website_news:2015281204

កម្មករខ្មែរ ត្រូវដែកធ្លាក់សង្កត់ស្លាប់នៅក្នុងខេត្តសមុទ្រប្រាកាន

(http://kampucheathmey.com/kpt 27/12/2015 7:55 am)

បាត់ដំបង ៖ កម្មករកសាងខនដូម្នាក់ ដែលជាជនជាតិខ្មែរ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលស្ថិតនៅក្នុងទីតាំងកសាងខនដូមួយកន្លែង ក្នុងប្រទេសថៃ ខណៈដែលកម្មកររូបនេះកំពុងឈរដើម្បីថ្ពក់ដែកសរសៃស្ទូចឡើងទៅលើ អាគារកសាង ហើយត្រូវបានដាច់ខ្សែស្ទូចធ្លាក់ដែកមកសង្កត់ពីលើតែម្ដង។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៦និង៣៧នាទីល្ងាច ត្រង់ចំណុចខនដូមួយកន្លែង ដែលកំពុងកសាង ស្ថិតក្នុងឃុំសំរោងនឿ ស្រុកមឿង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ដែលនៅកន្លែងកើតហេតុគេឃើញមានរថយន្តសណ្ដោងមួយគ្រឿងប្រភេទកង់១៨ ដោយមានផ្ទុកដែកសរសៃពេញផង បានចតនៅក្បែរអាគារខនដូដែលកំពុងកសាង ព្រមទាំងមានដុំដែកសរសៃចំនួន៣ដុំផងដែលបានដាច់ខ្សែធ្លាក់នៅ រាយប៉ាយក្បែររថយន្ត ដោយមានមនុស្សម្នាក់សង្កត់ជាប់នៅខាងក្រោមដែកនោះផង។

បុរសម្នាក់ឈ្មោះ ឈួត អាយុ៣១ឆ្នាំ ជាជនជាតិខ្មែរ ដែលជាកម្មករកសាងខនដូនៅទីនោះហើយក៏ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ ផងនោះបាននិយាយថា ជនរងគ្រោះមានឈ្មោះ ភៀក តាបូរ៉ៃ ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ ដោយនៅមុនពេលកើតហេតុ គឺជនរងគ្រោះដែលមាននាទីជាអ្នកចាំថ្ពក់ដែកឲ្យរថយន្តស្ទូចឡើងទៅ ជាន់ទី៦ដែលកំពុងកសាង។ ប្រភពដដែលបានបន្តថា ការស្ទូចដែកសរសៃនេះគឺគេស្ទូចម្តង៣ដុំ លុះដល់ជើងទី៣ ដែលដងស្ទូចកំពុងតែលើកឡើងដល់ជាន់ទី៣ទៅហើយនោះ ស្រាប់តែខ្សែស្ទូចបានដាច់ធ្វើឲ្យដែកសរសៃទាំងនោះធ្លាក់មកវិញ សង្កត់ទៅលើជនរងគ្រោះតែម្ដង ដែលតាមការប៉ាន់ស្មានដែកទាំងនេះអាចមានទម្ងន់ជាង៣តោន ធ្វើឲ្យមានការជ្រួលច្របល់ឡើង ដោយកម្មករទាំងអស់បាននាំគ្នាលើកដែកនោះចេញដើម្បីនាំយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនៅទីបំផុតជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយមានសភាពបាក់.ក បាក់ដៃឆ្វេង ដាច់ ក.ជើងខាងស្តាំ និងមានស្នាមរបួសពេញរាងកាយ។

ភ្លាមៗនោះដែរ ក្រុមតម្រួតថៃបានចុះមកពិនិត្យដល់កន្លែងកើតហេតុ ព្រមទាំងបានធ្វើការសន្និដ្ឋានថា ខ្សែស្ទូចនេះអាចប្រើប្រាស់មកយូរឆ្នាំហើយ ព្រោះខ្សែមានសភាពចាស់ ទើបមិនអាចទ្ររួចនូវទម្ងន់ដែកទាំងអស់នេះបាន ក៏បណ្តាលឲ្យដាច់បែបនេះ ដោយក្រោយពេលកើតហេតុសមត្ថកិច្ចកំពុងមានចំណាត់ការតាមនីតិវិធី ច្បាប់ហើយ ដោយឡែកជនរងគ្រោះភាគីថៃមិនបានបញ្ជាក់ថាមានស្រុកកំណើតនៅក្នុងខេត្ត ណានោះឡើយ៕

website_news/2015281204.txt · Last modified: 2017/03/20 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki