website_news:2015161103

ប្រជាជនកូរ៉េខាងត្បូង ប្ដឹងរដ្ឋាភិបាលពីបទធ្វើទាសភាព នៅកសិដ្ឋានស្រែអំបិល

( http://kampucheathmey.com/kpt ថាលីយ៉ាន15/11/2015 10:33 am )

បុរស ៨នាក់ ដែលត្រូវបានឃុំខ្លួនឲ្យធ្វើជាទាសករ នៅកសិដ្ឋានអំបិល នៅកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនឆ្នាំមកនេះ បានប្ដឹងរដ្ឋាភិបាលទៅតុលាការ កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ពីបទធ្វេសប្រហែស និងភាពអសកម្មរបស់ប៉ូលិស ដែលពួកគេបាននិយាយថា ជាមូលហេតុដ៏សំខាន់ និងដែលបានពន្យារពេលការរងទុក្ខវេទនារបស់ពួកគេនោះ។ នៅក្នុងពាក្យបណ្ដឹងដែលដាក់ជូនតុលាការស្រុក Central District Court នៅទីក្រុងសេអ៊ូល មេធាវីបានទាមទារប្រាក់សំណង ចំនួន ៣០លានវ៉ុន (២៥,៨៦០ ដុល្លារ) សម្រាប់មនុស្សម្នាក់ៗ ពីរដ្ឋាភិបាលកណ្ដាល និងស្រុកពីរនៅកោះជាកន្លែងដែលកសិដ្ឋានតាំងនៅ។

ដើមបណ្ដឹងមានកម្រិតពិការភាពខុសៗគ្នា និងត្រូវបានយកធ្វើជាទាសករ នៅកោះនានា នៅទីជនបទ នៅឆ្នេរសមុទ្រភាគនិរតីប្រទេសកូរ៉េខាងត្បូង អស់រយៈពេល ២០ ឆ្នាំមកហើយ។ ទាសករជាង ៦០នាក់ ដែលពួកគេភាគច្រើនមានជំងឺផ្លូវចិត្ដ ត្រូវបានជួយសង្គ្រោះពីកោះទាំងនោះ បន្ទាប់ពីការស៊ើបអង្កេតមួយដឹកនាំដោយប៉ូលិស នៅដីគោក កាលពីដើមឆ្នាំនេះ។ ទាសភាពត្រូវបានបញ្ចេញឲ្យដឹង កាលពីប៉ុន្មានសប្ដាហ៍មុននេះ នៅពេលដែលមន្ដ្រីប៉ូលិសពីរនាក់មកពីក្រុងសេអ៊ូល បានទៅដល់កោះ Sinui និងបានជួយសង្គ្រោះទាសករម្នាក់ក្នុងចំណោមទាសករទាំងអស់ ដែលត្រូវបានរាយការណ៍ដោយគ្រួសាររបស់គាត់ថា គាត់បានបាត់ខ្លួននោះ។

ម្ចាស់កសិដ្ឋាន និងមេខ្យល់ជាច្រើននាក់ ត្រូវបានចោទប្រកាន់ ប៉ុន្ដែពុំមានប៉ូលិសក្នុងតំបន់ ឬក៏មន្ដ្រីត្រូវដាក់ទោសនោះទេ បើទោះបីជាមានការធ្វើសម្ភាសន៍ជាច្រើន ដែលនៅក្នុងនោះជនរងគ្រោះបាននិយាយថា ពួកគេមួយចំនួនបានដឹងអំពីទាសករនេះ និងថែមទាំងបញ្ឈប់ការប៉ុនប៉ងរត់គេចខ្លួនរបស់ទាសករនោះទៀតផង។ ករណីរំលោភបំពានគួរឲ្យបារម្ភ ការបង្ខាំងមនុស្ស និងការត់ពន្ធមនុស្សត្រូវបានលើកមកជាគោលសំខាន់នៅក្នុង ការស៊ើបអង្កេតមួយដ៏យូររាប់ខែ ដោយទីភ្នាក់ងារសារព័ត៌មាន Associated Press (AO) ចុះផ្សាយកាលពីដើមឆ្នាំនេះ ដែលបានបង្ហាញថា អំពើទាសភាពបានកើនឡើងនៅក្នុងបណ្ដាកោះទាំងឡាយ និងទំនងជានឹងបន្ដធ្វើដូច្នេះទៀត ប្រសិន បើពុំមានការព្យាយាមទប់ឲ្យបានខ្លាំងក្លា ពីរដ្ឋាភិបាលទេនោះ។

លោក Choi Jung Kyu មេធាវីម្នាក់នៅក្នុងចំណោមមេធាវីជាច្រើននាក់ ស្ថិតនៅពីក្រោយពាក្យបណ្ដឹងនេះបាននិយាយថា លោកបាននិងកំពុងតែរំពឹងថា ការតស៊ូដ៏លំបាកនៅក្នុងតុលាការ អំពីការប្ដឹងទារសំណងការខូចខាត ប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងករណីរំលោភសិទ្ធិមនុស្សនោះ គឺកម្រទទួលបានជោគជ័យណាស់នៅកូរ៉េខាងត្បូង។ លោក Choi បានបន្ដថា សំខាន់គឺដោយសារច្បាប់របស់កូរ៉េខាងត្បូង ដាក់បន្ទុកភស្ដុតាងទាំងស្រុងទៅលើដើមបណ្ដឹងនៅក្នុងករណីមិនមែនជា បទល្មើសព្រហ្មទណ្ឌ។

លោក Choi បានបន្ថែមថា វាមានជាការលំបាក ដោយសារតែយើងពឹងផ្អែ ជាសំខាន់ទៅលើអ្វី ដែលដើមបណ្តឹងរបស់យើង បានប្រាប់យើង ខណៈពេលដែលចុងចម្លើយ គឺរដ្ឋាភិបាលមានព័ត៌មានទាំងអស់ដើម្បីបង្ហាញករណីនេះ និងអាចត្រូវបានបង្ខំពួកគេឲ្យបោះបង់ចោលការប្ដឹងផ្ដល់នេះទៀតផង។ លោក Choi បានបន្ដទៀតថា ដោយមិនគិតអំពីលទ្ធផលនោះ ការប្ដឹងផ្ដល់នេះគឺមានសារៈសំខាន់ណាស់ ពីព្រោះវានឹងបង្កើនការយល់ដឹង និងដាក់សម្ពាធទៅលើរដ្ឋាភិបាល ដើម្បីឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីការពារជនងាយរងគ្រោះ ពីការជួញដូរមនុស្ស និងពីអំពើទាសភាព។

ទាសករ ដែលត្រូវបានជួយសង្គ្រោះភាគច្រើនគឺជាជនពិការ និងជាមនុស្សអស់សង្ឃឹមពីការរស់នៅ ក្នុងទីក្រុងទាំងឡាយនៅកូរ៉េខាងត្បូង ដែលត្រូវបានអូសទាញដោយអ្នកប្រមាញ់នៅកោះនានា និងមេខ្យល់ និងត្រូវបានជួលដោយម្ចាស់កសិដ្ឋានអំបិល ដែលបានវាយធ្វើបាបពួកគេឲ្យធ្វើការរាប់ម៉ោង ដែលជាការងារប្រើកម្លាំងខ្លាំង និងបានបង្ខាំងពួកគេនៅក្នុងផ្ទះរបស់ខ្លួនរាប់ឆ្នាំ ដោយផ្ដល់ប្រាក់ខែបន្ដិចបន្ដួច ឬក៏ពុំផ្ដល់ប្រាក់ខែឲ្យនោះ៕

website_news/2015161103.txt · Last modified: 2017/03/20 12:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki