website_news:2016010705

សង្ស័យចូលកាប់ឈើខុសច្បាប់ ទាហានថៃ ចាប់ខ្លួនពលរដ្ឋខ្មែរ ៤ នាក់

(http://www.cen.com.kh) ថ្ងៃទី 1 កក្កដា 2016, ម៉ោង 12:02:PM) | ដោយ: បន្ទាយ

ស្រះកែវ-ថៃ: សង្ស័យបានចូលកាប់ឈើខុសច្បាប់ ក្នុងតំបន់ឧទ្យានជាតិថៃ ទាហានថៃ ចាប់ខ្លួនពលរដ្ឋខ្មែរ ៤ នាក់។ ប៉ុន្តែពលរដ្ឋមួយចំនួនទៀត បានរត់គេចខ្លួន ខណៈពេលទាហានថៃ ចុះបង្ក្រាប កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នោះ។

ប្រភពព័ត៌មានពីខេត្តស្រះកែវ ប្រទេសថៃ បានអោយដឹង គេហទំព័រ CEN ថ្ងៃទី១ កក្កដាថា: នៅមុនកិច្ចប្រតិបត្តិការនេះ គឺនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១០ ព្រឹក កំលាំងជំនាញស៊ើបការណ៍ និងមេព្រៃ បានទទួលដំណឹងថា មានប្រជាពលរដ្ឋស៊ីវិល ៤-១០ នាក់ ចូលទៅរកវល្លិ៍ និងដកផ្សិតជាដើម។ តែក៏មានមនុស្សមួយក្រុមទៀត មានគ្នាជាង ៣០នាក់ បាននិងកំពុងស្ពាយ ឈើគ្រញូងចុះ ពីជួរភ្នំវុំាំងក្រាក់ថៈ នៅចំកណ្តាលឧទ្យានជាតិ ប៉ាងស៊ីដា ស្ថិតក្នុងភូមិ៨ ឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ។ ពេលនោះកម្លាំងមេព្រៃប្រចាំតំបន់ហ៊ួយឆាន់ បានសហការជាមួយ ក្រុមអភិរក្សឧទ្យានជាតិប៉ាងស៊ីដា កំលាំងកងទ័ព និងក្រុមតម្រួត (នគរបាល) ថៃ រាប់សិបនាក់ បានចេញទៅកាន់គោលដៅខាងលើ រួចឡោមព័ទ្ធ ក៏បានឃើញមនុស្សជាច្រើននាក់បន្តកន្ទុយគ្នាកំពុងស្ពាយឈើគ្រញូងចុះពីតំបន់ភ្នំមែន ។

ប្រភពបានបន្តថា: ឃើញកំលាំងចំរុះភ្លាម អ្នកលីស្ពាយឈើ បានធ្វើជាសញ្ញាអោយបក្ខពួក ទំលាក់ឈើចោល រួចរត់គេចខ្លួន យកតែព្រះអាយ៉ូស។ កម្លាំងចម្រុះ បានរឹបអូសឈើគ្រញូង បានចំនួន៥០ដុំ និងចាប់ឃាត់ខ្លួនមនុស្ស ចំនួន៤នាក់ ដែលត្រូវបានគេស្គាល់ថា ជាកម្មករខ្មែរ ។ រីឯមេក្លោង ជាជនជាតិថៃ បានដឹកនាំកំលាំង ចូលទៅកាប់ឈើទីនោះ បានគេចខ្លួនបាត់។

តម្រួតថៃ បានប្រាប់សារព័ត៌មានក្នុងស្រុកថៃថា: បុរសជាកម្មករខ្មែរទាំង៤នាក់នោះ ១- ឈ្មោះសឿ ហ៊ុំ អាយុ៣៥ឆ្នាំ ។២ -ឈ្មោះគុណ ផាកុល អាយុ៣៤ឆ្នាំ ។ ៣-ឈ្មោះហេន សំអាត អាយុ៣៦ឆ្នាំ និង៤-ឈ្មោះ រ៉េត បោយ អាយុ៣៧ឆ្នាំ ។ ពួកគេបានប្រាប់ថា: ពួកគេមានគ្នាប្រមាណ ៣០ នាក់ ដោយបែងចែកជាពីរក្រុម គឺក្រុមទី១ ជាអ្នកចូលទៅកាប់ និងជ្រៀក, ឯក្រុមទី២ គឺជាអ្នកស្ពាយចុះពីភ្នំ។ ហើយពួកគេ ត្រូវមេឈ្មួញថៃ ជួលអោយស្ពាយឈើនេះ ចេញពីតំបន់ឧទ្យានថាប់ឡាន ក្នុងខេត្តប្រាជីនបុរី ឯណោះ ដោយដើរកាត់ព្រៃ ចេញទៅតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា ខេត្តស្រះកែវ ហើយចុះពីភ្នំវុំាងក្រាក់ថៈ ទើបមានរថយន្ត មកចាំដឹកនៅទីនោះ។

កម្មករខ្មែរទាំង៤នាក់ បាននឹងកំពុងត្រូវសមត្ថកិច្ច កងកម្លាំងថៃសាកសួរ ។ ឯឈើគ្រញូងទាំង ៥០ ដុំ រក្សាទុកនៅស្នាក់ការមេព្រៃ ក្នុងខេត្តស្រះកែវដែរ៕N/S

website_news/2016010705.txt · Last modified: 2017/03/10 09:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki