website_news:2015281202

រថយន្តតួរីសដឹកពលករបើកជ្រុលចង្កូតធ្លាក់ផ្លូវរបួសធ្ងន់ស្រាល១៤នាក់

(http://bayontv.com.kh December 28, 2015)

បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានពលករចំនួន១៤នាក់ដែរ ដែលរងរបួសធ្ងន់ ស្រាលក្នុងចំណោមពលករជាច្រើននាក់ដែលកំពុងធ្វើដំណើរតាមរថយន្តតាក់ស៊ីដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ហើយក៏បានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយសារតែអ្នកបើកបររថយន្តយកចង្កូតមិនទាន់ត្រង់ចំនុចផ្លូវកោង ។

យោងតាមរបាយការរបស់សមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុគឺមានរថយន្តតាក់ស៊ីមួយគ្រឿងប្រភេទតួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-9950បានបើកបរចេញពីចំនុចច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ដោយមានដឹកពលករដែលត្រឡប់មកពីប្រទេសថៃពេញរថយន្តផង ដោយពួកគេមានបំណងវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញនៅតាមបណ្ដាខេត្តនានា ។

របាយការបានបន្តថាលុះនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥រថយន្តនេះបានបើកបរក្នុងល្បឿនយ៉ាងលឿនទៅដល់ត្រង់ចំនុចភូមិសាមសិប ក្នុងឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង រថយន្តនេះបានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់តែម្តង នេះដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ព្រោះនៅត្រង់ចំនុចនេះស្លាកសញ្ញាបញ្ជាក់ថាផ្លូវមានរាងជាអក្សរតេ ក៏មានព្រោះវាមានលក្ខណៈជាផ្លូវទាល់ ប៉ុន្តែអ្នកបើកបរមិនព្រមមើលទើបធ្វើអោយមានគ្រោះថ្នាក់កើតឡើងបែបនេះ ។

ភ្លាមៗនោះដែរ ខណៈដែលសមត្ថកិច្ចមិនទាន់ចុះទៅដល់ ជនរងគ្រោះទាំងអស់ត្រូវបានប្រជាពលរដ្ឋជួយចាត់បញ្ជូនដោយខ្លះក៏ចូលទៅកាន់មណ្ឌលសុខភាពតាក្រី ឯខ្លះទៀតដែលមានសភាពធ្ងន់ធ្ងរក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តផងដែរដើម្បីសង្គ្រោះ ដោយក្នុងនោះគឺអ្នករបួសស្រាលមានចំនួន៨នាក់និងរបួសធ្ងន់មានចំនួន៦នាក់ ដោយក្នុងនោះមានក្មេងអាយុ៥ឆ្នាំចំនួនពីរនាក់ផងដែរ ។ ទីបំផុតអ្នកបើកបររថយន្តបានរត់ គេចខ្លួនបាត់ស្រមោលទៅហើយ មុនពេលដែលសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ដោយកំលាំងបាននាំយករថយន្តមករក្សាទុកនៅអធិការដ្ឋានរង់ចាំអោយអ្នកបើកបរចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់ ៕

website_news/2015281202.txt · Last modified: 2017/03/20 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki