website_news:2015231101

លោកហ៊ុន សែន ចុះហត្ថលេខាលើអនុសញ្ញាអាស៊ានស្តីពីការប្រឆាំងការជួញដូរមនុស្ស

(http://vayofm.com 22-11-2015 2:42 pm )

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអោយដឹងតាមរយៈគេហទំព័រហ្វេស ប៊ុករបស់លោកថា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆកាឆ្នាំ២០១៥ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពេញ អង្គលើកទី ២៧រួចមក លោកហ៊ុន សែន និងប្រមុខដឹកនាំប្រទេសអាស៊ានទាំង១០ប្រទេសបានចុះហត្ថលេខារួមគ្នាលើអនុសញ្ញាអាស៊ាន ស្តីពីការប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារនិងផែនការសកម្មភាព អាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ចំណុចសំខាន់ៗ នៃសេចក្តីព្រាងអនុសញ្ញាអាស៊ាន ស្តីពីការប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ និងផែនការសកម្មភាពអាស៊ាន រួមមាន៖

១. សេចក្តីព្រាងអនុសញ្ញា ស្តីពីការប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ៖

ក. គោលបំណងនៃអនុសញ្ញានេះគឺដើម្បី៖

-ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ព្រមទាំង ធានានូវការដាក់ទណ្ឌកម្មប្រកបដោយយុត្តិធម៌ និងដ៏មានប្រសិទ្ធភាពលើអ្នកជួញដូរមនុស្ស

-ការពារ និងជួយសង្គ្រោះជនរងគ្រោះនៃការជួញដូរមនុស្ស ជាមួយការគោរពពេញលេញ ចំពោះសិទ្ធិមនុស្ស -ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាភាគី ដើម្បីឆ្លើយតបចំពោះគោលបំណងខាងលើ។

ខ.ភាគីនីមួយៗត្រូវរៀបចំឱ្យមានសេចក្តីណែនាំ និងនីតិវិធីថ្នាក់ជាតិ សម្រាប់ធ្វើអត្តសញ្ញាណកម្មជនរងគ្រោះនៃការជួញដូរមនុស្សឱ្យបានពេញលេញ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល។

គ.ក្នុងករណីដែលការជួញដូរមនុស្សកើតមានឡើងច្រើនជាងមួយប្រទេស ភាគីនីមួយៗត្រូវតែគោរព និងទទួលស្គាល់នូវការធ្វើអត្តសញ្ញាណកម្មនៃជនរងគ្រោះនៃការជួញដូរ មនុស្ស ដែលផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលកើតមានករណីជួញដូរ មនុស្ស។

ឃ.ភាគីនីមួយៗត្រូវអនុម័តច្បាប់ ឬចាត់វិធានការផ្សេងៗ តាមការចាំបាច់ ដើម្បីបញ្ជូនជនរងគ្រោះនៃការជួញដូរមនុស្សមកប្រទេសដើមវិញ ហើយបើក្នុងករណីចាំបាច់អាចស្នើកិច្ចសហការពីស្ថាប័នជាតិ ឬអន្តរជាតិ និងពីសំណាក់អង្គការក្រៅរដ្ឋាភិបាល។

២. ផែនការសកម្មភាព ស្តីពីការប្រឆាំងការជួញដូរមនុស្ស ជាពិសេស ស្ត្រី និងកុមារ៖

ក.ផែនការសកម្មភាព ស្តីពីការប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ មានគោលបំណងផ្តល់នូវផែនការសកម្មភាពជាក់លាក់ក្នុងក្របខ័ណ្ឌគោលនយោបាយ និងច្បាប់នៅក្នុងស្រុករបស់រដ្ឋសមាជិក អាស៊ាន ក៏ដូចជាកាតព្វកិច្ចអន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាប្រឈមថ្នាក់តំបន់ ដែលជាបញ្ហារួមសម្រាប់រដ្ឋសមាជិកអាស៊ានទាំងអស់ឱ្យមានប្រសិទ្ធភាព ក្នុងបញ្ហាសំខាន់ៗ ដូចជា៖

- ការបង្ការការជួញដូរមនុស្ស

- ការការពារជនរងគ្រោះ

- ការអនុវត្តន៍ច្បាប់ និងការកាត់ទោសលើឧក្រិដ្ឋកម្មជួញដូរមនុស្ស និង

- ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។

ខ. ពង្រឹងនីតិរដ្ឋ និងការគ្រប់គ្រងព្រំដែនរវាងរដ្ឋសមាជិកអាស៊ាន។

គ. ពង្រីកកិច្ចប្រឹងប្រែងដើម្បីកាត់ទោសនូវរាល់បទល្មើសទាក់ទងនឹងការជួញដូរមនុស្ស។

ឃ. ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដោយពឹងផ្អែកលើទំនួលខុសត្រូវរួមដើម្បីដោះស្រាយនូវបញ្ហា តម្រូវការនិងការផ្គត់ផ្គង់ដែលជំរុញឱ្យកើតមាននូវគ្រប់ទំរង់នៃ ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារដែលនាំទៅរកការជួញដូរមនុស្ស ។

សូមបញ្ជាក់ផងដែរថាគណៈប្រតិភូអមដំណើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមមានលោកហោ ណាំហុងរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងសមាជិក រាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕(ដោយ៖ ថា ចាន់ធី)

website_news/2015231101.txt · Last modified: 2017/03/20 13:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki