website_news:2016010805

ថៃលើកពេល១ខែទៀត ដើម្បីផ្តល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ ដល់ពលករខ្មែរវិញ

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ, 01 សីហា ២០១៦ 11:11 ដោយ: អេង គឹមជាង ID:055 ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងថា ប្រទេសថៃ បានស្នើសុំមក កម្ពុជា១ខែទៀត ក្នុងការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករខ្មែរ ឡើងវិញ ដើម្បីយកទៅបន្ត នីតិវិធី ទទួលបានភាព ស្របច្បាប់នៅ តាមច្រកចេញ-ចូលតែមួយ ឬមន្ទីរការងារថៃ ទាំង៧៧កន្លែង។

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោក អ៊ិត សំហេង ប្រធានគណៈកម្មការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងថា គណៈកម្មការ នឹងផ្អាក ចុះស្រង់ទិន្នន័យពលករ និងបើក ផ្តល់លិខិតឆ្លងដែន /លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា នៅថៃ ក្រោយពី មានសំណើ របស់ក្រសួងការងារថៃ។ ការផ្អាកនេះដោយសារ ដើម្បីទុកលទ្ធភាព ឲ្យភាគីថៃធ្វើជំរឿន និងបន្តប័ណ្ណ ស៊ីជំពូឡើងវិញ។ ចំពោះការពន្យារ ពេលរបស់ប្រទេសថៃនេះ ដោយសារតែការធ្វើជំរឿន ប្រជាពលរដ្ឋថៃ មិនទាន់បានបញ្ចប់ នៅឡើយ។

លោក ហេង សួរ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ថា “កាលពីប្រជុំថ្ងៃទី២៣ កក្កដា គឺក្រសួងការងារថៃ បានស្នើសុំពន្យារពេល១ខែទៀត រហូតដល់ខែកញ្ញា ទើបក្រសួង ការងារ ថៃអនុញ្ញាត ឲ្យក្រុមអន្តរក្រសួង របស់កម្ពុជា ត្រឡប់ទៅប្រទេសថៃវិញ ដើម្បីបានផ្តល់នូវ លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណការងារ សម្រាប់ជូនដល់ បងប្អូនពលករ យើងទៅធ្វើភាព ស្របច្បាប់បន្តទៀត ជាមួយរដ្ឋាភិបាលថៃ”។

លោកបន្តថា ការផ្អាកផ្តល់ឲ្យពលករនេះ មិនមែនធ្វើឡើង តែចំពោះពលករខ្មែរ នោះទេ សូម្បីតែពលករ មីយ៉ាន់ម៉ា និងឡាវក៏ក្រុម ចល័តរបស់ប្រទេស ទាំង៣នេះក៏ផ្អាកដែរ។ លិខិតកាលពីថ្ងៃទី២០ មេសា បានឲ្យដឹង ទៀតថា គណៈកម្មការមិន ដែលតម្រូវឲ្យពលករណាម្នាក់ បង់សេវាបន្ថែមក្រៅពី សេវាដែលមានគោលការណ៍ និងបិទផ្សាយ ជាសាធារណៈនៅតាម ច្រកចេញ-ចូលតែមួយ របស់ភាគីថៃនោះឡើយ៕

website_news/2016010805.txt · Last modified: 2017/03/10 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki