website_news:2016010701

ជនរងគ្រោះខ្មែរ៧នាក់ប្តឹងក្រុមហ៊ុនគ្រឿងសមុទ្រអាមេរិកាំង និងថៃ

(http://khmer.voanews.com) 01 កក្កដា 2016 ម៉ែន គឹមសេង

ជនរងគ្រោះ៧នាក់ ក្នុងនោះមានបុរសប្រាំនាក់ និងស្ត្រីពីរនាក់ ត្រូវបានមេខ្យល់មកបញ្ចុះបញ្ចូលឱ្យទៅធ្វើការនៅក្រុមហ៊ុនគ្រឿងសមុទ្រថៃឈ្មោះ ផាត់ថាណា ចន្លោះពីឆ្នាំ២០១០ ដល់២០១២។

វ៉ាស៊ីនតោន — ពលរដ្ឋខ្មែរដែលរងគ្រោះដោយសារការបោកបញ្ឆោតឱ្យទៅធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រក្នុងប្រទេសថៃ បានដាក់ពាក្យប្តឹងនៅតុលាការសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនអាមេរិកាំង និងក្រុមហ៊ុនថៃទាមទារសំណងខូចខាត ដែលពួកគេបានជួបប្រទះក្នុងពេលកន្លងមក។ ជនរងគ្រោះ៧នាក់ ក្នុងនោះមានបុរសប្រាំនាក់ និងស្ត្រីពីរនាក់ ត្រូវបានមេខ្យល់មកបញ្ចុះបញ្ចូលឱ្យទៅធ្វើការនៅក្រុមហ៊ុនគ្រឿងសមុទ្រថៃឈ្មោះ ផាត់ថាណា ចន្លោះពីឆ្នាំ២០១០ ដល់២០១២ ហើយបានប្រឈមនឹងការបង្ខំឱ្យធ្វើការងារលើសកម្លាំង ទាសភាព និងការធ្វើការដើម្បីសងបំណុលថៅកែ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនមេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់អាមេរិកាំង។

លោកស្រី អាក់នីសស្កា ហ្វ្រីសមែន (Agnieszka Fryszman) ប្រធានក្រុមមេធាវីនៃក្រុមហ៊ុនច្បាប់ Cohen Milstein ដែលតំណាងឱ្យជនរងគ្រោះទាំងនេះ បានបញ្ជាក់ប្រាប់ VOA ថា ក្រៅពីស្ថានភាពការងារអាក្រក់ពួកគេរស់នៅក្នុងស្ថានភាពគ្មានអនាម័យ និងប្រឈមមុខនឹងបញ្ហាសុខភាព។ លោកស្រីបន្ថែមថា៖ «ស្ថានភាពរបស់ពួកគេអាក្រក់ ហើយខ្ញុំគិតថាកាន់តែសោកសៅថែមទៀតនោះគឺពួកគេកាន់តែដុនដាប នៅពេលពួកគេត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីធ្វើការយ៉ាងលំបាកអស់រយៈពេលមួយឆ្នាំ ឬយូរជាងនោះ ដោយសារពួកគេមិនរកប្រាក់បានហើយបែរជាធ្លាក់ខ្លួនជំពាក់បំណុលកាន់តែធ្ងន់ធ្ងរ‍»។

ក្រុមហ៊ុន Phatthana Seafood Co., Ltd គឺជាក្រុមហ៊ុនថៃមួយ ដែលក្រុមហ៊ុនមេធាវីសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងនេះនៅតុលាការក្នុងរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី១៥ ខែមិថុនា ជំនួសឱ្យជនរងគ្រោះទាំង៧នាក់ ដែលកំពុងស្ថិតនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Phatthana Seafood Co., Ltd គឺជាក្រុមហ៊ុនថៃមួយ ដែលក្រុមហ៊ុនមេធាវីសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងនេះនៅតុលាការក្នុងរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី១៥ ខែមិថុនា ជំនួសឱ្យជនរងគ្រោះទាំង៧នាក់ ដែលកំពុងស្ថិតនៅប្រទេសកម្ពុជា។

ក្រុមហ៊ុនមេធាវីសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងនេះនៅតុលាការក្នុងរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី១៥ ខែមិថុនា ជំនួសឱ្យជនរងគ្រោះទាំង៧នាក់ ដែលកំពុងស្ថិតនៅប្រទេសកម្ពុជានៅឡើយ។ ក្រុមហ៊ុនដែលរងការប្តឹងផ្តល់ជាក្រុមហ៊ុនអាមេរិកាំងចំនួនពីរគឺក្រុមហ៊ុន Rubicon Resources, LLC និងក្រុមហ៊ុន Wales &Co. Universe Ltd., ហើយក្រុមហ៊ុនថៃចំនួនពីរគឺក្រុមហ៊ុន Phatthana Seafood Co., Ltd និងក្រុមហ៊ុន S.S. Frozen Food Co., Ltd. ដែលជាអ្នកផ្គត់ផ្គង់អាហារគ្រឿងសមុទ្រដល់ក្រុមហ៊ុនអាមេរិកាំងទាំងពីរ។

យោងតាមពាក្យបណ្តឹងដែល VOAទទួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ រដ្ឋា រស់នៅក្នុងខេត្តពោធិ៍សាត់ នៅពេលដែលភ្នាក់ងារជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន CDM Trading Manpower Col, Ltd. បានមកទាក់ទងរូបលោក ដើម្បីឱ្យទៅធ្វើការជាមួយនឹងក្រុមហ៊ុនវេចខ្ចប់គ្រឿងសមុទ្រផាត់ថាណា របស់ប្រទេសថៃ។

លោក កែវ រដ្ឋា បានលក់ម៉ូតូមួយគ្រឿង ដើម្បីបង់ថ្លៃលិខិតឆ្លងដែនតម្លៃ១៥០ដុល្លារ និងបានព្រមជំពាក់បំណុលក្រុមហ៊ុនសម្រាប់ការបង់ថ្លៃសេវាផ្សេងៗ ដោយសន្យាថា នឹងកាត់ប្រាក់ខែសងវិញ។ លោកបានមកដល់រោងចក្ររបស់ក្រុមហ៊ុនផាត់ថាណា នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០១១ ដោយត្រូវធ្វើការនៅក្នុងស្ថានភាពគ្រោះថ្នាក់ដល់សុខភាព ហើយស្នាក់នៅកន្លែងកខ្វក់និងមិនទទួលបានប្រាក់ខែច្រើនដូចក្រុមហ៊ុនសន្យាទេ។

ថៅកែបានអនុញ្ញាតឱ្យលោកបានវិលត្រឡប់ទៅផ្ទះវិញ នៅខែមករា ឆ្នាំ២០១២ បន្ទាប់ពីមានសេចក្តីរាយការណ៍តាមសារព័ត៌មាននានា ពីការកេងប្រវ័ញ្ចកម្លាំងពលកម្មមនុស្សក្នុងឧស្សាហកម្មគ្រឿងសមុទ្រថៃ។ លោក កែវ រដ្ឋា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖«អ្វីដែលបានកើតមានឡើងចំពោះខ្ញុំគឺមិនត្រឹមត្រូវទាល់តែសោះ។ ខ្ញុំបានដាក់ពាក្យបណ្តឹងនេះដើម្បីឱ្យក្រុមហ៊ុនគិតគូរឱ្យបានច្បាស់លាស់ មុននឹងកេងប្រវ័ញ្ចពលករនៅពេលខាងមុខ ហើយក៏ដើម្បីជួយដល់ពលករដែលត្រូវគេកេងប្រវ័ញ្ចដូចរូបខ្ញុំ‍»។

ជនរងគ្រោះដទៃទៀតមានឈ្មោះ សែម កុសល និងប្រពន្ធឈ្មោះ ប៊ុន សុភា។ អ្នកទាំងពីររស់នៅក្នុងខេត្តបាត់ដំបង នៅពេលដែលក្រុមហ៊ុនមកទាក់ទងដើម្បីទៅធ្វើការនៅប្រទេសថៃ។ ពួកគាត់បានចាកចេញពីប្រទេសកម្ពុជានៅខែធ្នូ ឆ្នាំ២០១០ ហើយបានត្រឡប់មកវិញនៅខែកក្កដា ឆ្នាំ២០១២។ បើទោះបីជាធ្វើការទាំងពីរនាក់ប្តីប្រពន្ធឱ្យក្រុមហ៊ុនផាត់ថាណា ក៏ពួកគាត់មិនមានសល់ប្រាក់កាសអ្វីឡើយ។ ពាក្យបណ្តឹងបានលើកឧទាហរណ៍ថា សូម្បីពេលកូននៅស្រុកខ្មែរឈឺ ក៏ពួកគាត់គ្មានលទ្ធភាពទិញថ្នាំឱ្យកូនដែរ ហើយបើគ្មានយាយតាជួយចិញ្ចឹមទេកុមារទាំងនោះត្រូវដាច់បាយ។ ពាក្យបណ្តឹងបានបន្ថែមថា៖ «ពួកគេរកប្រាក់បានតិចតួច ហើយជារឿយៗមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញម្ហូបហូបដោយខ្លួនឯងផង និងតែងប្រឈមមុខនឹងភាពអត់ឃ្លាន‍»។

រីឯជនរងគ្រោះ យ៉ែម បាន និងប្រពន្ធឈ្មោះ ណុល ណាគ្រី មកពីខេត្តកំពត បានទៅធ្វើការឱ្យក្រុមហ៊ុន ផាត់ថាណា នៅឆ្នាំ២០១១ មុននឹងត្រូវបណ្តេញចេញពីប្រទេសថៃនៅក្នុងឆ្នាំ២០១២។ ដោយសារតែស្ថានភាពការងារលំបាក និងហូបចុកមិនគ្រប់គ្រាន់ដោយពេលខ្លះត្រូវដើររើសត្រីសល់តាមសមុទ្រហូប អ្នកទាំងពីរបានសម្រេចចិត្តរត់ទៅឱ្យប៉ូលិសចាប់ខ្លួនក្នុងនាមជាពលករខុសច្បាប់គ្មានឯកសារ ដោយសារតែក្រុមហ៊ុនបានរក្សាទុកឯកសារមិនព្រមសងវិញ។ ជនរងគ្រោះទីប្រាំមួយ ឈ្មោះ ផាន់ សុភា រស់នៅក្នុងខេត្តបាត់ដំបង ហើយបានចាកចេញទៅធ្វើការនៅប្រទេសថៃក្នុងឆ្នាំ២០១០ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅអំឡុងខែតុលាឆ្នាំ២០១២។ ផាន់ សុភា នៅតែជំពាក់បំណុលគេ ដោយសារតែខ្ចីលុយរត់ឯកសារ ដើម្បីបានទៅធ្វើការនៅប្រទេសថៃ ហើយសូម្បីតែពេលទៅដល់ថៃ នៅពេលដែលម្តាយរបស់ខ្លួនស្លាប់បាត់បង់ជីវិតក៏ដោយ ក៏ថៅកែមិនអនុញ្ញាតឱ្យត្រឡប់មកចូលរួមបុណ្យសពវិញដែរ ដោយទាមទារឱ្យបង់ប្រាក់៦០០០បាត (ត្រូវជាជិត២០០ដុល្លារសហរដ្ឋអាមេរិក) ទើបប្រគល់លិខិតឆ្លងដែនឱ្យ។

ជនរងគ្រោះចុងក្រោយដែលបានចូលរួមដាក់ពាក្យប្តឹងដែរមានឈ្មោះ សុខ សាង មកពីខេត្តកំពតត្រូវបានគេនាំទៅធ្វើការនៅក្រុមហ៊ុន ផាត់ថាណា ក្នុងខែឧសភា ឆ្នាំ២០១១ និងខែមេសា ឆ្នាំ២០១២ទើបបានវិលត្រឡប់មកប្រទេសវិញ។

លោកស្រី Agnieszka Fryszman មេធាវីតំណាងឱ្យជនរងគ្រោះទាំងនោះ បានបន្ថែមថា៖ «ខ្ញុំមានការគោរពខ្លាំងចំពោះដើមបណ្តឹង។ ពួកគេគឺជាមនុស្សថ្លៃថ្នូរ ខិតខំប្រឹងធ្វើការ។ ពួកគេគួរឱ្យស្រឡាញ់ជាមនុស្សសមរម្យដែលមិនគួរមករងគ្រោះនឹងហេតុការណ៍ ដែលបានកើតមានឡើងចំពោះពួកគេដូច្នោះទេ។ ហើយខ្ញុំមានការកោតសរសើរដល់សេចក្តីក្លាហានរបស់ពួកគេ ដែលហ៊ានចេញមុខមកការពារខ្លួនឯងផង និងជួយការពារពលរដ្ឋរួមជាតិរបស់ខ្លួនផង‍»។ ក្រុមមេធាវីបញ្ជាក់ថា ក្រុមហ៊ុនដែលរងការប្តឹងផ្តល់នេះ លក់បង្គានិងគ្រឿងសមុទ្រទៅឱ្យអតិថិជនលក់រាយនៅសហរដ្ឋអាមេរិក ដូចជាផ្សារ Walmart និងថាក្រុមហ៊ុនបន្តទទួលផលប្រយោជន៍ បើទោះបីជាដឹងពីការជួញដូរកម្លាំងពលកម្ម ដែលជាការរំលោភនឹងច្បាប់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ។ តាមច្បាប់ការពារជនរងគ្រោះពីការជួញដូរមនុស្សអនុញ្ញាតឱ្យជនរងគ្រោះទាមទារសំណងពីជនណាឬក្រុមហ៊ុនណា ដែលបានផលប្រយោជន៍ពីអំពើនោះដោយខ្លួនឯងនៅបន្តប្រព្រឹត្ត បើទោះបីជាបានដឹងហើយក៏ដោយ៕

website_news/2016010701.txt · Last modified: 2017/03/10 09:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki