website_news:2016010206

ប៉ូលិស Europol៖ កុមារចំណាកស្រុក១០០០០នាក់បាត់ខ្លួននៅអឺរ៉ុប

(http://khmer.voanews.com/ 01 កុម្ភៈ 2016 )

ទីភ្នាក់ងារប៉ូលិសនៃទ្វីបអឺរ៉ុបបាននិយាយថា ក្រុមកុមារចំណាកស្រុកដែលគ្មានញាតិសន្តានទៅជាមួយជាង ១០.០០០នាក់បានបាត់ខ្លួនក្នុងរយៈពេលពីរឆ្នាំនេះ។ លោក Brian Donald នាយអគ្គសេនាធិការនៃស្ថាប័នប៉ូលិស Europol បាននិយាយប្រាប់កាសែត Observer នៃប្រទេសអង់គ្លេសថា ក្រុមឧក្រិដ្ឋជនមានការរៀបចំ និងក្រុមជួញដូរផ្លូវភេទ ប្រហែល មានការទាក់ទិននឹងការបាត់ខ្លួនក្រុមកុមារទាំងនេះ។ លោក Donald បានថ្លែងកាលពីថ្ងៃសៅរ៍ថា «យើងមិនដឹងថាក្រុមកុមារទាំងនេះនៅទីណាទេ, មិនដឹងថាពួកគេធ្វើអ្វីទេ ឬថាពួកគេនៅជាមួយនរណាឡើយ។» ទោះណាជានៅមុនកំណើនក្រុមជនចំណាកស្រុកកាលពីឆ្នាំទៅមិញទៅកាន់ទ្វីបអឺរ៉ុបក៏ដោយ ក៏ទីភ្នាក់ងារមួយចំនួនក្នុងទ្វីបអឺរ៉ុបបានប្រមូលឯកសារឃើញថារហូតដល់ពាក់កណ្តាលនៃចំនួនក្រុមកុមារគ្មានញាតិសន្តានទៅជាមួយបានស្វះស្វែងសុំសិទ្ធិជ្រកកោនក្នុងអឺរ៉ុបបានបាត់ខ្លួននៅក្រោយបានចុះឈ្មោះជាមួយអាជ្ញាធររដ្ឋ។ ទិន្នន័យរបស់អង្គការ IOM និង UNICEF សម្រាប់ឆ្នាំ២០១៤បង្ហាញថា អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោនជាង២៣០០០នាក់ក្នុងទ្វីបអឺរ៉ុបជាអនីតិជនគ្មានញាតិសន្តានទៅជាមួយឬជាក្រុមកុមារដែលបានបែកខ្ញែកពីគ្រួសារពួកគេ។ ក៏ប៉ុន្តែនៅក្នុង១០ខែដំបូងនៃឆ្នាំ២០១៥ ប្រទេសស៊ុតអែតតែមួយគត់បានទទួលពាក្យសុំពីកុមារជាង២៣០០០នាក់ ដែលគ្មានញាតិសន្តានទៅជាមួយនិងបែកខ្ញែកពីគ្រួសារ។ ស្ថិតិពួកអ្នកសុំសិទ្ធិជ្រកកោនមិនបានបង្ហាញចំនួនតួលេខនៃក្រុមកុមារចំណាកស្រុកទាំងអស់ទេ៕

website_news/2016010206.txt · Last modified: 2017/02/27 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki