website_news:2016010702

សហរដ្ឋអាមេរិកចាត់ទុកស្ថានភាពជួញដូរមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង

(http://khmer.voanews.com) 01 កក្កដា 2016 ទែន សុខស្រីនិត

ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកទទួលស្គាល់ស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ដែលមានលក្ខណៈប្រសើរជាងមុន ដោយដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី២ (Tier 2) នៅក្នុងរបាយការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរឆ្នាំ២០១៦នេះ ឬ Trafficking in Persons Report។ លោកស្រី ជូ ប៊ុនអេង ថ្លែងថា៖ «អ្វីដែលថ្មីសម្រាប់យើងគឺថា យើងបានទទួលកិច្ចសហប្រតិបត្តិការកាន់តែច្រើនរវាងដៃគូពាក់ព័ន្ធ ទាំងនៅកម្រិតជាតិក៏ដូចជានៅកម្រិតថ្នាក់ក្រោមជាតិ ដែលជួយឲ្យការងាររបស់យើងបានប្រសើរជាងមុន»។

វ៉ាស៊ីនតោន —កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុន ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៦នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលចេញផ្សាយជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនានេះ។

សម្រាប់ឆ្នាំ២០១៦នេះ ស្ថានភាពការជួញដូរមនុស្សនៅកម្ពុជាត្រូវបានទទួលស្គាល់ថា មានភាពប្រសើរជាងមុន ដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានដាក់កម្ពុជានៅក្នុងចំណាត់ថ្នាក់ទី២ (Tier 2) នៅក្នុងរបាយការណ៍ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ក្នុងអំឡុងពេលបីឆ្នាំកន្លងទៅនេះ កម្ពុជាបានស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ ក្នុងស្ថានភាពឃ្លាំមើល ឬ (Tier 2 Watch List) ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងគោលនយោបាយ និងសកម្មភាពអនុវត្តគោលនយោបាយ និងច្បាប់របស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាបានសហការជាមួយនឹងអង្គការជាដៃគូអភិវឌ្ឍន៍ ដោយអនុវត្តសកម្មភាពមួយចំនួនធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីលុបបំបាត់ការជួញដូរមនុស្សគ្រប់ប្រភេទនៅកម្ពុជា។

លោកស្រីថ្លែងថា៖ «យើងក៏បាននឹងកំពុងតែកែរៀបចំកែលម្អ ទាំងរចនាសម្ព័ន្ធ ទាំងសកម្មភាព ក៏ដូចជាពង្រឹងបន្ថែមលើការអនុវត្តច្បាប់ ក៏ដូចជាគោលនយោបាយនានា។ ហើយយើងក៏មានសកម្មភាពជាច្រើន ដោយរាប់បញ្ចូលទាំងការបង្ការ ទប់ស្កាត់ភាពរងគ្រោះរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជួយជនរងគ្រោះ ដែលយើងបាននឹងកំពុងតែរៀបចំឲ្យមានជាគោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ។ ហើយយើងក៏ត្រៀមធ្វើការបណ្តុះបណ្តាល ដើម្បីអនុវត្តទាំងក្នុងប្រទេស និងតាមបណ្តាស្ថានទូតនានា ដែលមានពលករ ឬអ្នករងគ្រោះនៅទីនោះ»។

លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា បានធ្វើការងារជាបន្តបន្ទាប់ដើម្បីពង្រឹងការអនុវត្តច្បាប់ ដោយបង្កើតជាប្រព័ន្ធប្រមូលទិន្នន័យ និងការកែលម្អនីតិវិធីក្នុងការផ្តន្ទាទោសជនល្មើសជាដើម។ជាក់ស្តែង របាយការណ៍ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្នាំ២០១៦របស់ក្រសួងការបរទេសអាមេរិក បានកត់សម្គាល់ការកើនឡើងនៃការផ្តន្ទាទោសជនល្មើសនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងករណីជួញដូរកម្លាំងពលកម្ម។ លើសពីនេះ របាយការណ៍នេះក៏ទទួលស្គាល់ថា កម្ពុជាបានពង្រឹងគោលការណ៍ថ្នាក់ជាតិដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយបានជួយសង្គ្រោះជនរងគ្រោះចំនួន៥៨៩នាក់ ក្នុងឆ្នាំ២០១៦នេះ ដែលជាការវិវត្តទៅមុខល្អប្រសើរជាងឆ្នាំ២០១៥។

នៅក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍នេះជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាម្សិលមិញនេះ លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រសួងការបរទេសបានអនុវត្តតាមលក្ខណៈវិនិច្ឆ័យដ៏សុក្រឹត្យ និងត្រឹមត្រូវ។លោកថ្លែងថា៖ «ការចាត់ចំណាត់ថ្នាក់របស់ប្រទេសទាំងអស់ ដែលខ្ញុំបានចូលរួមរៀបចំឡើងនេះ ឆ្លុះបង្ហាញឲ្យឃើញពីការវាយតម្លៃដ៏សុក្រឹត្យបំផុតរបស់ក្រសួងការបរទេសយើង លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងនោះ ក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ របាយការណ៍នេះមិនពិចារណាលើស្ថានភាពនយោបាយ ឬកត្តាផ្សេងៗទៀត សម្រាប់ធ្វើការវិនិច្ឆ័យរបស់យើងនោះទេ»។

បន្ថែមពីនេះ លោកក៏បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដែលកាន់តែរីករាលដាលខ្លាំងនៅក្នុងសតវត្សរ៍ទី២១នេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងបែបសហការរួមគ្នាជាសកល។ សព្វថ្ងៃនេះ នៅទូទាំងសកលលោក មានមនុស្សប្រមាណ២០លាននាក់កំពុងធ្លាក់ខ្លួនជាទាសករសម័យទំនើប។ លោកថ្លែងថា៖ «និយាយឲ្យស្មោះត្រង់ទៅ វាគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យខឹង ដែលសព្វថ្ងៃនេះយើងជួបនឹងកត្តាប្រឈមជាច្រើន ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។ ក៏ប៉ុន្តែ យើងមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំង ហើយសូមជឿខ្ញុំចុះថា យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់ការជួញដូរមនុស្ស»។ ដូចលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដែរ លោកស្រី ជូ ប៊ុនអេង ក៏បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគឺជាកិច្ចការមួយ ដែលទាមទារកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ឲ្យដើរលើគោលការណ៍តែមួយ។

លោកស្រីថ្លែងថា៖ «កន្លងមកនេះ យើងធ្វើការងារទប់ស្កាត់ជាច្រើន ដែលយើងអាចនិយាយបានថា គ្រប់អង្គការ ស្ថាប័នដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សស្ទើរតែទាំងអស់ បាននិយាយថា ខ្លួនបាននិងកំពុងតែធ្វើការងារទប់ស្កាត់។ ក៏ប៉ុន្តែ ការទប់ស្កាត់ដែលយើងនាំគ្នាធ្វើកន្លងមកនេះ ដោយមិនមានគោលការណ៍ជាក់លាក់ ហើយក៏មិនមានការឯកភាពគ្នាក្នុងការផ្សព្វផ្សាយ ក៏ដូចជាក្នុងការអប់រំណែនាំដល់ប្រជាពលរដ្ឋ ក៏មិនស៊ីសង្វាក់គ្នា ដែលធ្វើឲ្យការបង្ការ ការទប់ស្កាត់របស់យើងមិនមានប្រសិទ្ធភាពល្អទេ»។

លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា អាស្រ័យហេតុនេះ គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាននឹងកំពុងតែអំពាវនាវឲ្យអង្គការដៃគូទាំងឡាយ ដែលកំពុងតែមានសកម្មភាពផ្តោតទៅលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចូលរួមសហការគ្នាជាមួយរដ្ឋាភិបាល ដើម្បីចងក្រងផែនការយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលបានអនុវត្តតាំងពីឆ្នាំ២០១៣ ហើយនឹងបន្តរហូតដល់ឆ្នាំ២០១៨ខាងមុខនេះ។

លោកស្រីថ្លែងថា៖ «អ្វីដែលថ្មីសម្រាប់យើងគឺថា យើងបានទទួលកិច្ចសហប្រតិបត្តិការកាន់តែច្រើនរវាងដៃគូពាក់ព័ន្ធ ទាំងនៅកម្រិតជាតិក៏ដូចជានៅកម្រិតថ្នាក់ក្រោមជាតិ ដែលជួយឲ្យការងាររបស់យើងបានប្រសើរជាងមុន»។

បច្ចុប្បន្ននេះ បន្ថែមលើមូលនិធិឧបត្ថម្ភផ្សេងៗ រដ្ឋាភិបាលកម្ពុជាក៏មានថវិកាជាតិផ្ទាល់ខ្លួន សម្រាប់ទ្រទ្រង់សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានក្រសួងនិងស្ថាប័នចំនួន២២ និងអង្គភាពមួយចំនួនទៀត ដែលមានរចនាសម្ព័ន្ធរហូតដល់ថ្នាក់ក្រោមជាតិផងដែរ៕

website_news/2016010702.txt · Last modified: 2017/03/10 09:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki