website_news:2015181101

ពលករខ្មែរ១៤នាក់ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួននៅខេត្តស្រះកែវ

(http://kampucheathmey.com/kpt 18/11/2015 1:54 pm)

បាត់ដំបង ៖ ពលករខ្មែរមួយក្រុម ដែលបានលបចូល ទៅក្នុងទឹកដីថៃ ដើម្បីប្រកបរបរកាប់ឈើគ្រញូង ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនបានចំនួន១៤នាក់ ដោយឡែកអ្នកដែលនៅសេសសល់ចំនួន១៦នាក់ទៀត បានរត់គេចខ្លួនបានស្រមោលអស់ ហើយ បន្ទាប់ពីពួកគេបាននឹងកំពុងធ្វើសកម្មភាពកាប់ឈើគ្រញូងនៅក្នុង សួនឧទ្យានជាតិ ដែលជាតំបន់ហាមឃាត់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣៥នាទីព្រឹក ត្រង់ចំណុចសួនឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងស្រុកផាតាណានុខន ខេត្តស្រះកែវ ប្រទេសថៃ ដោយពលករសរុបមានចំនួន៣០នាក់ ដោយក្នុងនោះមនុស្សចំនួន១៤នាក់ត្រូវបានឃាត់ខ្លួន។

ប្រភពពីប្រទេសថៃ បានឲ្យកម្ពុជាថ្មីដឹងថា ពលករទាំងនេះភាគច្រើន គឺលបចូលតាមច្រករបៀងនៃខេត្តបន្ទាយមានជ័យ ហើយខ្លះទៀត ក៏ចូលតាមព្រំដែនខេត្តបាត់ដំបងផងដែរដែលច្រើនតែមានមេខ្យល់ជា អ្នកដឹកនាំទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃនេះ ព្រោះកន្លងមកក៏មានពលករមួយចំនួនហើយដែលបានចាញ់បោកមេខ្យល់ ព្រោះភាគច្រើន ក្រោយពេលកាប់រួចគេច្រើនតែឲ្យកម្លាំងសមត្ថកិច្ចថៃ ដេញចាប់ពេញព្រៃតែម្តង ដែលជាគន្លឹះមួយ ក្នុងការកេចំណេញប្រាក់ឈ្នួលពលកម្មដែរ។

លុះនៅព្រឹកថ្ងៃឃាត់ខ្លួនខាងលើ គឺកម្លាំងសមត្ថកិច្ចថៃបានឡោមព័ទ្ធសួនឧទ្យានជាតិតែម្តងដោយគេបាន ដឹងថា មានពលករខ្មែរឬច្រើននាក់ បានសំងំកាប់ឈើគ្រញូងនៅទីនោះ ទីបំផុតពលករចំនួន១៤នាក់ ក្នុងចំណោមពលករទាំង៣០នាក់ ត្រូវបានចាប់ខ្លួន ដើម្បីនាំយកទៅសាកសួរនៅស្នាក់ការរបស់គេ។ ក្នុងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចថៃនេះដែរ គឺកម្លាំង បានដកហូតសម្ភារៈ និងអាវុធមួយចំនួនដូចជា កាំភ្លើងខ្លីធុន២២មីល្លីម៉ែត្រចំនួន៤ដើម កាំភ្លើងធុន១១មីល្លីម៉ែត្រចំនួន១ដើម វិទ្យុទាក់ទងចំនួន៣គ្រឿង កញ្ឆាចំនួន២កញ្ចប់ គ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន២គ្រាប់ និងឈើគ្រញូងចំនួន៤៧កំណាត់ថែមទៀតផង។

បច្ចុប្បន្នពលករខ្មែរទាំង១៤នាក់ ត្រូវបានសមត្ថកិច្ចថៃ កំពុងធ្វើការសាកសួរ ដោយយើងមិនទាន់ទទួលបានូវឈ្មោះ និងអាសយដ្ឋានរបស់ពួកគេនោះឡើយ ដោយភាគីថៃមិនទាន់បានផ្តល់ឲ្យ ដោយឡែកខាងក្រុមទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក៏កំពុងខ្នះខ្នែងដើម្បីទាក់ទងទៅសមត្ថកិច្ចថៃដែរក្នុងគោលបំណងជួយ អន្តរាគមន៍ដល់ជនទាំងនោះ៕

website_news/2015181101.txt · Last modified: 2017/03/20 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki