website_news:2015301103

របាយការណ៍អឺរ៉ុប៖ ពលករកម្ពុជាក្នុងឧស្សាហកម្មកែច្នៃសាច់មាន់ត្រូវថៅកែថៃរំលោភបំពាន

(http://www.rfa.org/khmer/news 2015-11-29 )

បន្ទាប់ពីមានរឿងអាស្រូវក្នុងឧស្សាហកម្មនេសាទសមុទ្ររបស់ថៃ ថ្មីៗនេះ អង្គការរបស់អឺរ៉ុប ចំនួនពីរ បានរកឃើញថា ឧស្សាហកម្មកែច្នៃសាច់មាន់របស់ថៃ ក៏បានរំលោភបំពានសិទ្ធិរបស់ពលករចំណាកស្រុកផងដែរ។ ការសិក្សារបស់អង្គការនេះ បានរកឃើញថា ពលករកម្ពុជា ដែលធ្វើការនៅក្នុងវិស័យនេះជួបការលំបាក និងត្រូវថៅកែគាបសង្កត់។ មន្ត្រីជំនាញផ្នែកសិទ្ធិការងាររបស់កម្ពុជា យល់ស្របទៅនឹងការរកឃើញនេះ ហើយស្នើឲ្យភាគីរដ្ឋាភិបាលកម្ពុជា ធ្វើការឲ្យសកម្មបន្ថែមទៀត ដើម្បីជួយដល់ពលករដែលងាយរងគ្រោះ។

អ្នកនាំពាក្យក្រសួងការងារ អះអាងថា រដ្ឋាភិបាលថៃ និងកម្ពុជា នឹងសហប្រតិបត្តិការលើសមុនទ្វេដង ដើម្បីទប់ស្កាត់ការរំលោភបំពានមកលើពលករខ្មែរ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីរបស់ស្ថាប័នអឺរ៉ុប ចំនួនពីរ គឺ ស្វេដវ៉្ឆច (Swedwatch) និងហ្វិនវ៉្ឆច (Finnwatch) បង្ហាញថា ពលករចំណាកស្រុកកម្ពុជា ដែលធ្វើការនៅក្នុងឧស្សាហកម្មកែច្នៃសាច់មាន់របស់ថៃ រងការធ្វើបាប និងរំលោភបំពានពីថៅកែ។ ការសិក្សានេះ មានចំណងជើងថា «អង្គប់នៅក្នុងផ្ទះបាយពិភពលោក (Trapped in the Kitchen of the World)» ត្រូវបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា។ ក្រុមអ្នកស្រាវជ្រាវនៃការសិក្សានេះ ក៏ឲ្យដឹងដែរថា ផលិតផលសាច់មាន់ជាប្រភេទទំនិញសំខាន់មួយសម្រាប់ការនាំចេញរបស់ ប្រទេសថៃ ចូលទៅក្នុងទីផ្សារអឺរ៉ុប។ សាច់មាន់ នឹងក្លាយជាប្រភេទសាច់ដែលពេញនិយមបំផុតជំនួសសាច់ជ្រូក ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ ការសិក្សានេះ អះអាងថា ការកើនឡើងនៃការនិយមបរិភោគសាច់មាន់នេះ អំណោយផលខ្លាំងដល់អ្នកផ្គត់ផ្គង់សាច់មាន់។

កាលពីឆ្នាំ២០១៤ ប្រទេសថៃ បាននាំផលិតផលសាច់មាន់កែច្នៃចូលទៅក្នុងទីផ្សារអឺរ៉ុប ចំនួន ២៧ម៉ឺនតោន។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា កម្មករនៅក្នុងរោងចក្រកែច្នៃសាច់មាន់របស់ថៃ ដែលភាគច្រើនមកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា នោះ ត្រូវបានមេខ្យល់ និងថៅកែរំលោភបំពានសិទ្ធិ ដោយដកយកលិខិតឆ្លងដែន និងទារថ្លៃសេវាចូលធ្វើការថ្លៃខ្ពស់។

ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ លោក មឿន តុលា ឯកភាពនឹងការរកឃើញនេះ។ លោកថ្លែងថា ការរំលោភលើសិទ្ធិការងារ តែងកើតមានឡើងចំពោះពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ៖ «អ្វី ដែលគេរកឃើញថា ថៅកែថៃ ដកប៉ាសស្ព័រ (Passport = លិខិតឆ្លងដែន) ពលករទុកហ្នឹង វាពិត ៩៩,៩៩ភាគរយហើយ។ វាជារឿងមួយត្រឹមត្រូវ ដែលយើងរកឃើញថា កើតមានអ៊ីចឹងមែន ហើយមិនមែនកើតឡើងតែក្នុងវិស័យកែច្នៃ (សាច់មាន់) ទេ តែឲ្យតែពលករទៅធ្វើការនៅក្រៅប្រទេស គឺជួបនឹងបញ្ហាហ្នឹងទាំងអស់។ ហេតុអីក៏គេលើកយកបញ្ហាហ្នឹងឡើង? រឿងដកប៉ាសស្ព័រទុក? ពីព្រោះកាលណាគេដកប៉ាសស្ព័រទុក វាដូចជាដកសិទ្ធិក្នុងការដើរហើរចឹង ពីព្រោះកាលណាយើងគ្មានប៉ាសស្ព័រ ពលករអាចប្រឈមនឹងការចាប់ពីតម្រួតថៃ»។

ការសិក្សានេះ បានជួបសម្ភាសពលករចំណាកស្រុកចំនួន ៩៨នាក់ ដែលក្នុងនោះ ២០នាក់ជាពលករកម្ពុជា។ លទ្ធផលបានបង្ហាញថា ថៅកែបានដកយកកិច្ចសន្យាការងារពីនិយោជិក ព្រមទាំងបានស្ដីបន្ទោស និងគាបសង្កត់ពលករចំណាកស្រុក។ បន្ថែមពីលើនេះ នៅពេលដែលពលករដើរទៅបត់ដៃបត់ជើង (ចូលបន្ទប់ទឹក) ក៏ក្រុមហ៊ុនទៅតាមដានឃ្លាំមើលផងដែរ។ ការសិក្សានេះបង្ហាញទៀតថា ស្ថានភាពទាំងនេះ ធ្វើឲ្យពលករចំណាកស្រុកប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ហើយបើតាមអង្គការអន្តរជាតិខាងការងារ (ILO) ទង្វើទាំងប៉ុន្មានខាងដើម ជាការរំលោភបំពានច្បាប់ការងារ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានដឹងពីបញ្ហារំលោភបំពានសិទ្ធិពលករក្នុងឧស្សាហកម្មកែច្នៃសាច់ មាន់របស់ថៃ នេះ៖ «ជាទូទៅយើងជឿថា អាចនឹងមានករណីបែបនេះមួយចំនួនកើតឡើង មិនថានៅទីណា ប្រទេសណាទេ? ការរំលោភបំពានមួយចំនួន។ តែអ្វីដែលសំខាន់នោះ យើងមិនព្រងើយកន្តើយនៅលើករណីបំពានកើតឡើងនោះទេ។ ប្រសិនជាមាន យើងអន្តរាគមន៍»។ ការសិក្សានេះ ក៏រំលេចឲ្យដឹងថា អ្នកមើលការខុសត្រូវពលករ តែងបិទបាំងទង្វើដែលពួកគេបានរំលោភបំពានទៅលើពលករ នៅពេលដែលអាជ្ញាធរចុះមកត្រួតពិនិត្យ។ ជាក់ស្ដែង ភាគីខាងក្រុមហ៊ុន តែងបន្ថយកម្រិតការងារ និយាយពាក្យសម្ដីពីរោះៗដាក់ពលករ ដើម្បីបង្ហាញថា ក្រុមហ៊ុនយកចិត្តទុកដាក់ និងគោរពច្បាប់ការងារ។

លោក មឿន តុលា ក៏សង្កេតឃើញថា បើទោះជាភាគីថៃ បានតាមដានការអនុវត្តច្បាប់ការងារនៅរោងចក្រផ្ទាល់ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរថៃ ប្រហែលជាមិនមានយន្តការតាមដានច្បាស់លាស់ក្នុងពេលអនុវត្តការងារ។ លោកបន្ថែមថា មិនមែនតែប្រទេសថៃ នោះទេ ករណីបែបនេះក៏កើតមាននៅក្នុងប្រទេសកម្ពុជា ផងដែរ៖ «យន្តការនៃ ការតាមដានហ្នឹងមានន័យថា ក្រសួងលោកដឹងហើយថា មានក្រុមហ៊ុនបញ្ជូនពលករហ្នឹង តើគាត់បញ្ជូនពលករទៅខេត្តណាខ្លះ (នៃប្រទេសថៃ) ហើយនៅក្នុងវិស័យអីខ្លះ? ចឹង ក្រសួងមានសិទ្ធិគ្រប់គ្រាន់ក្នុងការទាមទារឲ្យក្រុមហ៊ុនបញ្ជូនពលករ ហ្នឹង បញ្ជូនរបាយការណ៍ច្បាស់លាស់ ដើម្បីឲ្យដឹងថា ពលករខ្មែរទៅធ្វើការនៅខេត្តណាខ្លះ? នៅរោងចក្រអីខ្លះ? មានប៉ុន្មាននាក់? បន្ទាប់មក បន្ទាប់ពីបានរបាយការណ៍ហ្នឹង ក្រសួងត្រូវចុះតាមដានត្រួតពិនិត្យមើល។ គេហៅថា យន្តការនៃការតាមដាន (Monitor Mechanism)។ ថាតើពលករខ្មែរត្រូវបានគេគោរពទៅតាមច្បាប់ការងារនៃប្រទេសនោះ អត់? តែតាមពេលកន្លងមក យើងអត់បានធ្វើរឿងហ្នឹង»។

យ៉ាងណាក៏ដោយ លោក ហេង សួរ ថ្លែងថា រដ្ឋាភិបាលកម្ពុជា បានសហការគ្នាជាមួយរដ្ឋាភិបាលថៃ ដើម្បីផ្លាស់ប្ដូរព័ត៌មានស្ដីពីពលករចំណាកស្រុកឲ្យគ្នាទៅវិញទៅ មក។ លោកថា ភាគីទាំងពីរនឹងកែសម្រួលលើអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី១៨ ធ្នូ ខាងមុខ ដោយស្នើឲ្យភាគីថៃ ផ្ដល់ព័ត៌មានលម្អិតស្ដីពីទីតាំង កាលបរិច្ឆេទ និងរយៈពេលនៃការធ្វើការងាររបស់ពលករកម្ពុជា បន្ថែមទៀត៖ «ហើយតាម រយៈការទំនាក់ទំនងនេះហើយ បានប្រទេសអនុញ្ញាតឲ្យមានយន្តការកំណត់សញ្ញាណនៃពលករបរទេសនៅក្នុង ប្រទេសគាត់។ នៅក្នុងនោះ មានកម្ពុជា មីយ៉ាន់ម៉ា ហើយនិងឡាវ។ ហើយអ្នកដែលបានផ្ដល់អត្តសញ្ញាណនេះ នឹងត្រូវបានផ្ដល់ភាពស្របច្បាប់ ហើយប្រសិនបើមានភាពស្របច្បាប់ នឹងមានការការពារពេញលេញពីច្បាប់ការងារនៅប្រទេសថៃ។ ដោយឡែកក្រៅពីយន្តការសម្រាប់ការពារអ្នកធ្វើការស្របច្បាប់នេះ យើងតែងបើកចំហនូវព័ត៌មានទូទៅ ទទួលយកនូវការប្ដឹងពីអាណាព្យាបាលរបស់ពលករយើងផ្ទាល់ នៅក្នុងករណីដែលមានការរំលោភបំពានពីនិយោជកថៃ ហ្នឹង»។

លោក មឿន តុលា គាំទ្រ និងអបអរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា នេះ។ ទោះជាបែបនេះក្ដី លោកយល់ថា កិច្ចសហការនេះមិនទាន់គ្រប់គ្រាន់ ដើម្បីជួយដល់ពលករកម្ពុជា ដែលធ្វើការនៅប្រទេសថៃ នោះទេ។ លោកសង្កេតឃើញថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាពេលកន្លងមក មិនសូវជួយពលករនៅពេលពួកគេសុំជំនួយពេលមានអាសន្នបានទាន់ពេលវេលា នោះទេ។ លោក មឿន តុលា ស្នើឲ្យស្ថានទូតកម្ពុជា ពង្រឹងល្បឿនការងាររបស់ខ្លួន ក្នុងការជួយដល់ពលករខ្មែរ៖ «ក្រសួង ការបរទេស លោកក៏ត្រូវពិនិត្យមើលតួនាទីរបស់ស្ថានទូតនៅប្រទេសទទួលហ្នឹងដែរ ដូចប្រទេសថៃ ក៏ដោយ ប្រទេសម៉ាឡេ ក៏ដោយ។ ខ្ញុំយល់ថា គួរពិនិត្យមើលតួនាទី កាតព្វកិច្ចរបស់ពួកគាត់ហ្នឹង។ ធ្វើយ៉ាងណា ឲ្យស្ថានទូតខ្មែរយើងហ្នឹងធ្វើការឆ្លើយតបទៅនឹងអ្វី ដែលជាតម្រូវការរបស់កម្មករ ព្រោះជារឿយៗ យើងតែងឮការត្អូញត្អែរពីការប្ដឹងផ្ដល់របស់ពលករខ្មែរយើងនៅថៃ អត់សូវបានជួយបានទាន់ពេលវេលា»។

នៅចុងបញ្ចប់នៃរបាយការណ៍នេះ អ្នកនិពន្ធបានស្នើនូវអនុសាសន៍មួយចំនួន ដូចជា ឲ្យប្រទេសអ្នកទទួលផលិតផលសាច់មាន់ពីប្រទេសថៃ ពិនិត្យ និងតាមដានលើការអនុវត្តសិទ្ធិការងាររបស់ពលករជាមុនសិន មុននឹងសម្រេចចិត្តបញ្ជាទិញ។ ការរកឃើញនៃការសិក្សាស្រាវជ្រាវនេះ វាស្រដៀងគ្នាទៅនឹងរឿងអាស្រូវក្នុងឧស្សាហកម្មនេសាទសមុទ្ររបស់ថៃ ដែលផ្អើលខ្លាំងក្លាដល់បណ្ដាប្រទេសដែលជាអ្នកបញ្ជាទិញផលិតផលអាហារ ពីប្រទេសថៃ។ សហភាពអឺរ៉ុប ធ្លាប់ព្រមានកាលពីដើមឆ្នាំ២០១៥ ថា នឹងឈប់ទិញអាហារសមុទ្ររបស់ថៃ ប្រសិនបើថៃ មិនអាចដោះស្រាយ និងលុបបំបាត់អំពើទាសភាពនៅលើទូកនេសាទបានទេនោះ៕

website_news/2015301103.txt · Last modified: 2017/03/20 13:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki