website_news:2016010802

គ.ជ.បនឹងពិចារណាសំណើទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតរបស់ពលករ

(http://www.rfa.org/khmer/news) ដោយ ខែ សុណង 2016-07-30

គណបក្សប្រឆាំងស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជួយសម្រួលដល់ពលករចំណាកស្រុកឲ្យចុះឈ្មោះឲ្យបានច្រើន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

គ.ជ.ប នឹងពិចារណារាល់សំណូមពរ និងអនុសាសន៍ពីគណបក្សសង្គ្រោះជាតិ ដើម្បីផ្ដល់លទ្ធភាពក្នុងការជំរុញឲ្យពលករចំណាកស្រុកបានចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃទី៣០ ខែកក្កដា ថា គ.ជ.ប បានរៀបចំប្រតិទិនសម្រាប់ការងារចុះឈ្មោះមានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់២៩ ខែវិច្ឆិកា ដែល គ.ជ.ប យល់ថា ប្រតិទិននេះគឺសមស្របឲ្យ គ.ជ.ប អាចដំណើរការការងារចុះឈ្មោះយ៉ាងរលូន។ ប៉ុន្តែលោកថា គ.ជ.ប នឹងពិនិត្យពិចារណាបន្ថែមដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែងទៀត។

លោក ហង្ស ពុទ្ធា៖ «យើងឈប់សម្រាកតែពេលភ្ជុំបិណ្ឌទេ ម៉ោងការងារនៅដដែលទាំងអស់បូកទាំងថ្ងៃសៅរ៍ អាទិត្យផង ជាលទ្ធភាពមួយដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបលោកឆ្លៀតឱកាស ទោះបីជានៅក្រៅប្រទេសអាចឆ្លៀតបាននៅរយៈពេល ៣ខែហ្នឹង បើសិនជាលោកមានឆន្ទៈពិតប្រាកដក្នុងការចុះឈ្មោះបោះឆ្នោតអ្វីដែលជាស្មារតីទៅទៀតនោះ។ ប្រតិទិនដែល គ.ជ.ប កំណត់គឺជាប្រតិទិនដែលអាចរំកិលឧទាហរណ៍ថា ឃុំណាមានបញ្ហាអីដែលធ្វើឲ្យប៉ះពាល់ពេលវេលារយៈពេលដោះស្រាយបណ្ដឹងអាចប្រើប្រាស់ពេលវេលាសម្រាប់ឃុំណាដោយឡែកដែលមានភាពមិនប្រក្រតីកើតឡើង»។ លោកថ្លែងនេះជាការឆ្លើយតបទៅនឹងសមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិ ថ្លែងនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។

សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល ថ្លែងថា គណបក្សសង្គ្រោះជាតិ សង្ឃឹមថា កម្ដៅនយោបាយនឹងចុះថយនៅមុនការចុះឈ្មោះបោះឆ្នោតខាងមុខនេះ ដែលអាចឲ្យពលរដ្ឋអាចទៅចុះឈ្មោះបោះឆ្នោតបានយ៉ាងអតិបរមា។ លោកថា គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភជាខ្លាំងចំពោះពលករចំណាកស្រុកដែលបច្ចុប្បន្នកំពុងបំពេញការងារនៅក្រៅប្រទេសដូចជាប្រទេសថៃ និងប្រទេសកូរ៉េ ដែលអាចពុំមានលទ្ធភាពវិលមកស្រុកដើម្បីចុះឈ្មោះ។ បញ្ហានេះ ដែលគណបក្សសង្គ្រោះជាតិ ស្នើឲ្យ គ.ជ.ប ជួយសម្រួលដោះស្រាយបញ្ហានេះនៅអំឡុងពេលចុះឈ្មោះបោះឆ្នោត។

លោក ទាវ វណ្ណុល៖ «គណបក្សសង្គ្រោះជាតិ បានធ្វើលិខិតមួយទៅ គ.ជ.ប ស្នើសុំឲ្យ គ.ជ.ប រៀបចំកម្មវិធីយ៉ាងម៉េចសម្រួលពលករនៅប្រទេសថៃ អាចដឹងមានលទ្ធភាពចុះឈ្មោះឲ្យបានច្រើនដែលអាចធ្វើទៅបានអាចសុំស្នើថា នៅពេលរដូវភ្ជុំបិណ្ឌ គឺសុំឲ្យបុគ្គលិក គ.ជ.ប បន្តធ្វើការនៅក្នុងថ្ងៃបុណ្យនេះឈប់តែមួយថ្ងៃ សល់ ២ថ្ងៃទៀតជាថ្ងៃឈប់សម្រាក គឺសុំឲ្យគាត់បន្តធ្វើការ ពីព្រោះនៅពេលភ្ជុំបិណ្ឌនេះកម្មករ ពលករទាំងអស់តែងតែធ្វើដំណើរស្រុកកំណើតរបស់គាត់»។

បន្ទាប់ពី គ.ជ.ប បានចេញផ្សាយប្រតិទិននៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ជាផ្លូវការមកនោះ គណៈកម្មាធិការខុមហ្វ្រែល (COMFREL) ក៏បានស្នើឲ្យ គ.ជ.ប មានវិធានការពិសេសមួយដើម្បីជំរុញដំណើរការចុះឈ្មោះបោះឆ្នោតកាន់តែមានប្រសិទ្ធភាពដែរ។ នាយកប្រតិបត្តិនៃគណៈកម្មាធិការនេះ លោក គល់ បញ្ញា ថ្លែងថា លោកគាំទ្រចំពោះប្រតិទិនដែលបានចេញផ្សាយដោយ គ.ជ.ប កាលពីថ្មីៗនេះ។ ប៉ុន្តែអ្វីដែលជាក្ដីបារម្ភនោះ គឺកត្តាហានិភ័យគ្រោះធម្មជាតិ និងអាចមានភ្លៀងធ្លាក់ច្រើន។ រីឯបញ្ហាបរិយាកាសនយោបាយដែលកំពុងមានភាពតានតឹងក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតក៏ជាបញ្ហាចោទទៅដល់ការចុះឈ្មោះបោះឆ្នោតដែរ។ ជាដំណោះស្រាយនោះ លោក គល់ បញ្ញា សំណូមពរឲ្យ គ.ជ.ប រៀបចំឲ្យមានក្រុមការងារពិសេសមួយធ្វើការបន្ថែមលើការងារចុះឈ្មោះបោះឆ្នោតនៅថ្ងៃណាមួយអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌដែលជាឱកាសពលរដ្ឋ និងអ្នកចំណាកស្រុកជួបជុំក្រុមគ្រួសារ និងទៅលេងស្រុកកំណើតដើម្បីជំរុញការងារចុះឈ្មោះឲ្យកាន់តែមាន ប្រសិទ្ធភាព។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប បានឲ្យដឹងថា អ្នកដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតអាចមានចំនួនប្រមាណ ៩,៦លាននាក់៕

website_news/2016010802.txt · Last modified: 2017/03/10 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki