website_news:2015301001

ការធ្វើចំណាកស្រុកជំរុញឲ្យមានកំណើនសេវាផ្ទេរប្រាក់

( http://www.postkhmer.com Thu, 29 October 2015 )

ភ្នំពេញៈ មានមនុស្សជាច្រើនបានទៅផ្ញើ និងទទួលប្រាក់ នៅភ្នាក់ងារផ្ញើ/ទទួលប្រាក់ក្រៅផ្លូវការនៅផ្សារអូឡាំពិក។ អាយុ២៨ឆ្នាំ ឈិន សារ៉ាត់ បានដកប្រាក់៥០ដុល្លារដើម្បីផ្ញើទៅឲ្យឪពុកម្តាយរបស់លោកនៅខេត្ត កំពតនៅទីតាំងផ្ទេរប្រាក់មួយកន្លែងនៅផ្សារអូឡាំពិក។ បម្រើការនៅក្រុមហ៊ុនឯកជនមួយក្នុងទីក្រុងភ្នំពេញ សារ៉ាត់ តែងតែផ្ញើប្រាក់ទៅផ្ទះ ពី ៥០ ទៅ ១០០ដុល្លារជារៀងរាល់ខែតាមរយៈភ្នាក់ងារផ្ញើប្រាក់។ លោកថ្លែងថា៖ «វារហ័ស វាលឿន ជាពិសេសគាត់អាចដក [ប្រាក់] នៅជាប់ផ្ទះបានតែម្តង គាត់អត់ចាំបាច់ចំណាយពេលទៅកន្លែងឆ្ងាយដើម្បីរកធនាគារទេ»។ ចំណាកស្រុក និងកំណើនតម្រូវការបានបង្កើតឱកាសសម្រាប់អាជីវកម្មសេវាផ្ទេរប្រាក់ កាន់តែច្រើនឡើងៗ និងកំពុងពេញនិយមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះសេវាផ្ទេរប្រាក់ត្រូវបាន បង្កើតស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ អ្នកវិភាគសេដ្ឋកិច្ចយល់ថា កំណើនប្រាក់ចំណូលរបស់ពលរដ្ឋចំណាកស្រុក គឺជាកត្តាចម្បងក្នុងការជំរុញឲ្យសេវានេះកើនឡើង។

លោក កង ចាន់ដារារ័ត្ន សេដ្ឋវិទូឯករាជ្យនៅកម្ពុជាបានថ្លែងថា៖ «សកម្មភាពនៃការរកប្រាក់ចំណូល វាសាយភាយទៅច្រើនកន្លែង។ ចំណូលរបស់គេវាមិនមែននៅក្នុងតំបន់ដែលគេរស់នៅទេ»។ លោកបន្តថា ការកើនឡើងនូវសេវានេះនឹងបង្កើតឲ្យមានការប្រកួតប្រជែងក្នុង ចំណោមប្រតិបត្តិករសេវា ដែលនឹងផ្តល់ឲ្យអតិថិជននូវគុណភាពសេវាកាន់តែប្រសើរ តម្លៃសេវាកាន់តែថោក និងកាន់តែមានសុវត្ថិភាព។ វីងគឺជាសេវាផ្ទេរ/ផ្ញើប្រាក់ផ្លូវការដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨។ ភាពជោគជ័យក្នុងអាជីវកម្មនេះ ជាមួយនឹងកំណើនតម្រូវការកាន់តែច្រើន សេវាផ្ទេរប្រាក់ផ្លូវការមិនមែនធនាគារជាច្រើនត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ក្នុងនោះមាន អេ អឹម ខេ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹ ខេ អាស៊ីវេលុយ និងអ៊ីម៉ាន់នីរបស់ក្រុមហ៊ុនទូរស័ព្ទចល័តមិត្តហ្វូន ខណៈដែលក្រុមហ៊ុនទ្រូម៉ាន់នី របស់ប្រទេសថៃ ក៏នឹងបើកប្រតិបត្តិការក្នុងពេលឆាប់ៗនេះផងដែរ។

លោក ជា រតនា នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ដែលជាប្រតិបត្តិករសេវាផ្ទេរប្រាក់ អេអឹមខេ បានឲ្យដឹងថា សេវានេះផ្តល់ប្រយោជន៍ភាគច្រើនដល់អ្នកក្រីក្រ។ លោកថ្លែងថា៖«ប្រជាជនក្រីក្រមិនមែនរស់នៅតែជនបទទាំងអស់នោះទេ។ ខ្លះធ្វើការងារនៅរោងចក្រនៅភ្នំពេញ។ គាត់ធ្វើចំណាកស្រុកទៅខេត្តផ្សេងទៀត។ បណ្តាញធនាគារចល័តគឺសម្រាប់គ្នាមានលុយតិចតួចវេប្រាក់ពីកន្លែង មួយទៅកន្លែងមួយ»។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះបានផ្តួចផ្តើមបង្កើតសេវា ធនាគារចល័តនេះឡើងនៅឆ្នាំ២០១០ ដោយផ្តោតទិសដៅលើប្រជាពលរដ្ឋក្រីក្រដើម្បីជួយសម្រួលដល់ការផ្ទេរ ប្រាក់ និងការទទួលបានសេវាហិរញ្ញវត្ថុផ្សេងទៀតដូចជា ការសន្សំ និងការផ្តល់កម្ចី។

បច្ចុប្បន្ន អេអឹមខេ មានភ្នាក់ងារចំនួន ២ ៥០០នៅទូទាំងប្រទេស។ លោក ជា រតនា បន្តថា ការផ្ទេរប្រាក់ក្នុងបរិមាណតិចតួចក៏ជាមូលហេតុធ្វើឲ្យប្រជា ពលរដ្ឋមិនជ្រើសរើសការផ្ទេរប្រាក់តាមគណនីធនាគារផងដែរ។ លោកថ្លែងថា៖ «សូម្បីតែអតិថិជនមួយចំនួន គ្រាន់តែការិយាល័យអេអឹមខេយើង ដែលមិនមែនជាស្តង់ដារផ្ទះធំៗផង ក៏អ្នកខ្លះគាត់អត់សូវចង់ចូលដែរ»។ លោកបន្តថា ជាមធ្យម អតិថិជនអេអឹមខេផ្ទេរប្រាក់ក្នុងបរិមាណប្រហែលពី ២០០ ទៅ ៣០០ដុល្លារក្នុងមួយលើក។ ការកើនឡើងនូវសេវាផ្ទេរប្រាក់នេះក៏កំពុងមានការប្រកួតប្រជែងខាងតម្លៃផងដែរ។ លោក ជា រតនា បានថ្លែងទៀតថា ទាំងក្រុមហ៊ុនចាស់ និងថ្មីកំពុងពង្រីកបណ្តាញភ្នាក់ងាររបស់ខ្លួន ខណៈដែលក្រុមហ៊ុនទើបបង្កើតថ្មីព្យាយាមទាក់ទាញអតិថិជនតាមរយៈបញ្ចុះ ថ្លៃសេវាផ្ទេរប្រាក់។ ប៉ុន្តែលោកយល់ឃើញថា ការទម្លាក់ថ្លៃសេវានេះគ្រាន់តែជាយុទ្ធសាស្ត្របណ្តោះអាសន្ន ប៉ុណ្ណោះព្រោះវានឹងគ្មាននិរន្តរភាពនោះឡើយ។ លោកថ្លែងថា៖ «សង្គ្រាមតម្លៃមិនមែនជាយុទ្ធសាស្ត្រល្អទេ ដោយសារអ្នករាល់គ្នានឹងខាតបង់។ យើងនឹងប្រកួតប្រជែងលើគុណភាពសេវាកម្ម និងការបម្រើសេវាដល់ទីកន្លែង»។

លោក ស្រី ចន្ធី អ្នកវិភាគឯករាជ្យបានលើកឡើងថា ការផ្ទេរប្រាក់តាមរយៈសេវានេះមានភាពងាយស្រួលជាងការដែលមានគណនី ធនាគារ។ លោកថ្លែងថា៖ «ការអត់មាន គណនីធនាគារជារឿងមួយ។ កន្លែងខ្លះ ធនាគារហ្នឹងអត់បានទៅដល់ទីកន្លែងដាច់ស្រយាល។ នៅទីជនបទ ប្រជាពលរដ្ឋយើងភាគច្រើនមិនសូវយល់ដឹងរឿងសេវាធនាគារ [និង] មីក្រូហិរញ្ញវត្ថុ។ មួយទៀត ជាទូទៅ ប្រជាពលរដ្ឋជាឱពុកម្តាយរបស់ពលករចាស់ៗហ្នឹង គាត់មិនសូវចេះអក្សរ គាត់មិនសូវយកចិត្តទុកដាក់រឿងទុកឯកសារបញ្ជីគណនី»។ លោកបន្តថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ពលរដ្ឋនឹងយល់ដឹងច្រើនពីសេវាហិរញ្ញវត្ថុ ហើយពលរដ្ឋកាន់តែច្រើននឹងប្រើប្រាស់សេវាធនាគារវិញ។ លោកបន្តថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ាននៅចុងឆ្នាំនេះក៏ជា កត្តាមួយជំរុញឲ្យប្រជាពលរដ្ឋប្រើសេវាធនាគារដើម្បីផ្ទេរប្រាក់ផង ដែរ នៅពេលដែលពួកគេចេញទៅធ្វើការនៅប្រទេសផ្សេងទៀត។

លោកថ្លែងថា៖ «ពួកគេមិនអាចកាន់លុយបានទៅគ្រប់ទីកន្លែងនោះទេ ពេលណាគាត់ [ទៅ] ធ្វើការ។ អ៊ីចឹងសេវាធនាគារផ្ទេរប្រាក់អីហ្នឹងចាំបាច់ហើយ។ កាលណាគាត់មានលទ្ធភាពទៅធ្វើការនៅប្រទេសផ្សេង គាត់ចង់ផ្ញើលុយកាក់មកបងប្អូន [គាត់] ផ្ញើតាមធនាគារ»។ យោងតាមរបាយការណ៍ស្តីពីការវិវឌ្ឍហិរញ្ញវត្ថុសកលឆ្នាំ២០១៥/២០១៦៖ ហិរញ្ញវត្ថុរយៈពេលវែង របស់ធនាគារពិភពលោកបង្ហាញថា នៅចន្លោះឆ្នាំ២០១១-២០១៣ ប្រជាជនកម្ពុជាអាយុលើសពី១៥ឆ្នាំ ដែលមានគណនីក្នុងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់មានចំនួនតែ ៣,៧ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុប ពោលគឺទាបជាងឆ្ងាយបើធៀបនឹងប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដូចជា ឡាវមាន ២៦,៨ភាគរយ ថៃមាន ៧២,៧ភាគរយ វៀតណាមមាន ២១,៤ភាគរយ សិង្ហបុរីមាន ៩៨,១ភាគរយ ម៉ាឡេស៊ីមាន ៦៦,២ភាគរយ ឥណ្ឌូនេស៊ីមាន ១៩,៦ភាគរយ និងហ្វីលីពីន ២៦,៦ភាគរយ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានថ្លែងថា មធ្យោបាយផ្ទេរប្រាក់នេះជាការបំពេញតម្រូវការទាន់ពេលសម្រាប់ប្រជា ពលរដ្ឋ។ លោកថ្លែងថា៖«ឧទាហរណ៍ កូនត្រូវផ្ញើ [ប្រាក់] ពីភ្នំពេញទៅឲ្យម្តាយនៅបន្ទាយមានជ័យបើគ្មានមធ្យោបាយផ្ទេរប្រាក់ តាមក្រុមហ៊ុនផ្លូវការទេ គាត់ទៅរកខ្ចីពីអ្នកចងប្រាក់។ តែកាលណាខ្ចីគេភ្លាមៗអ៊ីចឹង ការប្រាក់ថ្លៃខ្លាំងណាស់»។ ទាក់ទងនឹងការប្រកួតប្រជែង លោក អ៊ិន ចាន់នី ថ្លែងថា សេវាផ្ទេរប្រាក់ផ្លូវការមិនមែនធនាគារនេះមិនដាក់សម្ពាធដល់សេវា ផ្ទេរប្រាក់របស់ធនាគារនោះទេ ដោយសារគោលដៅអតិថិជនខុសគ្នា។ លោកថ្លែងថា៖ «កាលណាគេចង់ផ្ទេរប្រាក់ច្រើនគេទៅធនាគារ កាលណាគេផ្ទេរប្រាក់តិចតួចគេអាចទៅធនាគារក៏បាន គេអាចទៅក្រុមហ៊ុនផ្ទេរប្រាក់ក៏បាន»។ ខណៈសេវាផ្ទេរប្រាក់ផ្លូវការកំពុងកើនឡើងសេវាផ្ទេរក្រៅផ្លូវការទទួលរងនូវការធ្លាក់ចុះ។

អ្នកស្រី លី វ៉ាន់ អាជីវករប្រកបរបរផ្ទេរប្រាក់ក្រៅផ្លូវការទៅកាន់បណ្តាខេត្តនានា នៅផ្សារអូឡាំពិករយៈពេលជាង ១០ឆ្នាំមកហើយនោះបានឲ្យដឹងថា អាជីវកម្មរបស់អ្នកស្រីបានធ្លាក់ចុះ ខណៈសេវាផ្ញើប្រាក់ផ្លូវការកើនឡើង។ អ្នកស្រីថែ្លងថា៖ «អតិថិជនថយចុះបន្តិច។ គេ [សេវាផ្លូវការ] ងាយស្រួលជាងយើង។ គេ [អតិថិជន] អាចទៅបើកកន្លែងណាក៏បានឲ្យតែមានសាខា [ភ្នាក់ងារ] របស់គេ។ យើងទាល់តែមានដៃគូនៅកន្លែងដែលត្រូវទៅបើក។ អញ្ចឹងរឿងដៃគូ យើងមិនអាចរកបានគ្រប់ទាំងអស់ទេ មានខ្លះអត់ខ្លះ តាមតំបន់»។

អ្នកស្រី យឹម ចាន់ផារី ជាភ្នាក់ងារសេវាផ្ទេរប្រាក់របស់វីងនៅទីក្រុងភ្នំពេញបានឲ្យដឹងថា ក្នុងមួយថ្ងៃអ្នកស្រីទទួលបានអតិថិជនទាំងផ្ទេរ និងទទួលប្រាក់ពី ៨០ ដល់ ១០០នាក់ ដែលទំហំនៃការផ្ទេរមានចាប់ពី ២០ ដុល្លារទៅ ១ ០០០ដុល្លារ។ អ្នកស្រីបន្ថែមថា ទោះជាមានវត្តមានក្រុមហ៊ុនថ្មីៗច្រើនក៏អតិថិជនរបស់អ្នកស្រីមិន បានថមថយដែរ៕

website_news/2015301001.txt · Last modified: 2017/03/17 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki