website_news:2016010303

អន្តោប្រវេស្តន៍៖ឧប្បត្តិហេតុនៅតាមព្រំដែនក្រិក-ម៉ាសេដន

(http://km.rfi.fr/ ដោយ នុយ ប៊ែរណាដែត29/02/2016)

នៅថ្ងៃចន្ទ២៩កុម្ភៈ ភាពតានតឹងនៅតាមព្រំដែនប្រទេសក្រិកនិងម៉ាសេដន បានកើនឡើងមួយកំរិតទៀត បន្ទាប់ពីប៉ូលិសម៉ាសេដន បានបាញ់ឧស្ម័ន lacrymogènes ប្រឆាំងទៅលើហ្វូងជនអន្តោប្រវេស្តន៍រាប់រយនាក់ដែលបាននាំគ្នាសម្រុកប៉ុនប៉ងចូលទៅក្នុងរបងលួសព្រំដែនដើម្បីសម្តែងការប្រឆាំងទល់នឹងការបិទព្រំដែនអឺរ៉ុប។ បញ្ហាអន្តោប្រវេស្តន៍ ដែលសហភាពអឺរ៉ុបមានការបែកបាក់គ្នា។

ថ្ងៃចន្ទ២៩កុម្ភៈ ជនអន្តោប្រវេស្តន៍និងជនភៀសខ្លួនប្រមាណជាង៧០០០នាក់នៅតែត្រូវជាប់គាំងនៅព្រំដែនក្រិកនៅ Idomeni ក្រោយពីប្រទេសជាច្រើនដែលក្នុងនោះក៏មានប្រទេសម៉ាសេដនផងដែរ នាំគ្នាចាត់វិធានការរឹតបន្តឹងនៅលើចំនួនបណ្តាជនដែលត្រូវអនុញ្ញាតឲ្យចូលមកកាន់ទឹកដីរបស់ខ្លួន។ កាលពីថ្ងៃអាទិត្យមុន ម៉ាសេដន បានបិទព្រំដែនស្ទើតែគ្មានជនអន្តោប្រវេស្តន៍ណាម្នាក់អាចឆ្លងកាត់បាន ស្រាប់តែនៅព្រឹកព្រលឹមថ្ងៃចន្ទ ជនអន្តោប្រវេស្តន៍អ៊ីរ៉ាក់និងស៊ីរីចំនួន៣០០នាក់នៅទីបំផុតអាចធ្វើដំណើរចូលក្នុ្ហងទឹកដីម៉ាសេដនបាន។ ម្យ់ាងទៀតនាពាក់កណ្តាលថ្ងៃចន្ទ ជនអន្តោប្រវេស្តន៍ស៊ីរីនិងអ៊ីរ៉ាក់មួយក្រុមទៀតប្រមាណជា៣០០នាក់ដែលក្នុងនោះ ជាស្ត្រីនិងកូនក្មេង បានបង្ខំចិត្តនាំគ្នាសម្រុកកាត់ការឡោមហ៊ុំព័ទ្ធរបស់ប៉ូលីសក្រិក ដោយបានបុកទម្លាយរបាំងលួសមួយផ្នែកដែលសម្គាល់ព្រំដែនក្រិកជាមួយម៉ាសេដន។ ព្រមជាមួយគ្នានោះ ប៉ូលីសម៉ាសេដន បានធ្វើការតបតវិញដោយបានបាញ់ឧស្ម័ន lacrymogèneក្នុងគោលដៅរុញច្រានក្រុមអន្តោប្រវេស្តន៍កុំឲ្យចូលក្នុងទឹកដីម៉ាសេដនបាន។

យោងតាមអង្គការក្រៅរដ្ឋាភិបាល Médecins du Monde ឬ វិជ្ជបណ្ឌិតពិភពលោកដែលវត្តមាននៅលើទីនោះ ជនយ៉ាងតិច ៣០នាក់ បាននាំគ្នាមករកពេទ្យដើម្បីជួយព្យាបាលពួកគេក្នុងនោះភាគច្រើនជាកូនក្មេង។ Médecins du Monde ដដែលបានគូសបញ្ជាក់ទៀតថា ចំនួនជនអន្តោប្រវេស្តន៍នៅ Idomeni សព្វថ្ងៃនេះ មានចំនួនលើស៤ដងនៃទីកន្លែងដែលគេអាចទទួលយកជនភៀសខ្លួនឲ្យស្នាក់នៅបាននៅម្តុំប៉ុស្ត៍ព្រំដែន ជាហេតុជំរុញឲ្យក្រុមអន្តោប្រវេស្តន៍ជាច្រើននាក់ត្រូវនាំគ្នាទៅសំរាកដេកនៅតាមវាលសែ្រ។ សូមបញ្ជាក់ថា ម៉ាសេដនគឺជាប្រទេសដ៏សំខាន់សំរាប់ជនអន្តោប្រវេស្តន៍ក្នុងការធ្វើដំណើរឆ្លងកាត់ចូលមកទឹកដីអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងជើង។ នៅលើបញ្ហាអន្តោប្រវេស្តន៍នេះ បណ្តាប្រទេសអឺរ៉ុបជាច្រើនមានការខ្វែងគំនិតគ្នា។ ក្រោយពីអូទ្រីសដែលជាប្រទេសទីមួយបានកំណត់កូតាក្នុងការទទួលយកជនអន្តោប្រវេស្តន៍- ប្រទេសCroatie, Slovénie ក៏ព្រមទាំង Macédoineនិង Serbieក៏ បានសម្រេចចតិ្តកាលពីសប្តាហ៍មុនដែរ ថានឹងកំរិតចំនួនអន្តោប្រវេស្តន៍ដែរមុនយកចូលក្នុងទឹកដីរបស់ខ្លួន ជាហេតុជំរុញឲ្យប្រទេសក្រិកមានការប្រឆាំងយ៉ាងខ្លាំងក្លា៕

website_news/2016010303.txt · Last modified: 2017/02/28 09:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki