website_news:2016010401

កម្ពុជាបញ្ជូនពលករស្របច្បាប់ទៅកូរ៉េ បានជាងបួនម៉ឺននាក់

(http://bayontv.com.kh/31/03/2016)

ភ្នំពេញ៖ តាមរយៈក្រសួងការបរទេសកម្ពុជាបានបញ្ជូនពលករស្របច្បាប់ទៅធ្វើការនៅក្នុងប្រទេសកូរ៉េ បានជាងបួនម៉ឺននាក់ និងបានបង្វិលថវិកាជាច្រើនលានដុល្លាមកកម្ពុជាវិញផងដែរ។ ក្រៅពីនេះ ក្រសួងក៏បាន និងកំពុងជួយពលរដ្ឋខ្លួនជាច្រើននាក់ផ្សេងទៀត ដែលកំពុងរស់នៅក្រៅប្រទេស។ មានពលករស្របច្បាប់កម្ពុជាជាងបួនម៉ឺននាក់ដែលត្រូវបានក្រសួងការបរទេសសម្របសម្រួលឲ្យបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ចេញផ្សាយឲ្យដឹង ហើយដែល ទទួលបាននៅថ្ងៃទី ៣១ មីនា។ ប្រភពដដែលបន្តថា តួលេខនេះ គឺគិតចាប់ពីឆ្នាំ ២០០៧ រហូតមកទល់នឹងដំណាច់ខែ មីនា ឆ្នាំ ២០១៦ នេះ។ ក្រៅពីនេះក្រសួងក៏បានបញ្ជូនពលករកម្ពុជាទៅធ្វើការស្របច្បាប់នៅប្រទេសថៃ បានជាងពីរម៉ឺននាក់ថែមទៀត។ តួលេខនេះ គិតត្រឹមបីខែដំបូង នៃ ដើមឆ្នាំ ២០១៦ ប៉ុណ្ណោះ។

ចំពោះពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសវិញក្រសួងក៏បានជួយសង្គ្រោះ និងសម្របសម្រួលឲ្យបានវិលមកកាន់កម្ពុជា បានជិតមួយរយនាក់ថែមទៀត ក្នុងនោះមានដូចជា មកពី ចិន, ម៉ាឡេស៊ី, អារ៉ាប៊ីសាអូឌីត, រុស្ស៊ី និង ថៃ ជាដើម។ តួលេខនេះ ក៏គិតត្រឹមរយៈពេលបីខែដំបូង នៃ ដើមឆ្នាំ ២០១៦ ដែរ។

ចំណែកឯករណីសមត្ថកិច្ចថៃ ចុះត្រួតពិនិត្យទំនិញអាជីវករខ្មែរ នៅផ្សាររុងក្លឿ ខែត្រ ស្រះកែវ វិញ ក្រសួងការបរទេស ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រួមទាំងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខែត្រ ស្រះកែវ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធនានាដើម្បីសម្របសម្រួលជាមួយអាជ្ញាធរថៃ រហូតដល់សមត្ថកិច្ចថៃសម្រេចពន្យារពេលចុះត្រួតពិនិត្យទំនិញអាជីវករខ្មែរ ជាបណ្ដោះអាសន្នមកទល់នឹងពេលនេះ៕

website_news/2016010401.txt · Last modified: 2017/02/28 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki