website_news:2016010204

ជនអន្តោប្រវេសន៍33នាក់លង់ទឹកស្លាប់ដោយលិចនាវានៅសមុទ្រEGEE

(https://kohsantepheapdaily.com.kh/)

ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៥:១១ ជនអន្តោ ប្រវេសន៍យ៉ាងតិច៣៣នាក់ ក្នុងនោះមានកុមារច្រើននាក់បានត្រូវស្លាប់កាលពីថ្ងៃទី៣០ មករា ពេលពួកគេប៉ុនប៉ងមកកាន់ប្រទេសក្រិកចេញពីប្រទេសតួកគីមក ក្នុងការលិចនាវាថ្មីដែលបន្ថែមលើសោកនាដ កម្មជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅសមុទ្រ EGEE ។ មានដើមកំណើតនៅស៊ីរី អាហ្វហ្គានីស្ថាន និងភូមា ផងដែរ ពួកអ្នកទាំងនេះប៉ុនប៉ងធ្វើដំណើរផ្សងព្រេងមកកាន់កោះ LESBOS របស់ក្រិកមកពីខេត្ត CANAKKALE របស់តួកគី ។ កងឆ្មាំឆ្នេរសមុទ្រតួកគីរៀបរាប់ថា មនុស្សយ៉ាងតិច៣៣នាក់ស្លាប់ ហើយមនុស្ស៧៥នាក់ត្រូវបានជួយសង្គ្រោះ ។ អ្នកថតរូបរបស់ AFP ម្នាក់បានឃើញសាកសពជនអន្តោប្រវេសន៍ប្រមាណជា២០នាក់ ក្នុងនោះមានកុមារច្រើននាក់ នៅលើមាត់ច្រាំងសមុទ្រជិតទីក្រុង AYYACIK ។ អ្នកនៅរស់រានមានជីវិតម្នាក់និយាយទាំងយំផងប្រាប់ AFP ថា យើងមានការក្តុកក្តួលខ្លាំងណាស់ដោយមិត្តភក្តិយើងយ៉ាងតិច២០នាក់បាត់ខ្លួន ។ ពួកជនអន្តោប្រវេសន៍ដែលត្រូវបានសង្គ្រោះភាគច្រើនជានារី និងកុមារ ។ នាវាដែលពួកគេជិះបានលិចនៅកន្លែងមួយចម្ងាយប្រមាណជា៥០ម៉ែត្រពីឆ្នេរសមុទ្រតួកគី ហើយអាវពោង ព្រមទាំងរបស់របរផ្ទាល់ខ្លួនរបស់ពួកអន្តោ ប្រវេសន៍ដែលលង់ទឹកស្លាប់ ឃើញនៅលើឆ្នេរខ្សាច់ជាប់មាត់សមុទ្រ ។ កាលពីថ្ងៃទី២៨ មករា កន្លងមកនេះ ជនអន្តោប្រវេសន៍២៤នាក់ ក្នុងនោះមានកុមារ១០នាក់បានលង់ទឹកស្លាប់ក្នុងដែនទឹកកោះ SAMOS របស់ក្រិក ។ រួចមុននេះ មនុស្ស៧នាក់ក្នុងនោះមានកុមារ២នាក់ស្លាប់ក្នុងដែនទឹកកោះ KOS ។ កាលពីសប្តាហ៍មុន ជនអន្តោប្រវេសន៍៤៥នាក់ ស្លាប់ក្នុងការលិចនាវា៣គ្រឿងក្នុងតំបន់ដដែលនេះ ។ ទោះបីជាមានធាតុអាកាសត្រជាក់ខ្លាំងបំផុតនារដូវរងា ព្រមទាំងការរឹតត្បិតនានាដោយប្រទេសអឺរ៉ុបមួយចំនួនក្តី នៅតែមានពួកអន្តោប្រវេសន៍បន្តផ្សងព្រេងកាត់សមុទ្រមកអឺរ៉ុបដែរ ក្នុងខែមករានេះ ៕ ដោយ ៖ ខាន់ សុខឃន

website_news/2016010204.txt · Last modified: 2017/02/27 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki