website_news:2015161102

ការបង្ខិតបង្ខំ, ទាល់ច្រក, ក្រីក្រ និងចាញ់បោកមេខ្សល់ រុញច្រាននារីខ្មែរឲ្យប្រកបរបររកស៊ីផ្លូភេទ

(http://www.thmeythmey.com ចុះផ្សាយនៅថ្ងៃ 14-11-2015, 5:19 pm)

ភ្នំពេញ៖ មានឈ្មោះជានារីរកស៊ីផ្លូវភេទ មិនមែនមានកេរ្តិ៍ឈ្មោះល្អប៉ុន្មានឡើយ។ សង្គមខ្មែរមិនបាន ផ្តល់តម្លៃដល់មុខរបរប្រភេទនេះនោះទេ ពីព្រោះ មុខរបរនេះ បានដើរបញ្ច្រាសទៅនឹងទំនៀមទម្លាប់ខ្មែរ ដែលឲ្យតម្លៃលើភាពបរិសុទ្ធ(ព្រហ្មចារី)របស់ស្ត្រីមុនពេលរៀបការ។ តើហេតុអ្វីបានជានារីខ្មែរមួយចំនួនប្រកបរបរដែលសង្គមមិនឲ្យតម្លៃ នេះទៅវិញ? ប្រពៃណីទំនៀមទម្លាប់នៃភាពខ្មាសអៀនរបស់នារីខ្មែរ បានបង្កើតឲ្យមានផ្នត់គំនិតស្អប់ខ្ពើមអ្នករកស៊ីផ្លូវភេទ ពីព្រោះមុខរបរនេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ស្ត្រីខ្មែរជាទូទៅ។

លើសពីនេះ អ្នករកស៊ីផ្លូវភេទ គឺជាដើមហេតុនៃការចម្លងមេរោគអេដស៍ កាមរោគ និងជំងឺដទៃទៀត ដែលអាចឆ្លងតាមរយៈការរួមភេទ។ ហេតុផលនេះហើយទើបបណ្តាលឲ្យ អ្នករកស៊ីផ្លូវភេទភាគច្រើន មិនបានធ្វើការងារនេះ ដោយពេញមុខពេញមាត់នៅក្នុងសង្គមនោះ ពោល គឺពួកគេ ច្រើនតែធ្វើការនេះដោយលួចលាក់ និងលាក់បាំងភ្នែកមហាជន។ ម្យ៉ាងទៀត មុខរបរនេះ គឺជាមុខរបរខុសច្បាប់នៅក្នុងសង្គមកម្ពុជា។ ការរកស៊ីផ្លូវភេទនៅកម្ពុជា មានច្រើនរូបភាពណាស់។ នារីខ្លះរកស៊ីដោយខ្លួនឯង ពោលគឺនៅតាមសួនច្បារសាធារណៈ ឬភ្លើងស្តុបនានា។ ឯនារីខ្លះទៀតរកស៊ីនៅក្នុងផ្ទះបន តែម្តង។ ចំណែកនារីមួយចំនួនទៀត ពួកគេរកស៊ីផ្លូវភេទដោយបាំងមុខក្នុងសេវាកម្សាន្តដូចជា ខារ៉ាអូខេ បៀហ្គាឌិន ម៉ាស្សា ស្ទីម កោសខ្សល់ ឬកន្លែងកម្សាន្តផ្សេងៗ។

ចំណែកឯនារីខ្លះទៀត បានរកស៊ីលាក់មុខស្ងាត់ៗ ដោយទៅគេងជាមួយភ្ញៀវតាមរយៈទំនាក់ទំនងតាមទូរសព្ទ ឬតាមរយៈឈ្មួញកណ្តាល(អ្នកគក់ជេរ)។ អ្នករកស៊ីផ្លូវភេទនៅក្នុងសង្គមខ្មែរ មានតាំងពីនារីធម្មតា រហូតដល់តារាចម្រៀង និងតារាសម្តែងខ្លះ។ លក្ខណៈខុសគ្នា គឺនៅត្រង់ថា អ្នកខ្លះ ចេញមុខ រីឯអ្នកខ្លះទៀត លាក់មុខប៉ុណ្ណោះ។ តើមានមូលហេតុអ្វីដែលបណ្តាលឲ្យស្ត្រីខ្មែរធ្លាក់ខ្លួនក្លាយជា នារីរកស៊ីផ្លូវភេទ? ផ្អែកលើការសិក្សាមួយចំនួន មានបុព្វហេតុមួយចំនួនដែលធ្វើឲ្យពួកគេ ប្រកបមុខរបរនេះ៖

១) ចាញ់បោកមេខ្សល់ទុច្ចរិតដែលប្រើការលួងលោមក្មេងស្រីៗនៅជនបទ ដោយសន្យារកការងារដែលមានប្រាក់ខ្ពស់ ឬសន្យាបែបនេះឬបែបនោះ ហើយពួកគេក៏នាំក្មេងស្រីទាំងនោះ ទៅលក់ឲ្យជនបរទេសឬមេបនក្នុងស្រុក។

២) នារីខ្លះដោយមានជីវភាពក្រីក្រខ្លាំងពេក ហើយដើម្បីលុបបំបាត់ជំងឺអត់ឃ្លាននៅក្នុងគ្រួសារ ពួកគេក៏បានសម្រេចចិត្តទៅប្រកបមុខរបរនេះ បើទោះបីជាដឹងថា សង្គមមិនបានផ្តល់តម្លៃក៏ដោយ ប៉ុន្តែមុខរបរនេះអាចជាជម្រើសចុងក្រោយ និងរកប្រាក់បានច្រើន។ ជាក់ស្តែងដោយសារតែភាពក្រីក្រធ្វើឲ្យស្ត្រីអ្នកភូមិបុរីកីឡាខ្លះ ដែលត្រូវអាជ្ញាធរបណ្តេញចេញកាលពីឆ្នាំ២០១២ ត្រូវបង្ខំចិត្តរកស៊ីផ្លូវភេទនៅតាមសួនសាធារណៈក្នុងរាជធានីភ្នំពេញ ។

៣)បញ្ហាអត់ការងារធ្វើដែលមានប្រាក់បៀវត្សរ៍សមរម្យ៖ នៅកម្ពុជា មានការងារជាច្រើនសម្រាប់នារីខ្មែរ ប៉ុន្តែអ្វីដែលធ្វើឲ្យនារីខ្លះមិនចង់ធ្វើនោះ គឺដោយសារប្រាក់ខែតិច ដែលមិនអាចទ្រង់ទ្រងនឹងជីវភាពប្រចាំថ្ងៃបាន។ ការចំណាកស្រុកទាំងស្របច្បាប់និងខុសច្បាប់ ទៅប្រទេសថៃជាង៨០ម៉ឺននាក់ជាឧទាហរណ៍ជាក់ស្តែងស្រាប់។ ហេតុផលនេះហើយ ទើបបណ្តាលឲ្យនារីមួយចំនួន លោតចូលក្នុងមុខរបរ ដែលអាចរកចំណូលបានច្រើនដូចជា ខារ៉ាអូខេ បា បៀហ្គាឌិន និងអាចឈានចូលរបររកស៊ីផ្លូវភេទតែម្តង។

៤) អំពើហិង្សាក្នុងគ្រួសារដែលបណ្តាលឲ្យខ្វះភាពកក់ក្តៅ។ កូនស្រីខ្មែរមួយចំនួនបានរត់គេចចេញពីផ្ទះទាំងមិនដឹងគោលដៅទៅណា ហើយទីបំផុតក្មេងស្រីទាំងនោះ ត្រូវបានធ្លាក់ខ្លួនជានារីរកស៊ីផ្លូវដោយសារមនុស្សអាក្រក់មួយ ចំនួនលួងលោមយកទៅលក់។

៥) នារីខ្លះចាញ់បោកសង្សារ បណ្តាលឲ្យអស់ភាពបរិសុទ្ធ ហើយយកទៅលក់បន្តឲ្យមេបន ឬលក់ឲ្យតាៗ ដែលមានប្រាក់។

៦) ដោយសារតែបុគ្គលផ្ទាល់ខ្លួនចង់មានភាពហ៊ឺហា ឬចង់ក្លាយជាតារា មានសម្ភារល្អៗសម្រាប់បង្អួតគេឯង ដើម្បីដើរឲ្យទាន់សម័យនឹងគេ។ នារីខ្លះបានស្ម័គ្រចិត្តលក់ភាពបរិសុទ្ធរបស់ខ្លួន។ ឧទាហរណ៍ជាក់ស្តែងធ្លាប់បានបង្ហាញថា ម្ចាស់ហាងមួយចំនួនត្រូវបានតុលាការ ចាប់ខ្លួន ពីបទជួញដូរផ្លូវភេទដោយនាំតារាឬក្មេងស្រីព្រហ្មចារីទៅលក់ឲ្យអ្នកមានលុយនៅតាមសណ្ឋាគារ និងផ្ទះសំណាក់។

ដូច្នេះ ការរកស៊ីផ្លូវភេទនៅកម្ពុជា បានកើតឡើងព្រោងព្រាតភាគច្រើនបំផុតគឺមិនមែនដោយសារបុគ្គលនោះទេ តែជាការបង្ខិតបង្ខំចិត្ត ភាពទាល់ច្រក ភាពក្រីក្រីតោកយ៉ាក និងការចាញ់បោកមេខ្សល់ជាដើម។ មានករណីតិចតួចណាស់ដែលស្ត្រីខ្មែរ ចង់រកស៊ីផ្លូវភេទដើម្បីស្រវ៉ាមានស្រវ៉ាបាននោះ ព្រោះសង្គមខ្មែរមិនបានឲ្យតម្លៃនៅមុខរបរប្រភេទនេះទេ។ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គួរតែទប់ស្កាត់បញ្ហាឆបោក ឬជួញដូរផ្លូវភេយ៉ាងអនាធិបតេយ្យនេះ។

អាជ្ញាធរគួរតែតាមប្រមាញ់ជនល្មើស ដែលបានបោកប្រាស់នារីក្មេងៗមកលក់ដូរនៅលើទីផ្សារកម្ពុជា ពីព្រោះជនទាំងនេះ បាននិងកំពុងបំផ្លាញសុភមង្គលគ្រួសារខ្មែរ និងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ ជាពិសេសកិតិ្តយសស្ត្រីខ្មែរទូទាំងប្រទេស៕

website_news/2015161102.txt · Last modified: 2017/03/20 12:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki