website_news:2015231201

គ្រួសារនៅខេត្តកំពង់ធំស្នើសុំកិច្ចអន្តរាគមន៍ជួយកូនស្រីពីប្រទេសម៉ាឡេស៊ី

(http://www.rfa.org/khmer/news 2015-12-22)

ពលរដ្ឋមួយគ្រួសារនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្នើឲ្យអង្គការលីកាដូ (LICADHO) ជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យបានកូនស្រីត្រឡប់មកផ្ទះវិញ។ ការស្នើនេះ ក្រោយពេលក្រុមគ្រួសារទទួលដំណឹងថា កូនស្រីដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាងកន្លះឆ្នាំមកហើយនោះ មានបញ្ហាសុខភាព ព្រមទាំងមានសម្ពាធពីកន្លែងធ្វើការជាខ្លាំង។ ក្រោយពេលទទួលដំណឹងពីកូនដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថាមានបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម និងហូបចុកមិនបានគ្រប់គ្រាន់ផង ក្រុមគ្រួសារនៅក្រុងស្ទឹងសែន ខិតខំស្វែងរកកិច្ចអន្តរាគមន៍ពីខាងក្រុមហ៊ុន រួមនឹងសង្គមស៊ីវិល ដើម្បីជួយកូនស្រីរបស់ខ្លួន។

ពលរដ្ឋនៅភូមិព្រែកស្បូវ ក្រុងស្ទឹងសែន លោកស្រី ប្រក់ យឿ មានប្រសាសន៍ទាំងទឹកភ្នែកថា រយៈពេល ៧ខែមកហើយដែលកូនលោកស្រីឈ្មោះ រិទ្ធិ ស្រីពិន សម្រេចទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី ជាលើកទី២។ លោកស្រីថា ម្តងនេះកូនរបស់គាត់ទៅធ្វើការងារបម្រើនៅតាមផ្ទះ ដោយប៉ះចំម្ចាស់ផ្ទះមិនបានឲ្យកូនរបស់ខ្លួនហូបចុក និងសម្រាកគ្រប់គ្រាន់ឡើយ សូម្បីតែចង់ហៅទូរស័ព្ទមកស្រុកម្តងៗ ក៏ត្រូវលួចលាក់ ព្រមទាំងត្រូវម្ចាស់ផ្ទះដកហូតទូរស័ព្ទទុកទៀតផង។ បន្ថែមពីនេះ កូនស្រីរបស់គាត់ គឺមានជំងឺគ្រួសក្នុងតម្រងនោម ដែលធ្វើឲ្យនាងពិបាកបំពេញការងារនៅទីនោះ ពីព្រោះជំងឺតែងធ្វើទុក្ខជាប្រចាំ៖ «ចិត្តហ្នឹងស្រណោះកូន ថាម៉ាក់អើយ! ជួយកូនផង ខ្ញុំមុខតែងាប់នៅស្រុកគេហើយ»។

ពលការិនីឈ្មោះ រិទ្ធិ ស្រីពិន អាយុជាង ២១ឆ្នាំ បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាលើកទីពីរកាលពីខែមិថុនា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឈ្មោះ ១៦៨ នៅរាជធានីភ្នំពេញ។ លោកស្រី ប្រក់ យឿ ឲ្យដឹងទៀតថា លោកស្រីបានទៅសុំកិច្ចអន្តរាគមន៍ពីម្ចាស់ក្រុមហ៊ុន ប៉ុន្តែមិនមានលទ្ធផលល្អទេ។ លោកស្រីក៏សម្រេចសុំអន្តរាគមន៍ពីអង្គការលីកាដូ វិញម្តង ដោយធ្វើយ៉ាងណាសុំឲ្យកូនត្រឡប់មកផ្ទះវិញ ជៀសវាងមានរឿងអាក្រក់កើតឡើងបន្ថែមទៀត។ ទាក់ទងបញ្ហានេះ ភ្នាក់ងារក្រុមហ៊ុន ១៦៨ ឈ្មោះ សុធារី បញ្ជាក់ថា គេបានទាក់ទងទៅភ្នាក់ងារនៅប្រទេសម៉ាឡេស៊ី ដើម្បីទាក់ទងទៅពលការិនីរូបនោះហើយ។ ភ្នាក់ងារក្រុមហ៊ុនដដែលឲ្យដឹងទៀតថា ប្រសិនបើពលការិនីមានបញ្ហាសុខភាពមែន គេនឹងបញ្ជូនមកស្រុកកំណើតតាមការទាមទាររបស់ក្រុមគ្រួសារ៖ «ឥឡូវហ្នឹងប្រធានក្រុមហ៊ុនគាត់បានទូរស័ព្ទទៅអាជេនស៊ី (agency) ហើយគ្រូ»។

ដោយឡែកមន្ត្រីអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពង់ធំ លោក ឈួម រុន មានប្រសាសន៍ថា ខាងលោកនឹងបញ្ជូនពាក្យបណ្ដឹងរបស់ពលរដ្ឋរូបនេះ ទៅស្ថាប័នពាក់ព័ន្ធ ពិសេសទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអន្តរាគមន៍បន្ថែមទៀត៖ «ខាងអង្គការលីកាដូ ក៏មានការបារម្ភដែរ ពីព្រោះការកើនឡើងនៃទៅធ្វើការនៅក្រៅប្រទេសហ្នឹង គឺអ្នករងគ្រោះច្រើន»។ ពាក្យបណ្ដឹងដែលអង្គការលីកាដូ ខេត្តកំពង់ធំ ទទួលបាននៅឆ្នាំ២០១៥ ទាក់ទងបញ្ហារបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលទៅធ្វើការនៅក្រៅប្រទេស គឺមាន ៨ករណី ក្នុងនោះពួកគាត់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ច្រើនជាងគេ ហើយពលករទាំងនោះ សម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុន និងមេខ្យល់ ជាដើម។ របាយការណ៍នេះ គឺកើនឡើង ៤ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។

លោក ឈួម រុន មានប្រសាសន៍ថា មានក្រុមហ៊ុនមួយចំនួនជួយពលករដោយពេញដៃពេញជើង ប៉ុន្តែមានក្រុមហ៊ុនមួយចំនួន ហាក់មានលក្ខណៈជួញដូរមនុស្សទៅវិញ ពីព្រោះពេលខ្លះយកពលករទៅទម្លាក់ចោលក៏មាន។ ទាក់ទងករណីនេះ កាលពីថ្ងៃទី១២ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់មន្ត្រីដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាល ដែលបានឃុបឃិតទាញយកប្រយោជន៍ជាមួយជនល្មើស ឲ្យឆាប់ដកខ្លួនចេញពីសកម្មភាពទាំងឡាយណាដែលមានទម្រង់ជួញដូរ មនុស្ស ទោះក្នុងរូបភាពស្របច្បាប់ ឬខុសច្បាប់ក៏ដោយ។ លោក ហ៊ុន សែន ថា ប្រសិនបើរកឃើញមានមន្ត្រីណាមួយជាប់ពាក់ព័ន្ធជាមួយជនល្មើស គឺត្រូវអនុវត្តតាមច្បាប់ដោយមិនអាចលើកលែងបានឡើយ៕

website_news/2015231201.txt · Last modified: 2017/03/20 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki