website_news:2015281001

អាដហុកនិងអាជ្ញាធរខេត្តសៀមរាបបារម្ភសុវត្ថិភាពពលរដ្ឋធ្វើចំណាកស្រុកទៅក្រៅប្រទេស

(ដោយ ហង្ស សាវយុត http://www.rfa.org/khmer/news 2015-10-27 )

ក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តសៀមរាប សហការជាមួយសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ធ្វើវេទិកាសាធារណៈផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋពីការធ្វើចំណាកស្រុកមិនស្របច្បាប់ ទៅធ្វើការនៅក្រៅប្រទេស និងបញ្ហាប្រឈមមុខនានា នៅឃុំល្វា ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរក្រីក្រដែលរស់នៅតាមទីជនបទ បាននាំគ្នាចាកចោលផ្ទះសម្បែងទៅរកការងារធ្វើនៅក្រៅប្រទេសកាន់ តែច្រើនឡើងៗ ហើយក្នុងចំណោមពលករដែលចំណាកស្រុកមិនស្របច្បាប់ខ្លះ គឺបានជួបប្រទះនូវការជួញដូរមនុស្ស ការប្រើប្រាស់កម្លាំងពលកម្មហួសប្រមាណ និងការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែជាដើម។ ខេត្តសៀមរាប គឺជាខេត្តក្រីក្រមួយក្នុងចំណោមខេត្តខ្លះទៀតនៅក្នុងប្រទេស កម្ពុជា ក៏កំពុងប្រឈមមុខនឹងបញ្ហាដែលមានប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅ ធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ដែរ។

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអាជ្ញាធរមូលដ្ឋាននៃខេត្តសៀមរាប កំពុងប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ កុំឲ្យធ្វើចំណាកស្រុកមិនស្របច្បាប់ ចេញទៅធ្វើការនៅក្រៅប្រទេសដោយប្រថុយប្រថានតទៅទៀត។ កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដែលសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននេះ បានធ្វើឡើងតាមរយៈការរៀបចំវេទិកាសាធារណៈមួយនៅឯឃុំល្វា នៃស្រុកពួក កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែតុលា។ ប្រធានផ្នែកប្រឆាំងការជួញដូរស្ត្រី និងការពារកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺអ្នកស្រី ឆន សុគន្ធា។ អ្នកស្រីថ្លែងនៅក្នុងការបើកវេទិកាសាធារណៈស្ដីពីសុវត្ថិភាព នៃការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស កាលពីព្រឹកថ្ងៃច័ន្ទ ទី២៦ ខែតុលា ថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងនាំគ្នាធ្វើចំណាក ស្រុកទៅធ្វើការក្រៅប្រទេស ដូចជាទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ជាដើម ហើយភាគច្រើននៃអ្នកចំណាកស្រុកទាំងនោះ មិនស្របច្បាប់ទេ ដោយសារតែមានមេខ្យល់បោកបញ្ឆោត ជាហេតុធ្វើឲ្យកម្មករកម្មការិនីខ្លះ ជួបប្រទះនឹងការជួញដូរមនុស្ស និងការប្រើប្រាស់កម្លាំងពលកម្មហួសកម្រិត។ អ្នកស្រី ឆន សុគន្ធា បញ្ជាក់ទៀតថា ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនទៀតដែលប្រជាពលរដ្ឋកំពុងនាំ គ្នាធ្វើចំណាកស្រុកដោយមិនស្របច្បាប់ ទៅធ្វើការនៅក្រៅប្រទេស៖ «មាន អ្នកខ្លះបានផលពីការធ្វើចំណាកស្រុកហ្នឹងតិចតួចណាស់ ប៉ុន្តែកត្តាហានិភ័យនៃការប្រឈម គឺមានច្រើន ដូចជាអ្នកខ្លះត្រូវរងការធ្វើទារុណកម្មពីថៅកែ ឬក៏ធ្លាក់ខ្លួនក្នុងការប្រើប្រាស់ថ្នាំញៀនជាដើម»។

អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប អ្នកស្រី ម៉ៅ យិន ឲ្យដឹងថា នៅខេត្តសៀមរាប គឺមានស្ត្រីខ្លះបានប្រឈមមុខនឹងបញ្ហាដែលគេបោកបញ្ឆោតយកទៅ រៀបការនៅប្រទេសចិន និងបុរសខ្លះទៀត ត្រូវគេជួញដូរនៅក្រៅប្រទេស។ អ្នកស្រី ម៉ៅ យិន បញ្ជាក់ថា កាលពីអំឡុងខែឧសភា កន្លងទៅ សមាគមការពារសិទ្ធិមនុស្សអាដហុក និងសមត្ថកិច្ចរបស់រដ្ឋាភិបាល បានជួយរំដោះបុរស និងស្ត្រីចំនួន ១៣នាក់ដែលត្រូវមេខ្យល់បោកបញ្ឆោតយកទៅជួញដូរកម្លាំងពលកម្មនៅ ប្រទេសថៃ មិនស្របច្បាប់ ហើយត្រូវប៉ូលិសថៃ ចាប់ខ្លួនដាក់ពន្ធនាគារ។ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អ្នកស្រី ដួង ថាវរី ទទួលស្គាល់ថា បច្ចុប្បន្ន គឺពិតជាមានប្រជាពលរដ្ឋជាច្រើននាំគ្នាចំណាកស្រុកខុសច្បាប់ទៅ ធ្វើការក្រៅប្រទេសមែន។ អ្នកស្រី ដួង ថាវរី បញ្ជាក់ថា កាលពីខែមិថុនា កន្លងទៅ រដ្ឋាភិបាលបានរំដោះពលករខ្មែរដែលធ្វើការតាមទូកនេសាទពីប្រទេស ឥណ្ឌូនេស៊ី ចំនួន ២៣០នាក់នោះ គឺមានចំនួន ៨៧នាក់ជាប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប៖ «វេទនាបំផុតនៅលើទូក នេសាទ។ អ្នកខ្លះមានរហូត ១៨ឆ្នាំដែលទៅធ្វើការលើទូកនេសាទ។ ទៅធ្វើការតាំងពីក្មេងមានកាយសម្បទាគ្រប់គ្រាន់ រហូតថ្ងៃដែលគាត់ត្រឡប់មកវិញ គឺពលករខ្លះជិះរទេះពិការភាព»។

របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក សម្រាប់ឆមាសទី១ ដើមឆ្នាំ២០១៥ ឲ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរចំនួនជាង ៦០ម៉ឺននាក់ដែលចូលទៅធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃ ហើយពលករមួយចំនួនទៀត ក៏ត្រូវបានគេបញ្ជូនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយឆ្លងកាត់តាមប្រទេសថៃ ដែរ៕

website_news/2015281001.txt · Last modified: 2017/03/17 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki