website_news:2015221001

កម្ពុជាស្នើឲ្យថៃ ផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករជាង ៩ ម៉ឺននាក់

(http://www.postkhmer.com Wed, 21 October 2015 )

ភ្នំពេញៈ នៅក្នុងជំនួបចំនួន ៣ កម្ពុជាបានស្នើឲ្យភាគីថៃផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករកម្ពុជា ជាង ៩ ម៉ឺននាក់ដែលមានលិខិតឆ្លងដែនរួចហើយខណៈដែលថៃបានយល់ព្រមទទួលយក សំណើរបស់កម្ពុជាក្នុងការបញ្ឈប់ការចាប់ខ្លួនពលករដែលកាន់ប័ណ្ណ ស្នាក់នៅបណ្តោះអាសន្ន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពី ម្សិលមិញ។ សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថាក្នុងឱកាសជួបពិភាក្សា ការងារចំនួន ៣ ជំនួបនាពេលថ្មីៗនេះរវាងលោក Sumet Mahosot អគ្គនាយកនៃអគ្គនាយកដ្ឋានមុខរបរថៃ និងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃកម្ពុជាបានស្នើឲ្យថៃ បញ្ឈប់ការចាប់ខ្លួនពលករខ្មែរដែលកាន់ប័ណ្ណស្នាក់នៅបណ្តោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ដែលទៅធ្វើការជាមួយនិយោជកថ្មីដោយគ្មានការយល់ព្រមពីនិយោជកចាស់ ដែលជាអ្នកធានាឲ្យស្នាក់នៅធ្វើការនៅថៃដោយឯកអគ្គរាជទូតកម្ពុជា បានលើកពីមូលហេតុថាការដែលពលករទៅធ្វើការជាមួយនឹងនិយោជកថ្មី ភាគច្រើនមកពីនិយោជកចាស់ពុំមានលទ្ធភាពផ្តល់ការងារឲ្យពលករធ្វើហើយ ពលករត្រូវការកម្រៃសមរម្យដើម្បីទ្រទ្រង់ជីវភាពរស់នៅ។

លោក Sumet Mahosot បានឯកភាពស្នើទៅសមត្ថកិច្ចប៉ូលិសថៃឲ្យឈប់ចាប់ខ្លួនពលករខ្មែរក្នុងករណីបែបនេះ។ ជាមួយគ្នានេះករណីពលករចំនួន ១១៧ នាក់ដែលក្រុមហ៊ុន Elite Manpower co., Ltd. បញ្ជូនទៅថៃតាមក្របខ័ណ្ឌ MOU ហើយបានរង់ចាំរយៈពេលជាងពីរសប្តាហ៍ដោយសារក្រុមហ៊ុន Sun Fuji (Thailand ) co.Ltd. ជាក្រុមហ៊ុនដៃគូគ្មានលទ្ធភាពផ្តល់ការងារធ្វើតាមកិច្ចសន្យាឯកអគ្គ រាជទូតកម្ពុជាបានស្នើក្រុមហ៊ុនថៃត្រូវទទួលខុសត្រូវក្នុងការ រ៉ាប់រងផ្តល់ម្ហូបអាហារ និងទីកន្លែងស្នាក់នៅដល់ពលករខ្មែរក្នុងអំឡុងពេលរង់ចាំការងារ សម្រាប់ករណីនេះ។ សេចក្តីប្រកាសព័ត៌មានបន្តថាពាក់ព័ន្ធនឹងការផ្តល់ប័ណ្ណការងារ កម្ពុជាស្នើភាគីថៃផ្តល់ប័ណ្ណការងារ(Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរចំនួន ៩១៨៥៤ នាក់ដែលមានលិខិតឆ្លងដែនរួចហើយ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរពីកិច្ចសហការរវាងក្រុម ការងារអន្តរក្រសួងកម្ពុជា និងមន្ទីរការងារខេត្តថៃដើម្បីជំរុញការចែកលិខិតឆ្លងដែនដល់ពលករ ខ្មែរឲ្យបានឆាប់រហ័ស។

អ្នកស្រី ស៊ិន ណាំយ៉ុង ប្រធានភូមិប៉ោយប៉ែតបានឲ្យដឹងថាជារៀងរាល់ថ្ងៃនៅតែមានពលករ កម្ពុជាត្រូវបានថៃបញ្ជូនត្រឡប់មកវិញឥតឈប់ឈរដោយសារការចូលទៅ ធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។ អ្នកស្រីថា៖ «ពលករខ្មែរមកវិញតាមច្រកប៉ោយប៉ែតស្ទើររាល់ថ្ងៃខ្លះមកធ្វើឯកសារស្របច្បាប់ហើយឡើងទៅវិញក៏មាន»។

លោក ចាន់ សាញ់ រស់នៅខេត្តព្រៃវែងដែលទើបតែវិលត្រឡប់មកពីធ្វើការនៅថៃបានឲ្យ ដឹងថាពលករមួយចំនួនមិនចង់ទៅតាមក្រុមហ៊ុននោះទេព្រោះធ្លាប់ចាញ់ បោកក្រុមហ៊ុនទើបពលករជាច្រើនចេះតែចង់ឆ្លងដែនខុសច្បាប់ទៅរកការ ធ្វើនៅថៃដោយខ្លួនឯង៕

website_news/2015221001.txt · Last modified: 2017/03/17 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki