website_news:2016010405

អ្នកចង់ទៅធ្វើពលករនៅជប៉ុន សង្ស័យទឹកភ្នែកជោកក្បាលជង្គង់

(https://kohsantepheapdaily.com.kh/) ដោយ ៖ យ៉ាន់ ចាន់ថេត ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១០:០៥

យុវជនប្រមាណ៤០នាក់ នៅឃុំចំការអណ្តូងស្រុកចំការលើ ខេត្តកំពង់ចាម រួមទាំងឪពុកម្តាយផង កំពុងដេកកើតទុក្ខធំ ដោយចោទថា ក្រុមហ៊ុនមួយឈ្មោះ CJC ដែលមានខ្មែរ ជានាយកយកប្រាក់ពីពួកគេ ក្នុងម្នាក់ៗ៤.០០០ដុល្លារ បូកជាមួយសេវាលោកជំទាវម្នាក់ឈ្មោះទូច ៧០០ដុល្លារទៀត ។ ចាញ់បោកគេអស់ជិត២០ម៉ឺនដុល្លារ ព្រោះចង់ទៅធ្វើការនៅជប៉ុន

បើតាមអ្នកឃុំចំការអណ្តូងនិយាយថា ក្រុមហ៊ុន CJC ប្រមូលមួយប្រាវនេះ បានប្រាក់ប្រមាណ២សែនដុល្លារ ដោយសន្យាយកទៅធ្វើពលករនៅប្រទេសជប៉ុន ក្រោយពីបានរៀនភាសាជប៉ុន៣ខែ ដែលក្រុមហ៊ុននេះ បើកសាលាបង្រៀន ។ ពួកគេនិយាយថា បើតាមការឃោសនារបស់លោកជំទាវទូច ប្រាប់ពួកគេ គួរឱ្យជឿថា ទៅធ្វើពលករនៅប្រទេសជប៉ុន អាចបានប្រាក់ខែក្នុងម្នាក់ពី១.៥០០ ទៅ២.០០០ដុល្លារ ហើយបើបានទៅធ្វើការប្រទេសជប៉ុនពី៥ឆ្នាំ ទៅ១០ឆ្នាំ នឹងបានចូលសញ្ជាតិជប៉ុនទៀតផង ។

ឮការឃោសនាបែបនេះ រួមផ្សំជាមួយស្ត្រីម្នាក់ ដែលអ្នកភូមិហៅលោកជំទាវទូច ដែលមានស្រុកកំណើតនៅតំបន់នឹងផង ធ្វើម៉េចមិនជឿកើត ។ ទីបំផុត នាំគ្នាជឿស្តូក ខ្លះលក់ដី លក់ចម្ការ ប្រមូលប្រាក់ជូនក្រុមហ៊ុន ដោយគ្មានការសង្ស័យអ្វីឡើយ ។ ពួកគេប្រាប់កោះសន្តិភាពថា ក្រោយពីរៀនបាន៣ខែហើយ ខំចាំមិនឃើញបញ្ជូនទៅប្រទេសជប៉ុនសោះ ចាំបាត់ៗ ស្ងាត់ដូចចោរគាស់ក្រោលទាំថ្ងៃ ក៏ទៅប្តឹងនគរបាលស្រុក ឱ្យជួយអន្តរាគមន៍យកប្រាក់វិញ ។

អ្នកខ្លះនិយាយថា ពេលទៅសួរ សុំយកប្រាក់វិញ ត្រូវនាយកគេទះតុច្រង៉េងច្រង៉ាង ធ្វើឱ្យអ្នកស្រែ ដែលលក់ដីចូលក្រុងនេះ កាន់តែភិតភ័យ ។ ព័ត៌មានខ្លីខាងលើនេះ សម្រាប់តែឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាមមួយប៉ុណ្ណោះ ដែលខកចិត្តប្រមាណ២សែនដុល្លារ។ ទំនងសង្ស័យ នៅមានខេត្តខ្លះទៀត ជិតៗរាជធានីភ្នំពេញ ដែលមានរឿងអាស្រូវដូចគ្នានេះដែរ ដែលព័ត៌មានពិស្តារមិនទាន់បញ្ជូនមកដល់ ។ តាមការសន្និដ្ឋាន ទំនងប្រហែលមិនអាចយកបានមកវិញទេ… សង្ស័យទឹកភ្នែកជោកក្បាល ជង្គង់ទេដឹង? ព័ត៌មានពិស្តារលើករណីកើតមាននៅឃុំចំការអណ្តូង នឹងផ្សាយជូននៅលើទំព័រកោះសន្តិភាពពេលក្រោយទៀត។

website_news/2016010405.txt · Last modified: 2017/02/28 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki