website_news:2015301104

លីកាដូ៖ សំណងក្រៅប្រព័ន្ធតុលាការជាមូលហេតុកើនឡើងនៃបទល្មើសសេពសន្ថវៈលើស្ត្រី

(http://www.rfa.org/khmer/news 2015-11-29 )

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) សម្ដែងការព្រួយបារម្ភថា អ្នកប្រព្រឹត្តិបទល្មើស ឬរំលោភសេពសន្ថវៈលើស្ត្រី និងកុមារ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់សង្គមកម្ពុជា ហើយអ្នកប្រព្រឹត្តិមួយចំនួន មិនត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់នោះទេ ជាពិសេសការដោះស្រាយសំណងក្រៅប្រព័ន្ធតុលាការ ហើយអំពើពុករលួយ ជាមូលហេតុដ៏ចម្បងដែលលើកទឹកចិត្តឲ្យមានអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍កាន់តែខ្ពស់ចំពោះអ្នកប្រព្រឹត្តិបទល្មើស ហើយត្រូវរួចខ្លួនពីការចោទប្រកាន់តាមផ្លូវតុលាការ។

អង្គការលីកាដូ រកឃើញថា មានសំណុំរឿងជិត ៨០០ករណី (៧៦២ករណី) ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ក្នុងនោះការរំលោភសេពសន្ថវៈចំពោះស្ត្រី និងកុមារដែលមានអាយុក្រោម ១៨ឆ្នាំ គឺទទួលបានការជំនុំជម្រះដ៏តិចតួច ខណៈសំណុំរឿងជាច្រើនត្រូវបានបិទបញ្ចប់មុនសវនាការចាប់ផ្ដើម ឬដោះស្រាយក្រៅប្រព័ន្ធតុលាការ។ អង្គការដែលធ្វើការលើផ្នែកការពារសិទ្ធិមនុស្សនេះ ចាត់ទុកថា ការមិនដាក់ទណ្ឌកម្មដល់ជនល្មើស រឹតតែធ្វើឲ្យសាធារណជនមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយបង្ហាញថា អំពើរំលោភសេពសន្ថវៈ វាពុំមែនជាអំពើល្មើសដែលគួរតែត្រូវយកចិត្តទុកដាក់ទៀតនោះទេ។ របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី២៩ វិច្ឆិកា អង្គការលីកាដូ រកឃើញថា ក្នុងចំណោមសំណុំរឿងជិត ៨០០ករណី (៧៦២ករណី) មាន ៤២៤សំណុំរឿងត្រូវបានបិទនៅពេលកំពុងសរសេររបាយការណ៍។

សំណុំរឿងមួយភាគបីនៃសំណុំរឿងទាំង ៤២៤ករណី ត្រូវបានបិទបញ្ចប់ដោយការផ្ដន្ទាទោស និងសម្រេចឲ្យមានទោស ដោយបានអនុវត្តទៅតាមច្បាប់ព្រហ្មទណ្ឌ។ ក្រៅពីនេះ មួយភាគបី ត្រូវបានបិទបញ្ចប់មុនពេលបើកសវនាការ។ ផ្ទុយទៅវិញ មួយភាគបីចុងក្រោយ ត្រូវបានបិទបញ្ចប់ដោយការផ្ដន្ទាទោសមិនត្រឹមត្រូវ ឬសម្រេចថាមិនមានទោស។

មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្ត្រី និងកុមារ នៃអង្គការលីកាដូ កញ្ញា ណាប់ សុម៉ាលី ឲ្យដឹងនៅក្នុងរបាយការណ៍ថា “របួសផ្លូវចិត្ត និងបទពិសោធន៍រងទុក្ខពីអំពើរំលោភសេពសន្ថវៈរបស់ជនរងគ្រោះ គឺមានទំហំធំធេង”។ បន្ថែមពីនេះទៀត “នេះ ជាពេលវេលាដែលគ្រប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អាចយកបញ្ហានៃអំពើហិង្សាលើស្ត្រី និងកុមារ ដាក់ជាបញ្ហាអាទិភាពហើយ”។ ឆ្លើយតបរឿងនេះ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា លោកពិតជាពិបាកក្នុងអត្ថាធិប្បាយណាស់ ដោយសារពុំបានដឹងថា ថាតើរបាយការណ៍នេះផ្អែកលើវិទ្យាសាស្ត្រពិតកម្រិតណា និងមានទឡ្ហីករណ៍យោងប៉ុណ្ណា។

លោក ជិន ម៉ាលីន យល់ឃើញថា ការអនុវត្តច្បាប់ក្នុងពេលកន្លងទៅ ជាការបំពេញកាតព្វកិច្ចដោយផ្អែកលើជំនាញ និងក្រមសីលធម៌ ក្នុងក្របខ័ណ្ឌតុលាការត្រឹមត្រូវ និងមានវិជ្ជាជីវៈ។ ជាងនេះទៀត លោកអះអាងថា ប្រសិនបើរកឃើញថា ការអនុវត្តច្បាប់របស់ចៅក្រម ឬមន្ត្រីតុលាការណាមួយខុសពីធម្មតា គឺសាមីជនអាចមានសិទ្ធិប្ដឹងបន្តដូចជាទៅក្រសួងយុត្តិធម៌ ឬឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជាដើម ប្រឆាំងសេចក្ដីសម្រេចនានានោះ។ លោកបន្តថា «ប្រសិនបើភាគីណាមួយ មិនសុខចិត្តទៅនឹងសម្រេចរបស់តុលាការ ដូចជាការធ្វើចោទប្រកាន់ ឬមិនចោទប្រកាន់ ការកម្រិតទោស ឬធ្ងន់ ឬមួយធ្វើការដោះលែង ឬមិនដោះលែងហ្នឹង គឺភាគីដែលរងគ្រោះ ឬភាគីដែលពាក់ព័ន្ធនឹងមិនសុខចិត្ត អាចធ្វើការប្ដឹងផ្ដល់ទៅលើតទៅ រួមមានការប្ដឹងឧទ្ធរណ៍ និងមានការប្ដឹងទៅតុលាការកំពូលអីជាដើម»។ បើទោះជាបែបណា របាយការណ៍ដែលដាក់ចំណងជើងថា “ការរួចខ្លួនពីបទល្មើស៖

ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈក្នុងប្រព័ន្ធតុលាការ កម្ពុជា” សរសេរថា របាយការណ៍នេះបានផ្ដល់នូវព័ត៌មានលម្អិតនៃកំហុសឆ្គងជាច្រើន ដែលមានលក្ខណៈជាប្រព័ន្ធ ដូចជាអំពើពុករលួយ និងការបកស្រាយច្បាប់មិនត្រឹមត្រូវជាដើម ដែលរួមគ្នាធ្វើឲ្យជនល្មើសនៃអំពើរំលោភសេពសន្ថវៈត្រឹមតែទទួលរង ទណ្ឌកម្មស្រាល ឬអាចរួចផុតពីការដាក់ទណ្ឌកម្មទាំងស្រុងថែមទៀតផង។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ទទួលស្គាល់ថា របាយការណ៍ដែលចេញផ្សាយដោយអង្គការលីកាដូ នៅពេលនេះ អាចជាការឆ្លុះបញ្ចាំងឃើញរឿងត្រឹមត្រូវមួយជ្រុង ក៏ប៉ុន្តែលោកអះអាងថា មានសំណុំរឿងខ្លះដែលភាគីពាក់ព័ន្ធចង់សម្របសម្រួល ឬបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចៀសភាពអាម៉ាស់របស់ភាគីខាងស្រី។

ហេតុនេះ លោកយល់ឃើញថា ពុំមានជម្រើសណាដែលល្អជាងនេះឡើយ។ លោកបន្តថា «ទាល់តែមានករណី អ៊ីចឹងទៅ គាត់សម្រួលខ្លួនគាត់នៅក្រោមមុនប្ដឹងមកយើង ហើយអាហ្នឹងយើងក៏គោរពសិទ្ធិបុគ្គលដែរ។ បើគេមិនប្ដឹង យើងទៅតវ៉ាអីនឹងគេ។ បើបណ្ដឹងអាជ្ញាធរ ឧទាហរណ៍បើគេរំលោភអ៊ីចឹង វាត្រូវតែមានទោស ហើយបើបណ្ដឹងអាជ្ញាយើងអាចធ្វើបាន ក៏ប៉ុន្តែជនរងគ្រោះគេថាអត់មានផង អញ្ជើញគេមកសួរ»។ នាយិកាសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ណាលី ពីឡូក មានប្រសាសន៍នៅក្នុងរបាយការណ៍ថា “អំពើពុករលួយកើតមានឡើងស្ទើរគ្រប់ទីកន្លែង”។

របាយការណ៍បានស្រង់សម្ដីរបស់អ្នកស្រីបន្តទៀតថា “គ្រប់ ពេលវេលាដែលជនរងគ្រោះមកទាក់ទងមន្ត្រីសាធារណៈ អ្នកទាំងនោះហាក់ដូចជាត្រូវតែបង់ប្រាក់ក្រៅច្បាប់ ហើយប្រសិនបើជនសង្ស័យមានប្រាក់ ជននោះអាចនឹងទិញនូវសេរីភាពរបស់ខ្លួនមកវិញបាន។ បន្ថែមពីលើនេះ ពេលខ្លះហាក់ដូចជាអាជ្ញាធរមិនបានយកចិត្តទុកដាក់លើភាពយុត្តិធម៌ នោះទេ។ ផ្ទុយទៅវិញ ករណីរំលោភសេពសន្ថវៈនេះ ត្រឹមតែអាចជាមធ្យោបាយសម្រាប់អ្នកទាំងនោះក្នុងការរកប្រាក់ ប៉ុណ្ណោះ”៕

website_news/2015301104.txt · Last modified: 2017/03/20 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki