website_news:2016010404

ចាញ់បោកគេអស់ជិត២០ម៉ឺនដុល្លារ ព្រោះចង់ទៅធ្វើការនៅជប៉ុន

(https://kohsantepheapdaily.com.kh/ ) ដោយ ៖ យ៉ាន់ ចាន់ថេត ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦ ម៉ោង ០៩:៥៥

ខេត្តកំពង់ចាម ៖ ដោយសារចង់ទៅធ្វើការនៅប្រទេសជប៉ុនពេក អ្នកភូមិសូជ័យ និងភូមិចំការ អណ្ដូង ប្រមាណជាង៤០នាក់ បានចាញ់បោកការឃោសនារបស់ក្រុមហ៊ុន CJC អស់ប្រាក់ម្នាក់ៗ ៤៧០០ដុល្លារ សរុបទាំងអស់ជិត២០ម៉ឺនដុល្លារ ពេលនេះកើតទុក្ខមិនសុខចិត្តនាំគ្នាទាមទារប្រាក់ទាំង នោះវិញ ព្រមទាំងបានមករកអ្នកសារព័ត៌មានឲ្យជួយចុះផ្សាយដើម្បីស្វែងរកការជួយអន្តរាមន៍ទៀតផងកាលពីព្រឹកថ្ងៃទី៣០ មីនា ២០១៦ ។ អ្នកស្រី សំ យូរឿន អាយុ៥៩ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ បានប្រាប់ឲ្យដឹងថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៥ មានគេមកឃោសនាឲ្យរៀនភាសាជប៉ុនក្នុងរយៈពេល៣ខែនឹងបានទៅធ្វើការនៅប្រទេសជប៉ុន ។ ក្រោយពីបានស្តាប់ទៅក៏ឃើញថាសមហេតុផល និងមានជំនឿលើគេ ទើបសម្រេចចិត្តឲ្យកូនប្រុសឈ្មោះ អ៊ុន តុលា អាយុ២២ឆ្នាំ ចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន (CJC) នៅរាជធានីភ្នំពេញ ។ អ្នកស្រី សំ យូរឿន ប្រាប់បន្តទៀតថា គេបានសន្យាថា រៀន៣ខែនឹងបានចេញទៅធ្វើការនៅប្រទេសជប៉ុន តែវគ្គសិក្សាពិសេសនោះត្រូវបង់លុយចំនួន៤០០០ដុល្លារ រួមនឹងបង់ឲ្យទៅជំទាវម្នាក់ក្រៅផ្លូវការ៧០០ដុល្លារទៀត សរុប៤៧០០ដុល្លារ ។ អ្នកស្រីបានលើកហេតុផលថា ក្នុងពេលដែលប្រគល់លុយឲ្យទៅគេនោះនៅពេលយប់ទៀត ហើយថែមទាំងមានមេធាវីដឹងឮផងដែរ ។ ដូច្នេះរហូតមកដល់ជិតចូលឆ្នាំប្រពៃណីជាតិខ្មែរ លើសពី៣ខែហើយ កូនប្រុសនៅតែមិនបានទៅជប៉ុននោះទេ ។

សិក្ខាកាមឈ្មោះ ឌន សាក់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ប្រាប់ឲ្យដឹងថា មានលោកជំទាវម្នាក់បាននាំក្រុមហ៊ុន CJC មកប្រកាសនៅក្នុងភូមិថា ត្រូវការជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន ដោយក្នុងម្នាក់ត្រូវបង់ចំនួន៤០០០ដុល្លារ ដែលវគ្គសិក្សានោះត្រូវការតែ២០០នាក់ទេ ។ លុះពេលដែលស្តាប់ការឃោសនារបស់គេក៏បានជឿទុកចិត្ត ក៏បានចុះឈ្មោះទៅរៀននៅរាជធានីភ្នំពេញ ដោយបង់លុយ៤០០០ដុល្លារទៅក្រុមហ៊ុន និង៧០០ដុល្លារទៀតក្រៅសេវា ។ ក្នុងពេលប្រគល់ឲ្យនោះនៅវេលាម៉ោង៧យប់ ថ្ងៃទី៧ ធ្នូ ២០១៥ ហើយក៏បានផ្តិតមេដៃទាំងមិនបានមើលឯកសារឲ្យបានគ្រប់ជ្រុងជ្រោយ ។ នៅក្នុងលិខិតប្រគល់លុយគឺគេបានសរសេរដាក់ថា ភាគីបានព្រមព្រៀងផ្តិតមេដៃសងប្រាក់នៅចំពោះមុខមេធាវីទៀត ។ គ្រាន់តែសាច់ញាតិរបស់គេផ្ទាល់មាន៧នាក់បានបង់លុយក្នុងម្នាក់ៗ៤០០០ដុល្លារនោះ មានពេលមួយនោះបានទៅសួរនាំរឿងលុយកាក់ត្រូវបានគេទះតុគំរាមដោយលើកហេតុផលថា លុយបើបង់ឲ្យសាលាហើយមិនអាចដកវិញបានទេ ។

សិក្ខាកាមឈ្មោះ ខាន់ សុខខឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ប្រាប់ថា ដោយសារតែមានការជឿងទុកចិត្តលើលោកជំទាវម្នាក់ ដែលមកឃោសនាដល់អ្នកភូមិរបស់លោកនោះ ទើបមានការជឿទុកចិត្ត ថែមទាំងលើកហេតុផលថា បើបានទៅធ្វើការនៅប្រទេសជប៉ុនចាប់ពី៥ទៅ១០ឆ្នាំ គេនឹងឲ្យចូលសញ្ជាតិទៀត ក៏បានទៅចុះឈ្មោះរៀននឹងគេ ដោយបង់លុងអស់៤៧០០ដុល្លារ ។

សិក្ខាកាមនៅក្នុងភូមិសូជ័យ និងភូមិចំការអណ្តូង សរុប៤០នាក់ សំណូមពរដ៏ទទូចមេត្តាសូមឲ្យក្រុមហ៊ុនខាងលើជួយបង្វិលលុយមកឲ្យពួកគាត់វិញផង ព្រោះការរៀនសូត្រលើសពី៣ខែហើយមិនបានចេញទៅនោះទេ ហើយអត្តសញ្ញាញបណ្ណ សៀវភៅគ្រួសារ បញ្ជីកំណើត ដែលក្រុមហ៊ុនCJC បាន ដកទុកនោះសូមប្រគល់ឲ្យមកសិក្ខាកាមវិញដើម្បីងាយស្រួលទៅបោះឆ្នោតក្នុងពេលខាងមុខនេះ ។ នារសៀលថ្ងៃទី៣០ មីនានេះ ជំនួយការរបស់លោក ឡាច សុភិន នាយក CJC បានប្រាប់«កោះសន្តិភាព»តាមទូរស័ព្ទឲ្យដឹងថា តាមគោលការណ៍របស់សាលា គឺត្រូវរៀនពី៣ខែទៅ៦ខែ តែអ្នក ខ្លះរៀនបានត្រឹម១០ថ្ងៃនោះមិនគ្រប់នឹងផែនការរបស់គេទេ ហើយការបង់លុយតម្រូវឲ្យបង់តែ២៧០ ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ តែត្រង់សិក្ខាកាមបង់លុយក្នុងម្នាក់៤០០០ដុល្លារបែរមិនឆ្លើយទៅវិញ ៕

website_news/2016010404.txt · Last modified: 2017/02/28 12:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki