website_news:2015211002

អធិការនគបាលស្រុកកូនមុំ បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទៅសាលាដំបូងខេត្ត

http://www.cen.com.kh ថ្ងៃទី 20 តុលា 2015, ម៉ោង 05:45:PM )

រតនគិរី: ជនសង្ស័យ ២នាក់ បាននាំយកក្មេងប្រុស ៨នាក់ ពីខេត្តរតនគិរី ទៅខេត្តក្រចេះ ត្រូវបានអធិការនគបាលស្រុកកូនមុំ ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត។ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ អធិការនគបាលស្រុកកូនមុំ បានបញ្ជូនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីនាំក្មេងប្រុសក្រោមអាយុ១៥ ឆ្នាំ ពីខេត្តរតនគិរី ទៅខេត្តក្រចេះ ដោយឪពុកម្ដាយក្មេងពុំបានដឹង។ ជនទាំងពីរនាក់នោះ ១.ឈ្មោះ ផៃ ភឹម ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបូរាណ និងឈ្មោះ ជិន គឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរជាបងប្អូនជីដូនមួយនឹងគ្នា មានលំនៅភូមិល្បាំង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

ពាក់ព័ន្ធករណីនេះ លោក ទូច ផល្លី នាយប៉ុស្ដិ៍នគបាល ឃុំតាអង ស្រុកកូនមុំ បានឲ្យដឹងថា ក្រោយពីឪពុកម្ដាយក្មេង បានដាក់ពាក្យបណ្ដឹងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ មកប៉ុស្ដិ៍រដ្ឋបាលឃុំ លោកក៏បានចាត់ក្មេងម្នាក់ជាកម្លាំងបង្កប់ ក៏កំណត់បានមុខសញ្ញា និងភស្ដុតាង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ព្រមទាំងរថយន្ដសាំយុង ពណ៌សំបកឪឡឹក មួយគ្រឿង ដែលដឹកក្មេងប្រុស៣នាក់ទៀតចេញដំណើរពីខេត្តរតនគិរី ទៅខេត្តក្រចេះ ក៏ប៉ុន្តែដោយស៊ើបសួរទៅ រថយន្ត និងម្ចាស់រថយន្តជាអ្នករត់តាក់ស៊ី ពុំមានពាក់ព័ន្ធករណីនេះលោកក៏ឲ្យគេទៅវិញទៅ ។

លោកបន្តទៀតថា ជនសង្ស័យទាំងពីរបានឆ្លើយថា គាត់មានគោលបំណងនាំក្មេងទាំងនេះទៅវត្ត ភូមិអូរឫស្សី ខេត្តក្រចេះ ដើម្បីបំបួស និងបានរៀនសូត្រនឹងគេ ហើយលោកមេប៉ុស្ដិ៍ក៏បានទូរស័ព្ទទៅចៅអធិការវត្តអូរឫស្សី តេជគណ ក៏បានប្រាប់ថា ក្មេងទាំងនេះពិតជាបំរុងមកបំបួសនៅវត្តនេះមែន ។

អ្នកស្រី កែវ ដាវី ស្នងការរងនគបាលខេត្តរតនគិរី ទទួលបន្ទុកផ្នែកជួញដូរ និងការពារអនីតិជន បានឲ្យដឹងផងដែរថា ពាក់ព័ន្ធករណីនាំក្មេងក្រោមអាយុ ១៥ឆ្នាំ ចេញពីភូមិដ្ឋានដោយអាណាព្យាបាលពុំបានដឹងនេះ បើតាមច្បាប់គាត់ត្រូវមានទោសហើយ បើទោះជាគាត់មានបំណងល្អយ៉ាងណាក៏ដោយ ។ គួរបញ្ជាក់ថា ជនសង្ស័យពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅស្រុកកូនមុំ ខណៈដែលពួកគាត់បាននាំក្មេងប្រុសបីនាក់ ចេញពីភូមិល្បាំង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ជិះរថយន្តសាំយុងទៅខេត្តក្រចេះ ចំណែកក្មេងប្រុស៥នាក់ទៀត គាត់បានបញ្ជូនតាមរថយន្តតាក់ស៊ីទៅវត្តភូមិអូរឫស្សី ខេត្តក្រចេះមុនមួយថ្ងៃ គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សរុបទៅស្មើនឹង៨នាក់ ៕

website_news/2015211002.txt · Last modified: 2017/03/17 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki