website_news:2015211003

អាជ្ញាធរថៃនឹងបញ្ជូនយុវតីខ្មែរដែលចាញ់បោកមេខ្យល់មកស្រុកខ្មែរវិញនៅថ្ងៃស្អែក

( http://www.rasmeinews.com ថ្ងៃទី 21 តុលា 2015 ម៉ោង 10:12:AM )

ថៃ: អ្នកនាំពាក្យក្រសួង ការបរទេសលោក ជុំ សុន្ទរី បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែតុលានេះថាអាជ្ញាធរថៃបាន យល់ ស្របតាមសំណើរបស់កម្ពុជា ហើយបាននាំយកយុវតីខ្មែរទាំង៦នាក់នោះមករក្សាទុកនៅមជ្ឈមណ្ឌលគាំពារ និងអភិវឌ្ឍន៍វិជ្ជាជីវៈ Kredtrakarn មានទីតាំង នៅខេត្ត Nonthaburi នឹងរៀបចំបញ្ជូនយុវតីទាំងនោះមកកាន់កម្ពុជាវិញនៅថ្ងៃទី ២២ ខែ តុលា វេលាម៉ោង ១១:៣០ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ដោយឡែកជនរងគ្រោះពីរនាក់ផ្សេងទៀត នៅឥណ្ឌូនេស៊ីក៏នឹងមកដល់កម្ពុជានៅថ្ងៃទី២១ខែតុលានេះដែរ។

ប្រភពដដែលបានបញ្ជាក់ថាយុវតីខ្មែរចំនួន៦នាក់ដែលមានអាយុចាប់ពី ១៥-១៧ឆ្នាំ បានចាញ់បោកមេខ្យល់ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានប៉ូលិសថៃធ្វើការឃាត់ខ្លួននៅការដ្ឋានសំណង់ពីបទ ចូលប្រទេសថៃខុសច្បាប់ និងធ្វើការក្រោមអាយុអនុញ្ញាត។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដល់ស្ថានឯកអគ្គ- រាជទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ អោយទំនាក់ទំនងអន្តរាគមន៍ ទៅអាជ្ញាធរថៃស្នើ បញ្ជូនយុវតីខ្មែរទាំងនោះត្រឡប់មកកាន់កម្ពុជាវិញដោយសារអ្នកទាំងនោះ ជាអនិតិជន និងជា ជនរងគ្រោះពីការជួញដូរមនុស្ស។

អ្នកនាំពាក្យបានបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំ ដល់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ត្រូវសហការអោយបានល្អជាមួយភាគីថៃដើម្បី ជួយសំរួលដល់ដំណើរមាតុភូមិនិវត្តន៍របស់យុវតីខ្មែរទាំង៦នាក់នោះ។ ដោយឡែក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី បានសហការជាមួយអង្គការ អន្តោប្រវេសន៍អន្តរជាតិ(IOM) អន្តរាគមន៍ជួយពលករខ្មែររងគ្រោះចំនួន ២នាក់ មានឈ្មោះ ថុល តុលា និង អ៊ុក កុសល ក្នុងការធ្វើមាតុភូមិនិវត្តន៍ពីកោះ Ambon ខេត្ត Maluku ប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកម្ពុជាវិញដែរ ។ ពលករខ្មែររងគ្រោះ ទាំង២នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ២១ ខែ តុលា វេលាម៉ោង ១០:២០ តាមជើងយន្តហោះ MH 754 ៕

website_news/2015211003.txt · Last modified: 2017/03/17 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki