website_news:2016010201

ស៊ុយអែតនឹងបណ្ដេញជនភៀសខ្លួនជាង៨ម៉ឺននាក់ចេញពីប្រទេស

( http://www.thmeythmey.com 29-01-2016, 8:19 am)|

រដ្ឋាភិបាលស៊ុយអែតគ្រោងនឹងបណ្ដេញចេញជនភៀសខ្លួននិងជនអន្តោប្រវេសន៍ដែលបានចូលទឹកដីស៊ុយអែតក្នុងឆ្នាំ២០១៥ ។ ពួកគេទាំងនោះមិនបាន សិទ្ធិជ្រកកោននៅស៊ុយអែតនោះទេ ដូច្នេះពួកគេត្រូវតែចាកចេញ។ នេះក៏ជាផ្នែកមួយនៃវិធានការ ទប់ស្កាត់លំហូរជនភៀសខ្លួនចូលមកតំបន់អឺរ៉ុបយ៉ាងគគ្រឹកគគ្រេង ហើយវាបានបង្កការគំរាមកំហែងខ្លាំងដល់ប្រទេសអឺរ៉ុប ជាពិសេសបង្កបញ្ហាភេវរកម្មតែម្ដង។ ជនភៀសខ្លួនជាង៨ម៉ឺននាក់នឹងត្រូវចាកចេញពីទឹកដីស៊ុយអែត ក្រោយពេលរដ្ឋាភិបាលស៊ុយអែតបដិសេដសំណើរសុំសិទ្ធិជ្រកកោនរបស់ពួកគេ។ ស៊ុយអែតដែលបានទទួលជនភៀសខ្លួនយ៉ាងច្រើននាពេលកន្លងមក នឹងចាត់វិធានការក្ដៅចំពោះលំហូរនៃជនភៀសខ្លួនទាំងនោះ ដោយរួមមានទាំងការបណ្ដេញចេញផងដែរ ដើម្បីចៀសវាងការបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ រដ្ឋមន្ត្រីមហាផ្ទៃស៊ុយលោក Anders Ygeman និយាយថា៖« យើងបានពិភាក្សាថានឹងបណ្តេញចេញតែចំនួន៦ម៉ឺននាក់ប៉ុណ្ណោះ តែចំនួននេះកើនដល់ទៅ៨ម៉ឺននាក់។ រដ្ឋាភិបាលស៊ុយអែត បានបញ្ជាឲ្យប៉ូលិសនិងអាជ្ញាធរពាក់ព័ន្ធធ្វើសកម្មភាពក្នុងការបណ្ដេញចេញលើកនេះ។ ក្នុងឆ្នាំ២០១៥ ជនភៀសខ្លួននិងជនអន្តោរប្រវេសន៍ប្រហែល ១៥ម៉ឺននាក់បានធ្វើដំណើរទៅដល់ស៊ុយអែត។ ស៊ុយអែតគឺជាសមាជិកអឺរ៉ុបមួយដែលបានទទួលយកជនភៀសខ្លួនច្រើនជាងគេ បើប្រៀបធៀបនឹងចំនួនប្រជាជនរបស់ខ្លួន។ យ៉ាងណាមិញ ចំនួនជនភៀស ខ្លួនដែលមានវាសនាទៅដល់ទឹកដីស៊ុយអែតមានការធ្លាក់ចុះខ្លាំងក្នុងមួយរយៈពេលចុងក្រោយ។ នេះក៏ព្រោះតែ រដ្ឋាភិបាលស៊ុយអែតបានចាប់ផ្ដើមចាត់វិធានការត្រួតពិនិត្យអត្តសញ្ញាណ នៅតាមព្រំដែនកាលពីថ្ងៃទី៤ ខែមករា។ ត្រលប់មកវិញ ការបណ្ដេញចេញដែលមានលក្ខណៈទ្រង់ទ្រាយធំបែបនេះ កើតឡើងចំពេលដែលប្រទេសអឺរ៉ុបកំពុងតែស្វះស្វែងរកដំណោះស្រាយសម្រាប់វិបត្តិជនភៀសខ្លួនរាប់ពាន់នាក់ដែលបានមកដល់ឆ្នេរសមុទ្រប្រទេសក្រិក។ ជនភៀសខ្លួនទាំងនោះភាគច្រើនមកពីប្រទេសដែលកំពុងតែហែកហួរដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ាមានស៊ីរី អ៊ីរ៉ាក់និងអាហ្វហ្កានីស្ថានជាដើម។ ពួកគេបានផ្សងគ្រោះថ្នាក់ ឆ្លងកាត់អាកាសធាតុត្រជាក់ គ្រោះធម្មជាតិ ឬក៏លិចទូកនៅលើលំហសមុទ្រ។ វិបត្តិជនភៀសខ្លួនហាក់មិនទាន់ស្រាកស្រាន្តនៅឡើយទេ ទោះជាអឺរ៉ុបបានដាក់ចេញវិធានការមួយចំនួនក្នុងការទប់ស្កាត់លំហូរជនភៀសខ្លួន។ អឺរ៉ុបថែមទាំងឲ្យលុយតួកគីជាង ២ពាន់លានដុល្លារដើម្បីទប់ស្កាត់ជនភៀសខ្លួនស៊ីរីឲ្យនៅត្រឹមទឹកដីតួកគី។ ប៉ុន្តែវិធានការនេះហាក់ដូចជាមិនទទួលបានផលគាប់ចិត្តនោះទេ។ វិបត្តិជនភៀសខ្លួននេះក៏បានគំរាមកំហែងដល់កិច្ចព្រមព្រៀង Schengen ដែលរំលាយចោលការត្រួតពិនិត្យតាមព្រំដែនរវាងប្រទេសអឺរ៉ុបផងដែរ។ ដោយសារមូលហេតុនេះ ទើបប្រទេសអឺរ៉ុបខ្លះបានចាប់ផ្ដើមរឹតបន្តឹងតាមព្រំដែនឡើងវិញ ចៀសវាងការជ្រៀតចូលរបស់ក្រុមជ្រុល និយមដែលបន្លំមកជាមួយជនភៀសខ្លួន៕

website_news/2016010201.txt · Last modified: 2017/02/27 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki