញ យ៉ាងច្រើន។

កង្វះការងារដែលមានប្រាក់បៀវត្សរ៍សមរម្យ ជាមូលហេតុចំបងមួយ។ ចំណាកស្រុកទៅក្រៅប្រទេស គឺបានបង្កបញ្ហាប្រឈមជាច្រើនដូចជា ការមិនស្គាល់ទំនៀមទម្លាប់វប្បធម៌ របៀបរបបរស់នៅ ច្បាប់ និងភូមិសាស្ត្រ បានធ្វើឲ្យអ្នកចំណាកស្រុកមួយចំនួនធំជួបការលំបាកក្នុងនោះរួមមាន៖ ការចាញ់បោកមេខ្សល់យកទៅជួញដូរកម្លាំងពលកម្ម ក្លាយជាទាសករផ្លូវភេទ ការរំលោភសិទ្ធិមនុស្សនិងការធ្វើបាបផ្សេងៗ ដែលធ្វើឲ្យអ្នកទាំងនោះខ្លះ បាត់បង់ជីវិត។ ខ្លះមានជំងឺខូចសតិ ខ្លះមានផ្ទុកគ្រឿងញៀនមកជាមួយ ព្រមទាំងមិនបានចំណូលសម្រាប់គ្រួសារទៀតផង។

បច្ចុប្បន្ន ក្នុងភូមិនីមួយៗ មានសភាពស្ងាត់ជ្រងំ គឺមានតែតាយាយដែលមានវ័យចំណាស់ និង ក្មេងតូចៗ ដែលម្តាយឪពុករបស់ពួកគេបានផ្ញើឲ្យមើលថែ ដោយសារតែពួកគេជាប់រវល់ធ្វើការនៅបរទេស។ យុវជន យុវតី ដែលជាវ័យពេញកម្លាំងបានទៅរៀន និងធ្វើការក្រៅមូលដ្ឋាន បានធ្វើឲ្យកម្លាំងពលកម្មមានកាន់តែតិចនៅក្នុង វិស័យកសិកម្ម។

ការបង្កើតរោងចក្រកាត់ដេររីកដេរដាសនៅកម្ពុជា បានអូសទាញកម្លាំងពលកម្មស្ត្រីខ្មែរជាង៧០ម៉ីននាក់។ ការរីកចម្រើននៃវិស័យសំណង់នៅតាមទីប្រជុំជន និងទីក្រុង បានអូសទាញយុវជនឲ្យធ្វើចំណាកស្រុកយ៉ាងច្រើន។ ចំណែកប្រទេសថៃ បានច្បាមយកកម្លាំងពលកម្មកម្ពុជាទាំងស្របច្បាប់នឹងខុសច្បាប់ជាង៨០ ម៉ឺននាក់។ ប្រទេសកូរ៉េខាងត្បូង បានទាញយកកម្លាំងពលកម្មប្រហែលជាង៣ម៉ឺននាក់ និងប្រទេសមួយចំនួនផ្សេងទៀត។

យុវជនកម្ពុជា ដែលបានប្រមូលផ្តុំគ្នា នៅតាមទីប្រជុំជន ទីក្រុង និងនៅក្រៅប្រទេស បានបន្សល់នូវភាពសោះកក្រោះនៅស្រុកស្រែចម្ការ។ ការធ្វើចំណាកស្រុក បានធ្វើឲ្យ ធនធានកម្លាំងពលកម្មរបស់ខ្មែរ ខ្វះក្នុងស្រុក។ ប្រជាជនខ្មែរ ទាំងចាស់ ទាំងក្មេងមានប្រមាណ១៥លាននាក់។ការចំណាកស្រុក បានធ្វើឲ្យកម្ពុជា ទទួលបានចំណូល មកចិញ្ចឹមគ្រួសារ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។

កន្លងមក របាយការណ៍អង្គការការងារអន្តរជាតិ(ILO) បានរកឃើញថា ពលករទេស្តប្រវេសន៍នៅប្រទេសថៃ បានផ្ញើជាសាច់ប្រាក់ចូលមកកម្ពុជាប្រមាណ៤៥លានដុល្លាក្នុងមួយឆ្នាំ ។ ប៉ុន្តែការលក់កម្លាំងពលកម្មទៅក្រៅប្រទេស បានធ្វើមានបញ្ហាសង្គមជាច្រើនកើតឡើង ក្នុងនោះមានដូចជា កង្វះពលកម្មក្នុងស្រុក ការបែកបាក់គ្រួសារ សាច់ញាតិត្រូវរស់នៅឆ្ងាយពីគ្នាជាដើម។

លើសពីនេះ ការចំណាកស្រុកយ៉ាងគគ្រឹកគគ្រេងបែបនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរង្គោះរង្គើ ពីព្រោះយុវជនដែលជាកម្លាំងស្នូលសម្រាប់អភិវឌ្ឍសង្គម ត្រូវបានធ្វើ ចំណាកស្រុកទៅធ្វើនៅប្រទេសដទៃស្ទើរគ្មានសល់។ ដូច្នេះ រដ្ឋាភិបាលកម្ពុជា គួរតែកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ ដោយបង្កើត ការងារនៅក្នុងស្រុកតាមរយៈ ការជំរុញកំណើនវិនិយោគលើវិស័យកសិកម្មដូចជា បង្កើតរោងចក្រកែច្នៃ ការបណ្តុះបណ្តាលឲ្យពលរដ្ឋមានចំណេះដឹងលើបច្ចេកទេសកសិកម្ម និងកែប្រែប្រព័ន្ធធារាស្ត្រឲ្យមានលក្ខណៈទំនើបជាដើម។

ការបង្កើនការងារដាំដុះឡើងវិញ នឹងជួយធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសបៃតង និងមានផលិតផលកសិកម្មចម្រុះ ដើម្បីបម្រើសេចក្តីត្រូវការនៅក្នុងស្រុក និងធ្វើការនាំចេញទៅលក់លើទីផ្សារអន្តរជាតិ។ លើសពីនេះ វិស័យនេះ មិនត្រឹមតែបង្កើតការងារដល់ពលរដ្ឋ និងកាត់បន្ថយចលនាចំណាកស្រុកនោះទេ។ ប៉ុន្តែការនាំចេញផលិតផលកសិកម្មនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ បានមួយចំណែកធំផងដែរ៕

website_news/2015161101.txt · Last modified: 2017/03/20 12:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki