website_news:2016010801

ជាប់ទោសព្រោះ បោកយកកូនស្រីគេទៅលក់

(https://www.khmerload.com/news) ថ្ងៃសៅរ៍ ៣០ កក្តដា, ២០១៦ ០៨:១៥

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបានតុលាការ ខេត្តបន្ទាយមានជ័យចោទប្រកាន់ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន។ ការចោទប្រកាន់នេះ បន្ទាប់មន្ត្រីនគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជីន ពន្លឺ ហៅឈ្នន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យត្រូវបាន ម្តាយខាងជនរងគ្រោះ ប្តឹងពីបទនាំយកកូនស្រី របស់គាត់ឲ្យទៅរៀបការជាមួយ ជនជាតិបរទេស ដោយអះអាងថានាំទៅរកការងារធ្វើស្រួលនៅប្រទេសចិន។ តាមបណ្តឹងរបស់ស្ត្រីជាម្តាយឈ្មោះ ឃុត ភាព អាយុ៦០ឆ្នាំ នៅភូមិស្រែព្រៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចំណោម នៅវេលាម៉ោង២រសៀល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ បាននិយាយរៀបរាប់ថា កាលពីខែតុលា ឆ្នាំ២០១៥ មានឈ្មោះ ជីន ពន្លឺ ហៅឃ្នន អាយុ៣២ឆ្នាំ នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី បាននាំកូនស្រីរបស់ខ្លួនចំនួន២នាក់ ម្នាក់ឈ្មោះ ប៉ាង ណាវី អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៉ាង ស្រីពៅ អាយុ១៦ឆ្នាំ ឲ្យទៅធ្វើមេផ្ទះនៅប្រទេសចិន ដោយសន្យាថាបានតម្លៃប្រាក់ខែខ្ពស់ ចាប់ពី៧០០ទៅ៨០០ដុល្លា។

ដើម្បីលើកស្ទួយ ជីវភាពក្រុមគ្រួសារក្រីក្រ គាត់ក៏បានយល់ព្រម ឲ្យកូនទាំង២នាក់ ដែលកំពុងស្ថិតក្នុងបន្ទុកទៅ ប៉ុន្តែឈ្មោះស្រីពៅ នោះមិនទាន់គ្រប់អាយុ ឲ្យធ្វើនៅការងារប្រទេសចិនបាន ជនជាប់ចោទឈ្មោះ ជីន ពន្លឺ បានបង្គាប់ឲ្យរកខ្ចីសំបុត្រកំណើត អ្នកដែលគ្រប់អាយុ ពេលនោះឈ្មោះ ស្រីពៅ បានខ្ចីសំបុត្រកំណើត ផុន ម៉ាន់ ភេទស្រី អាយុ១៩ឆ្នាំ ដើម្បីធ្វើលិខិតឆ្លងដែន ចេញទៅប្រទេសចិន ឈ្មោះជីន ពន្លឺ ហៅឃ្នន ថានឹងរកការងារស្រួលៗ ឲ្យកូនគាត់ធ្វើ តែបែរជាទៅដល់ ប្រទេសចិនបង្ខំឲ្យកូនគាត់រៀបការជាមួយ បុរសជនជាតិចិនទាំង២នាក់។

ចំណែកកូនគាត់នាងស្រីពៅ ត្រូវបានប្តីជាជនជាតិចិនបានវាយ ធ្វើបាបជារៀងរាល់ថ្ងៃ។ ដោយស៊ូទ្រាំមិនបាន នាងក៏បានហៅទូរស័ព្ទ មកឲ្យគាត់ជាម្តាយរក ឲ្យគេជួយ ។ ក្នុងនោះគាត់បាន រត់ទៅរកខ្ចីប្រាក់គេបាន១.៥០០ដុល្លា ផ្ញើទៅឲ្យកូនដើម្បីរកគេជួយ។ លុះដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ ក៏បានរត់ចេញពីផ្ទះនាងនៅ ហើយគេជួយនាំនាងទៅកាន់ ស្ថានទូតកម្ពុជាប្រចាំ នៅខេត្តបាំងស៊ី ប្រទេសចិន។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរី បានបញ្ជាក់ថាការចាប់ឃាត់ខ្លួនស្ត្រីឈ្មោះ ជីន ពន្លឺ ហៅឃ្នន នេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានតុលាការបញ្ជូនដាក់ពន្ធនាគាររួចហើយដែរ ដោយចោទប្រកាន់ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន។

គួរបញ្ជាក់ថា បើតាមការផ្តល់ព័ត៌មាន ពីលោកនាយប៉ុស្តិ៍រដ្ឋបាលចំណោម មកទល់ពេលនេះ ជនរងគ្រោះឈ្មោះស្រីពៅ មិនទាន់បានមកដល់ ប្រទេសខ្មែរនោះទេ គឺកំពុងស្នាក់នៅ ស្ថានទូតកម្ពុជានៅទីនោះ។ ចំណែកបងស្រីឈ្មោះ ប៉ាង ណាវី មិនបានត្រឡប់មកវិញទេ៕

website_news/2016010801.txt · Last modified: 2017/03/10 12:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki