website_news:2015191101

កុមារពីរនាក់នៅកំពង់ឆ្នាំងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម

(http://www.rfa.org/khmer/news 2015-11-18 )

ម្ដាយមីងរបស់ក្មេងទាំងពីរនាក់ដែលរងការប្ដឹង គឺអ្នកស្រី ប៉ិច ច័ន្ទថុល ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៥។ បណ្ដឹងព្រហ្មទណ្ឌ និងជម្លោះពាក្យសម្ដីរវាងគ្រួសារក្មេងអាយុក្រោម ១៥ឆ្នាំពីរនាក់នៅខេត្តកំពង់ឆ្នាំង ជាមួយភាគីអ្នកមានលុយមួយគ្រួសារនៅរាជធានីភ្នំពេញ បានកើតឡើងជាបន្តបន្ទាប់ ដោយសាររឿងដណ្ដើមយកក្មេងទាំងពីរទៅគ្រប់គ្រង។ មន្ត្រីសិទ្ធិមនុស្ស និងគ្រួសាររបស់ក្មេងរិះគន់ភាគីម្ខាងទៀត ថាមានចេតនាដណ្ដើមយកក្មេងទៅឲ្យបម្រើ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ក្រុមគ្រួសារកុមារីឈ្មោះ ឈៀង មាលា និងកុមារា ឈៀង ភក្ដី ឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ថា ពួកគាត់ត្រូវឈ្មោះ សាន់ ប៊ុន្នី និងម្ដាយឈ្មោះ ស៊ឹម ណេង ប្ដឹងចោទទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ពីបទប៉ុនប៉ងមនុស្សឃាតដែលប្រព្រឹត្តនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា។ ប៉ុន្តែគ្រួសារក្មេងអះអាងថា រឿងរ៉ាវកើតឡើងដោយសារឈ្មោះ សាន់ ប៊ុន្នី ជិះម៉ូតូទៅប៉ះកុមារាភក្ដី។

ម្ដាយមីងរបស់ក្មេងទាំងពីរនាក់ ដែលជាជនសង្ស័យម្នាក់ក្នុងសំណុំរឿងនេះ គឺអ្នកស្រី ប៉ិច ច័ន្ទថុល រៀបរាប់ថា កាលពីជាងមួយសប្ដាហ៍មុនបងបង្កើតរបស់ក្មេងគឺអ្នកស្រី ឈៀង តាំងអ៊ី បានយកប្អូនមកផ្ញើគាត់ដែលជាម្ដាយមីងស្នាក់នៅបណ្ដោះអាសន្ន បន្ទាប់ពីមានរឿងជាមួយគ្រួសារលោក សាន់ ប៊ុន្នី។

អ្នកស្រីថា ពេលហេតុការណ៍កើតឡើងនេះអាចលោក សាន់ ប៊ុន្នី ចង់ចាប់ក្មេងនោះយកទៅនៅជាមួយវិញ៖ «ក្មេងរត់នៅប្រាប់ខ្ញុំថា មីងៗ ជួយខ្ញុំផង មានគេចង់ចាប់ខ្ញុំ ថាអ៊ីចឹង! រួចខ្ញុំថា នរណាចង់ចាប់អ្ហែង? គេរកចាប់ខ្ញុំឈ្មោះស្គាល់វាធ្លាប់នៅជាមួយ រួចខ្ញុំថា បើប៉ូលិសមកប្រាប់គេតាមដំណើរទៅព្រោះមីងអត់ស្គាល់ទេ។ ស្រាប់តែមួយសន្ទុះ ម៉ូតូវា (សាន់ ប៊ុន្នី) ត្រឡប់មកវិញ ហើយរួចនាំគ្នារត់ទៅមើល វាក៏បើកម៉ូតូរត់បាត់ទៅ មានបានតទល់គ្នាឯណា»។

វិទ្យុអាស៊ីសេរី មិនទាន់រកប្រភពទាក់ទងលោក សាន់ ប៊ុន្នី និងម្ដាយឈ្មោះ ស៊ឹម ណេង ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ក្រុមគ្រួសារក្មេងទាំងពីរបាននៅ ឡើយទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា។ ប៉ុន្តែនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ខ្សាម លោក ជៀម វណ្ណរ៉ា ថ្លែងថា លោកបានទទួលពាក្យបណ្ដឹងនេះ តែមិនអាចដោះស្រាយបានដោយ លោក សាន់ ប៊ុន្នី ប្ដឹងទារជំងឺចិត្ត ២ពាន់ដុល្លារ ហើយលោកនឹងបញ្ជូនសំណុំរឿងទៅលើទៀត។

លោក ជៀម វណ្ណរ៉ា៖ «អ៊ីចឹងបានខ្ញុំថា ឥឡូវចាំខ្ញុំធ្វើឯកសារ ហើយខ្ញុំនឹងបញ្ជូនទៅប៉ូលិសព្រហ្មទណ្ឌក្រុង ដើម្បីឲ្យគេចាត់ការ បើប៉ូលិសក្រុងចាត់ការអត់បាន គេបញ្ជូនទៅខេត្តទៀត តាមខ្សែបណ្ដោយខាងប៉ូលិស។ បើទៅដល់ខេត្តអត់ដោះស្រាយបានទៀត អាហ្នឹងគេនឹងបញ្ជូនទៅតុលាការហើយ»។ ទាក់ទងបញ្ហានេះ គ្រួសាររបស់ក្មេងធ្លាប់ចោទអ្នកស្រី ស៊ឹម ណេង និងកូនប្រុសពីរនាក់ ថាបានប្រើលុយចំនួន ២០០ដុល្លារទៅឲ្យម្ដាយរបស់ក្មេង ហើយបង្ខំឲ្យផ្ដិតមេដៃប្រគល់កូនឲ្យខ្លួន។

ដោយកន្លងទៅអ្នកស្រី ស៊ឹម ណេង ឈ្មោះ សាន់ ប៊ុន្នី ហៅម៉ាំងបានបង្ខំឲ្យក្មេងដើរលក់ម្ជូរតាមហាង និងផ្លូវនានានៅក្នុងក្រុងភ្នំពេញ ដោយមិនឲ្យរៀនសូត្រ។ តាមចម្លើយរបស់ក្មេងបញ្ជាក់ថា គ្រួសារអ្នកស្រី ស៊ឹម ណេង ដែលបច្ចុប្បន្នមានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង បានប្រើរូបភាពដូចគ្នានេះ ដើម្បីនាំយកក្មេងទៅឲ្យរស់នៅជាមួយកូនខ្លួននៅភ្នំពេញ ហើយតែងតែរករឿងចំពោះសាច់ញាតិរបស់ក្មេងដែលចង់បានកូន ឬប្អូនមកវិញ។

មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្ដកំពង់ឆ្នាំង លោក សំ ច័ន្ទគា ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពន្លឿននីតិវិធីចាត់វិធានការចំពោះ គ្រួសារអ្នកស្រី ស៊ឹម ណេង ដែលអាចជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារនោះ។ លោកថា ភាគីអ្នកស្រី ស៊ឹម ណេង មានចេតនាចាប់ក្មេងទៅនៅជាមួយវិញ ហើយបង្កជារឿងហេតុប្ដឹងចោទក្រុមគ្រួសាររបស់ក្មេងតាមអំពើចិត្ត៖ «ខ្ញុំ យល់ថា ការដែលបង្កឲ្យជម្លោះជាថ្មីនេះ គឺដោយសារភាគីជនល្មើស (លោក សាន់ ប៊ុន្នី) មានចេតនាចាប់ពង្រត់កុមារទាំងពីរនេះ ត្រឡប់ទៅវិញ»។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ បងស្រីរបស់ក្មេងទាំងពីរនាក់ គឺអ្នកស្រី ឈៀង តាំងអ៊ី បានដាក់បណ្ដឹងមួយទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យជួយ អន្តរាគមន៍រឿងអ្នកស្រី ស៊ឹម ណេង និងកូនប្រុសពីរនាក់ទៀត ដែលបានបង្ខំឲ្យក្មេងតូចៗដើរលក់ម្ជូរ និងធ្វើបាបមិនឲ្យរៀនសូត្រ ហើយថែមទាំងប្ដឹងអ្នកស្រីជាបងស្រីរបស់ក្មេងទៀត។ ក្រោយមក គឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ចាប់ផ្ដើមធ្វើកំណត់ហេតុបំភ្លឺពីក្រុមគ្រួសាររបស់ក្មេង និងស៊ើបអង្កេត៕

website_news/2015191101.txt · Last modified: 2017/03/20 12:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki