website_news:2015221201

ក្រសួងការបរទេស ប្រកាសពីការជួយសង្គ្រោះពលករខ្មែរ ១៣ នាក់ នៅប្រទេសឥណ្ឌូនេស៊ី និងស្ត្រីម្នាក់ នៅប្រទេសម៉ាឡេស៊ី

(http://www.cen.com.kh/ ថ្ងៃទី 22 ធ្នូ 2015, ម៉ោង 10:05:AM) | ដោយ: លី សិលា

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសថា តាមការស្នើសុំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី អាជ្ញាធរឥណ្ឌូណេស៊ី បានដោះលែងពលករខ្មែរចំនួន ១០ នាក់ ដែលត្រូវបានឃាត់ខ្លួនរក្សាទុកនៅការិយាល័យអន្តោប្រវេសន៍ Tarempa នៃកោះ Riau ប្រទេសឥណ្ឌូណេស៊ី ក្នុងពេលអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ទូកនេសាទម៉ាឡេស៊ី ដែលបានចូលធ្វើនេសាទខុសច្បាប់ នៅក្នុងដែនទឹកឥណ្ឌូណេស៊ី ក្នុងពេលកន្លងមកនេះ។

លោក ជុំ សុន្ទរី បន្តថា ពលករខ្មែរទាំង ១០នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៧:៥០ ព្រឹក តាមជើងយន្តហោះ AK៥៣៦ តាមការរៀបចំរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អាជ្ញាធរអន្តោប្រវេសន៍ឥណ្ឌូណេស៊ី និងក្រុមហ៊ុនទូកនេសាទម៉ាឡេស៊ី។ ជាមួយគ្នានោះ លោក ជុំសុន្ទរី ក៏បានបន្តថា ក្នុងពេលជាមួយគ្នានេះដែរ តាមការអន្តរាគមន៍របស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី ពលករខ្មែររងគ្រោះចំនួន ៣នាក់ ដែលត្រូវបានគេជួញដូរទៅធ្វើការខុសច្បាប់ នៅប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានឃាត់ខ្លួនរក្សាទុកនៅកន្លែងឃុំឃាំងអន្តោប្រវេសន៍ នៃកោះ Riau ប្រទេសឥណ្ឌូណេស៊ី។ ពលករខ្មែររងគ្រោះទាំងនោះ ត្រូវបានដោះលែងហើយ នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៧:០០ ល្ងាច តាមជើងយន្តហោះ MH ៧៤០ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមការរៀបចំរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានោះ លោក ជុំ សុន្ទរី បន្តថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ឈ្មោះ ផេង សារិន រស់នៅភូមិតាម៉ុលក្រោម ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបានចាញ់បោកមេខ្យល់ យកទៅធ្វើការបំរើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៥ បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៥ តាមជើងយន្តហោះ AK៥៣៤ ។ តាមការអន្តរាគមន៍របស់ស្ថានទូត ថៅកែម៉ាឡេស៊ី បានយល់ព្រមបើកប្រាក់ខែឲ្យគ្រប់ចំនួន និងដោះស្រាយសំបុត្រយន្តហោះឲ្យពលការិនី ផេង សារិន៕

website_news/2015221201.txt · Last modified: 2017/03/20 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki