website_news:2016010301

នៅថៃ៖ ពលរដ្ឋខ្មែរចំនួន៥រូប ត្រូវបានចាប់ខ្លួនក្រោយអំពើហិង្សា រំលោភជនបរទេស

(http://km.rfi.fr/cambodia/ដោយ ស៊ុន មេសា 29/02/2016)

ប៉ូលិសថៃបានឱ្យដឹងថា កម្មករខ្មែរចំនួន៥រូប ត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សា និងរំលោភជនបរទេសនៅលើកោះមួយរបស់ប្រទេសថៃ។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ឱ្យដឹងថា អគ្គកុងស៊ុលកម្ពុជារួមជាមួយអាជ្ញាធររបស់ថៃ កំពុងពិនិត្យមើលលើករណីនេះ។

កម្មករនេសាទខ្មែរចំនួន៥រូបត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តិអំពើហិង្សា និងរំលោភភ្ញៀវទេសចរណ៍បារាំងនៅលើកោះទេសចរណ៍មួយប្រទេសថៃ។ ករណីអំពើហិង្សានេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ បើតាមការបញ្ជាក់ពីប៉ូលិសថៃ ដែលទីភ្នាក់ងារបារាំងAFPបានចុះផ្សាយ កម្មករខ្មែរទាំង៥រូបនោះ បានសារភាពថាពួកគេពិតជាបានប្រព្រឹត្តិមែន។ ជាការវាយប្រហារដោយប្រើប្រាស់កំាបិត និងដំបង។ ក្នុងអំពើហិង្សានោះ បុរសជនជាតិបារាំងចំនួន២រូបត្រូវរងរបួសធ្ងន់។ ក្រោយហេតុការណ៍ប៉ូលិសបានចាប់ជនសង្ស័យ ដែលជាជនជាតិខ្មែរចំនួន២រូបនៅក្នុងព្រៃលើកោះកើតហេតុ និង៣រូបផ្សេងទៀតត្រូវបានចាប់ខ្លួននៅច្រកចាំយាមជិតព្រំដែនកម្ពុជាថៃ។ អាជ្ញាធរថៃ បានចោទពលករខ្មែរទាំង៥រូបពីបទប្រើប្រាស់អំពើហិង្សា និងរំលោភសេពសន្ទវៈ។

ក្រសួងបរទេសកម្ពុជាបានឱ្យដឹងនៅថ្ងៃចន្ទនេះថា អគ្គកុងស៊ុលខ្មែរប្រចាំនៅទីក្រុងបាងកកកំពុងតាមដានករណីនេះ។ លោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងបន្ថែមថា កម្ពុជាបានត្រៀមលក្ខណៈជាស្រេចដើម្បីជួយពលករខ្មែរទាំង៥រូបដែលត្រូវចោទ។ លោកបញ្ជាក់ថា បើខាងភាគីថៃមានភស្តុតាងជាក់ស្តែងកម្ពុជានឹងបញ្ជូនមេធាវីដើម្បីការពារក្តី។

សូមបញ្ជាក់ថា ប្រទេសថៃគឺជាប្រទេសមួយដែលពលរដ្ឋខ្មែររាប់ម៉ឺននាក់បានចេញទៅធ្វើការជាកម្មករ ទូកនេសាទ កម្មកររោងចក្រ និងកម្មករសំណង់ជាដើម។ ហើយប្រទេសថៃក្បែរខាងមួយនេះ គឺជាប្រទេសមួយ មានភ្ញៀវទេសចរបរទេសបានទៅទស្សនានិងលេងកំសាន្ត។ បើតាមការបញ្ជាក់ពីរដ្ឋាភិបាលយោធាក្រុងបាងកក ឆ្នាំ២០១៥ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរទៅប្រទេសថៃមានប្រមាណ២៨លាននាក់។ គួរកត់សម្គាល់ថានៅឆ្នាំ២០១៥ អង្គការសុខភាពពិភពលោក ដែលបានសិក្សាស្តីពីសុវត្ថិភាពនៅតាមផ្លូវនៅទូទាំងពិភពលោក បានអះអាងថា ប្រទេសថៃគឺជាប្រទេសទី២ លើពិភពលោក ដែលផ្លូវក្នុងប្រទេសនេះមានគ្រោះថ្នាក់បំផុត។ សូមរម្លឹកថា ក្នុងករណីរំលោភលើជនបរទេស នៅប្រទេសថៃនេះ ប្រជាពលរដ្ឋភូមាចំនួន២រូប កាលពីឆ្នាំ២០១៣ ក៏ត្រូវអាជ្ញាធរថៃកាត់ទោសពីបទរំលោភ និងសម្លាប់ជនជាតិអង់គ្លេសផងដែរ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាបានអះអាងថា ក្រសួងនឹងបន្តតាមតាន និងត្រៀមគ្រប់លក្ខណៈដើម្បីជួយពលករខ្មែរទាំង៥រូបនោះ៕

website_news/2016010301.txt · Last modified: 2017/02/28 09:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki