website_news:2015301102

ក្រឡាប់ឡានរបួសខ្មែរ ៨ នាក់ពេលឆ្លងដែនទៅធ្វើការនៅថៃ

(http://www.postkhmer.com Mon, 30 November 2015 )

បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានពលករខ្មែរចំណាកស្រុកចំនួន ៨ នាក់ និងតៃកុងឡានជនជាតិថៃម្នាក់បានរងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្ត មួយនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ កាលពីរសៀលថ្ងៃសៅរ៍ខណៈបើកគេចពីការតាមចាប់របស់តម្រួតថៃ។ លោកស្រី សិន ណាំយ៉ុង អនុប្រធានគណៈកម្មការសម្របសម្រួលពលករចំណាកស្រុកប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ភាគីថៃបាន បញ្ជូនពលករខ្មែរចំណាកស្រុកចំនួន ១២ នាក់ក្នុងចំណោមគ្នា ២០ នាក់ដែលបានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុង ខេត្ត ឆាក់ឆឹងសាវ ហើយបានជួបឧបទ្ទវហេតុក្រឡាប់រថយន្តនៅពាក់កណ្ដាលផ្លូវស្ថិតក្នុង ខេត្តស្រះកែវ។

លោកស្រីបន្តថាយោងតាមរបាយការណ៍ពីក្រុមតម្រួតថៃក្នុងហេតុការណ៍ ក្រឡាប់រថយន្តនោះមានពលករខ្មែរប្រុសស្រីក្មេងចាស់ ៨ នាក់ និង តៃកុងរថយន្តជាជនជាតិថៃម្នាក់បានរងរបួសធ្ងន់និងស្រាល។ ពលករខ្មែរដែលរងរបួសទាំងនោះមាន ៥ នាក់ជាបុរសរួមមានឈ្មោះ ទេស ហូរ អាយុ ២៤ ឆ្នាំ សេង នួន អាយុ ៣៤ ឆ្នាំ ហែម ទិញ អាយុ ៣៧ ឆ្នាំ និង ឈ្មោះ ធូ ចាន់ថេត អាយុ ៣៥ ឆ្នាំ។ ចំណែកបីនាក់ទៀតជាស្ត្រី និងកុមារីដែលរួមមានឈ្មោះ រ៉ន មុំ អាយុ ៣៧ ឆ្នាំ ណា រ៉ា អាយុ ៤៦ ឆ្នាំ និង ឈ្មោះ កុយ ចាន់ឌី អាយុ ៦ ឆ្នាំ។

របាយការណ៍បញ្ជាក់ថា៖ «ពួកគេត្រូវបានក្រុមតម្រួតប្រចាំខេត្តស្រះកែវជួយអន្តរាគមន៍បញ្ជូន ទៅកាន់មន្ទីរពេទ្យយុផាក់រាជស្ថិតក្នុងខេត្តស្រះកែវដើម្បីជួយ សង្គ្រោះព្យាបាលហើយថា ពួកគេនឹងត្រូវបញ្ជូនមកកម្ពុជាវិញយ៉ាងយូរ នៅចុងសប្ដាហ៍នេះ»។ លោកស្រី ណាំយ៉ុង បានឲ្យដឹងទៀតថាតាមការសាកសួរពលករខ្មែរដែលនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះហើយត្រូវថៃចាប់បញ្ជូនមកវិញបានបញ្ជាក់ថា មុនពេលគ្រោះថ្នាក់កើតឡើងពួកគេបាននាំគ្នាឆ្លងដែនតាមច្រករបៀង មួយនៅភាគខាងជើងច្រកអន្តរជាតិប៉ោយប៉ែតដោយបានបង់លុយឲ្យមេខ្យល់ ម្នាក់ជាមន្ត្រីយោធាដែលឈរជើងនៅក្នុងតំបន់នោះក្នុងម្នាក់ៗចំនួន ៣០០០ បាតជាថ្នូរក្នុងការជូនឆ្លងកាត់ព្រំដែន និងធានាផ្ដល់ការងារធ្វើជាកម្មករសំណង់នៅខេត្តឆាក់ឆឹងសាវ ប្រទេសថៃ។

ពួកគេបានឲ្យដឹងទៀតថា ក្រោយពីឆ្លងព្រំដែនចូលទៅក្នុងផ្សាររុងក្លឿ ក្នុងទឹកដីថៃរួចមេខ្យល់នោះបានទៅនិយាយជាមួយជនជាតិថៃម្នាក់ដែល ជាអ្នកបើករថយន្តទេសចរណ៍។ បន្ទាប់មកបានប្រាប់ឲ្យពួកគាត់ឡើងជិះហើយជនជាតិថៃនោះបានបើក រថយន្តចេញពីផ្សាររុងក្លឿក្នុងគោលបំណងឆ្ពោះទៅកាន់ការដ្ឋានសំណង់ មួយនៅខេត្ត ឆាក់ឆឹងសាវ ប៉ុន្តែរថយន្តបើកចេញមិនបានប៉ុន្មានគីឡូម៉ែត្រផង ស្រាប់តែមានរថយន្តរបស់តម្រួតថៃបើកដេញតាមពីក្រោយ។ ពេលនោះអ្នកបើករថយន្តជនជាតិថៃបានបើកបន្ថែមល្បឿនយ៉ាងលឿនដើម្បី គេចពីការតាមចាប់របស់តម្រួតថៃក្រោយមកក៏ក្រឡាប់ធ្លាក់ចូលប្រឡាយ ទឹកជាប់ដងផ្លូវតែម្ដង។

website_news/2015301102.txt · Last modified: 2017/03/20 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki