website_news:2015211001

ពលករខ្មែរ ចាញ់បោកមេខ្យល់ស៊ីឈ្នួលកាប់ឈើគ្រញូងនៅថៃ បានវិលត្រលប់ដល់ផ្ទះវិញហើយ

( http://www.cen.com.kh ថ្ងៃទី 20 តុលា 2015, ម៉ោង 05:51:PM )

បន្ទាយមានជ័យ: ពលករខ្មែរខុសច្បាប់ ដែលចាញ់បោកមេខ្យល់ខ្មែរថៃ អោយកាប់ឈើក្រញូង នៅខេត្តប្រាជីនបូរី ប្រទេសថៃ នៅពេលនេះ បានមកផ្ទះនៅកម្ពុជាវិញហើយ កាលពីចុងសប្តាហ៍មុន ក្នុងខែតុលា ឆ្នាំ២០១៥នេះ។ ក្រុមពលករអះអាងថា ពួកគាត់ បានចាញ់បោកមេខ្យល់ខ្មែរ និងថៃ ដែលបាននាំទៅកាប់ឈើគ្រញូងតាមព្រៃភ្នំ នៅក្នុងព្រំដែនថៃ។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ អោយដឹងថា ពលករខ្មែររងគ្រោះនោះ មាន ២៩នាក់ ក្នុងចំណោម ៣៤ នាក់ បានជ្រៀតចេញតាមច្រករបៀង ក្នុងស្រុកស្វាយចេក ត្រូវបានមេខ្យល់នាំទៅស៊ីឈ្នួលកាប់ឈើគ្រញូង នៅខេត្តប្រាជីនបូរី ប្រទេសថៃ។ ពលករទាំងនោះ ត្រូវបានបញ្ជូនត្រឡប់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរនិយាយថា ខណ:ពួកខ្លួន ចុះពីរថយន្ត ក៏ដឹងថា ចាញ់បោកមេខ្យល់ (ឈ្មួញ ) គឺគ្រាន់នាំគ្នាចុះពីលើភ្នំ ក៏រកផ្លូវមកផ្ទះ តែត្រូវសមត្ថកិច្ចថៃ ព័ទ្ធចាប់ និងក៏មានប្រើហិង្សាខ្លះ ហើយបញ្ជូនពួកគាត់ ដាក់គុកអស់ ១យប់ ១ថ្ងៃ ទើបបញ្ជូនមកព្រំដែន។ សូមបញ្ជាក់ថា ពលករទាំងនោះ មាន ១៣នាក់ មកពីខេត្តសៀមរាប ៨នាក់ មកពីខេត្តឧត្តរមានជ័យ និង ៨នាក់ មកពីខេត្តកំពង់ធំ៕

website_news/2015211001.txt · Last modified: 2017/03/17 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki