website_news:2015301003

ជនជាតិកូរ៉េខាងជើង ជាង៥ម៉ឺននាក់ ត្រូវរដ្ឋបង្ខំឲ្យទៅធ្វើការនៅក្រៅប្រទេស

(http://km.rfi.fr 29/10/2015 )

យោង តាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ ដែលបានចេញកាលពីថ្ងៃពុធម្សិលមិញ គឺមានជនជាតិកូរ៉េខាងជើង ប្រមាណជាជាង៥ម៉ឺននាក់ ដែលត្រូវបានអាជ្ញាធរផ្តាច់ការកូរ៉េខាងជើង បញ្ជូនឲ្យទៅធ្វើការ នៅក្រៅប្រទេស មានជាពិសេសគឺនៅចិន និងនៅរុស្ស៊ី។ ប្រាក់ចំណូលដែលបានមកពីការងារ របស់ពលករទាំងនេះ ត្រូវបានរដ្ឋអំណាចកូរ៉េខាងជើង រឹបអូសយកទាំងស្រុង ដែលគិតជាទឹកប្រាក់ យ៉ាងហោចណាស់ប្រហែលជាជាង២ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

យោងតាម ប្រសាសន៍លោក Marzuki Darusman ប្រេសិតពិសេសទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អាជ្ញាធរប្រទេសផ្តាច់ការនេះ បានប្រើវិធី បញ្ជូនពលករកូរ៉េខាងជើង ឲ្យទៅធ្វើការនៅក្រៅប្រទេស កាន់តែច្រើនទៅៗ ក្នុងមួយឆ្នាំៗ។ នេះគឺជាវិធីរកលុយ ដោយកេងចំណេញទាំងស្រុង លើកម្លាំងពលកម្មរបស់កម្មករ ដែលត្រូវបានគេបង្ខំហើយគ្មានជំរើស។ របាយការណ៍បានបញ្ជាក់ថា ពលករកូរ៉េខាងជើង ត្រូវបានគេបញ្ជូនទៅឲ្យធ្វើការនៅទីដាច់ស្រយ៉ាលឆ្ងាយៗ ក្នុងលក្ខខណ្ឌការងារ ដ៏លំបាកវេទនាជាទីបំផុត។ នៅចិន និងរុស្ស៊ី ពលករកូរ៉េខាងជើង ត្រូវគេដាក់ឲ្យធ្វើការតាមការដ្ឋានសំណង់ ការដ្ឋានរុករករ៉ែ និងរោចចក្រផ្សេង ហើយដែលកិច្ចសន្យាការងារ គឺរដ្ឋាភិបាលកូរ៉េខាងជើង ជាអ្នកចុះ ដោយមិនឲ្យពលករដឹងឮអ្វីទាំងអស់។

របាយការណ៍ ក៏បានចោទប្រកាន់ផងដែរ ដល់ក្រុមហ៊ុនរោងចក្រ ដែលប្រើប្រាស់កម្មករកូរ៉េខាងជើង ថាគឺជាអ្នកផ្សំគំនិត ក្នុងការធ្វើសកម្មភាពកេងចំណេញលើកម្លាំង ពលកម្ម ប្រៀបដូចជារបបទាសភាព។ ក្រៅពីចិន និងរុស្ស៊ី គឺនៅមានប្រទេស១៥ផ្សេងទៀត ដែលកំពុងតែប្រើប្រាស់ពលករកូរ៉េខាងជើង មានដូចជា អាល់ហ្សេរី អង់ហ្គូឡា កូវ៉េត កាតា និង ប៉ូឡូញជាដើម។ កាលពីពេកលថ្មីៗនេះ អាជ្ញាធរកាតា បានបញ្ជូនកម្មករកូរ៉េខាងជើង ៩០នាក់ឲ្យត្រឡប់ទៅស្រុកវិញ បន្ទាប់ពីបានរកឃើញថា ពួកគេធ្វើការ មួយថ្ងៃ១២ម៉ោង ឥតមានសំរាក ហើយព្រមទាំងហូបចុកមិនគ្រប់ផង។

សូមបញ្ជាក់ថា ការរំលោភបំពានសិទ្ធិមនុស្ស នៅកូរ៉េខាងជើង មានគ្រប់រូបភាពទាំងអស់ ហើយជាច្រើនឆ្នាំមកនេះ ពុំមានអ្វីបានប្រសើរឡើងនោះទេ។ មន្ទីរឃុំឃាំងរួម មានពាសពេញប្រទេស ហើយអាជ្ញាធរកូរ៉េខាងជើង ធ្វើទារុណកម្ម និងសម្លាប់អ្នកទោសជារើយៗ។ របាយការណ៍ ស្តីពីស្ថានការណ៍សិទ្ធិមនុស្ស នៅកូរ៉េខាងជើងនេះ នឹងត្រូវលើកយកមកជជែកពិភាក្សា នៅក្នុងមហាសន្និបាទអង្គការសហប្រជា ជាតិ។ លោក Darusman ក៏បានអំពាវនាវផងដែរ ថាអង្គការសហប្រជាជាតិ ត្រូវប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីឲ្យមេដឹកនាំកូរ៉េខាងជើង មកទទួលទោស ចំពោះទង្វើររំលោភសិទ្ធិមនុស្ស និង ធ្វើបាបប្រជាជនខ្លួនឯង៕

website_news/2015301003.txt · Last modified: 2017/03/17 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki