website_news:2016010402

ពីខែមករា ដល់ខែមីនា អាជ្ញាធរបានជួយ ពលករមាតុភូមិនិវត្តន៍ ចំនួន៩៨នាក់ និងបានបញ្ជូនពលករ ទៅធ្វើការ នៅថៃ និងកូរ៉េ ជាង២ម៉ឺននាក់

(http://www.dap-news.com/kh/top-news) ព្រហស្បតិ៍, ៣១ មិនា ២០១៦ 21:23 ដោយ: ស៊ាន កុសល ID:038

ភ្នំពេញ៖ បើគិតចាប់តាំងពីខែមករា ដល់ខែមីនា ឆ្នាំ២០១៦ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយ ប្រជាពលរដ្ឋខ្មែរ ឲ្យមាតុភូមិនិវត្តន៍វិញ ចំនួន៩៨នាក់ និងបានសម្របសម្រួល បញ្ជូនពលករ ទៅធ្វើការនៅ ប្រទេសថៃ និងកូរ៉េ ជាង២ម៉ឺនាក់ នេះបើតាមសេចក្តីជូនព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅ ល្ងាចថ្ងៃទី៣១ ខែមីនានេះ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅក្រៅប្រទេស បានជួយដោះស្រាយបញ្ហា ដែលកើតមានឡើង ចំពោះពលរដ្ឋខ្មែរ នៅក្រៅប្រទេស ជាអាទិ៍ ពលករ-ពលការិនី និងស្ត្រីខ្មែរ ដែលទៅធ្វើការ ឬទៅ រៀបការជាមួយជនបរទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់នៅក្រៅប្រទេស ការរំលោភបំពានផ្សេងៗ ពីសំណាក់ និយោជកមកលើពលករ-ពលការិនីខ្មែរ ផ្ដល់ការគាំទ្រផ្នែកច្បាប់ (ផ្ដល់មេធាវីពេលឡើងតុលាការ) ការទាមទារ សំណងផ្សេងៗ ធ្វើទំនាក់ទំនង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រទេសតាំងនៅឲ្យជួយសំរួលផ្តល់ប័ណ្ណការងារនិងទិដ្ឋាការស្នាក់នៅ ជូនពលករ-ពលការិនី ។ល។ លោក ជុំ សុន្ទរី បញ្ជាក់បន្ថែមទៀតថា ជាក់ស្តែង ចាប់តាំងពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០១៦ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បាន៖

១-ជួយសង្គ្រោះ និងសំរួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ បានចំនួន ៩៨នាក់ ក្នុងនោះ ស្រ្តីរងគ្រោះ ចំនួន ១៣នាក់ ពីប្រទេសចិន, ពលករ-ពលការិនី ចំនួន ៣៨នាក់ ពីប្រទេសម៉ាឡេស៊ី, ពលការិនីរងគ្រោះ ចំនួន ០១នាក់ ពីប្រទេសឡាវ, ពលការីនីរងគ្រោះ ចំនួន ០១នាក់ ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត• ពលរដ្ឋកម្ពុជា ចំនួន ០២នាក់ ពីប្រទេសរុស្ស៊ី, ពលរដ្ឋកម្ពុជា ចំនួន ៣៦នាក់ ពីប្រទេសវៀតណាម (៥នាក់ស្ត្រីរងគ្រោះ ពីការជួញដូរមនុស្ស និង៣១នាក់ ចូលទៅលក់ ឆ្នោតខុសច្បាប់) និងពលករ ចំនួន ០៧នាក់ ពីប្រទេសថៃ។

២- សម្រួលការបញ្ជូន ពលករ-ពលការិនី កម្ពុជា ទៅធ្វើការនៅប្រទេសថៃ តាម MoU ចំនួន ២១.៤៨៥នាក់ ក្នុងនោះ• ៦.៩០៥ នាក់ នៅខែមករា ឆ្នាំ ២០១៦, ៦.៨២៩ នាក់ នៅខែកុម្ភៈ ឆ្នាំ២០១៦ និង៧.៧៥១ នាក់ នៅខែមីនា ឆ្នាំ២០១៦ (ពីថ្ងៃទី ១-៣១ មីនា)។

៣- សម្រួលការបញ្ជូន ពលករ-ពលការិនីខ្មែរ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយក្រសួងការងារកម្ពុជា ចំនួន ១.៣៦៨ នាក់ ក្នុងនោះ ៣៥៣ នាក់ នៅខែមករា ឆ្នាំ២០១៦, ២៧៨ នាក់ នៅខែកុម្ភៈ ឆ្នាំ២០១៦ និង៧៣៧ នាក់ នៅខែមីនា ឆ្នាំ២០១៦។ ចាប់ពីឆ្នាំ២០០៧ រហូតដល់ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិ បានសម្រួលពលករ-ពលការិនីខ្មែរ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ចំនួន ៤៤.១៩៤ នាក់ ។

៤- ចំពោះហេតុការ នៃការប៉ះទង្គិចគ្នា រវាងក្រុមអាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ជាមួយ និងក្រុមស៊ើបអងេ្កតថៃ មកពីទីក្រុងបាងកក ដែលបានចុះទៅពិនិត្យ កម្មសិទ្ធិបញ្ញានៅផ្សារនោះ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ និងបញ្ហា ដែលកើតមានឡើង ជាបន្តបន្ទាប់របស់អាជីវករខ្មែរ លក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅបាងកក និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសាកែវ បានសហការជា មួយអាជ្ញាធរពាក់ព័ន្ធ របស់កម្ពុជា ខិតខំឈ្មុះឈ្មុល ទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់របស់ថៃ ដើម្បីស្វែងរកដំណោះស្រាយ សមស្របជួយដល់អាជីវករខ្មែរយើង។

លោក ជុំ សុន្ទរី ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយសារមានការយកចិត្តទុកដាក់ខ្លាំង ក្នុងការរកដំណោះស្រាយ ពីសំណាក់ស្ថាប័នពាក់ព័ន្ធនានា របស់កម្ពុជា អាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ បានពន្យាពេលការចុះបោសសំអាតទំនិញកម្មសិទ្ធបញ្ញា ដែលអាជីវករខ្មែរយើង ដាក់លក់នៅផ្សាររ៉ុងក្លឿ រហូតដល់ចុង ខែមេសា ឆ្នាំ ២០១៦៕

website_news/2016010402.txt · Last modified: 2017/02/28 12:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki