website_news:2015301002

ឃាត់ខ្លួនមេខ្យល់៥នាក់ និងសង្គ្រោះនារី រងគ្រោះចំនួន៨នាក់

(http://www. cen.com.kh ថ្ងៃទី 29 តុលា 2015, ម៉ោង 03:53:PM )

ភ្នំពេញ: នៅព្រឹក និងរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរនារីក្រមុំវ័យក្មេងទៅរៀបការដោយខុសច្បាប់ នៅប្រទេសចិន ដោយឃាត់ខ្លួនមេខ្យល់៥នាក់ហើយជួយសង្គ្រោះនារី រងគ្រោះចំនួន៨នាក់ ។ លោក ស្រេង ហុង នាយផ្នែកនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា នៅព្រឹកថ្ងៃនេះ កម្លាំងរបស់លោក បានឃាត់ខ្លួនមនុស្ស៥នាក់ ស្ថិតនៅតាមផ្លូវ ទល់មុខសាលាយុគ្ធរ ក្នុងនោះមានមេខ្យល់ម្នាក់ជាស្ត្រី ។

ក្រោយការសួរនាំរួចមក កម្លាំងនគរបាល ក្រោមការសម្របសម្រួលតាមផ្លូវច្បាប់ ពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ បានឈានទៅដល់ការចុះឆែកឆេរ នៅផ្ទះលេខ១៧៩ ភូមិ១៧ ផ្លូវ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួន មេខ្យល់ជាស្ត្រី៤នាក់ និងជួយសង្គ្រោះនារីរងគ្រោះ ចំនួន៤នាក់ផងដែរ។ ក្រោយ ចាប់ខ្លួន ទាំងជនសង្ស័យ និងជនរងគ្រោះ ត្រូវបាននាំយកទៅសួរនាំបន្ត នៅការិយាល័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ រីឯនារីរងគ្រោះ ត្រូវបានអប់រំណែនាំ ហើយហៅឪពុកម្តាយ មកទទួលយកត្រឡប់ទៅផ្ទះវិញ ៕

website_news/2015301002.txt · Last modified: 2017/03/17 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki