website_news:2016010901

តុលាការផ្តន្ទាទោសមេខ្យល់នាំស្ត្រីខ្មែរ ទៅការប្តីនៅស្រុកចិនដាក់ពន្ធនាគារ ៧ឆ្នាំ

(http://ann.com.kh) ដោយ: ឡុក សំរិត  ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ 416

រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ ឈ្មោះ ពៅ ចិន្ដា ភេទស្រី អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងតម្រូវឲ្យសងជំងឺចិត្តទៅជនរងគ្រោះចំនួន ២៥លានរៀល ក្រោមការចោទប្រកាន់ពីបទ ការនាំចេញដោយមិនដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តកាលពីឡុងខែតុលា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោមមាត្រា១០ នៃច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ នៅក្នុងសវនាការ កាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ជនជាប់ចោទឈ្មោះ ពៅ ចិន្ថា បានច្រានចោលគ្រប់ចម្លើយរបស់ខ្លួនកន្លងមក និងបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

លោកស្រី វ៉ែន សុខ ជាម្តាយជនរងគ្រោះថ្លែងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនជនជាប់ចោទ បានជួបលោកស្រីនៅខេត្តកំពង់ចាម នៅពេលជនជាប់ចោទៅបុណ្យសពយាយ រួចបានជួបគ្នានិយាយរឿងជួយកូនស្រីខ្លួននៅធ្វើការនៅប្រទេសចិន។ ដើមបណ្តឹងរដ្ឋវប្បវេណីដដែលបានបន្តថា ជនជាប់ចោទបានសន្យាថា នឹងឱ្យកូនស្រីឈ្មោះ ជា គន្ធា ដែលមានប្តីនៅស្រុកចិន ជួយរកការងារអោយជនរងគ្រោះធ្វើនៅស្រុកចិន បានប្រាក់ខែប្រមាណពី ២០០០ទៅ៣០០០យ័ន ក្នុងមួយខែ។

ក្រោយការព្រមព្រៀមគ្នារួចរាល់ ជនជាប់ចោទបានរត់ការធ្វើឯកសារឆ្លងដែន និងឯកសារផ្សេងៗរហូតជនរងគ្រោះ បានចេញទៅប្រទេសចិន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។ នៅពេលទៅដល់ស្រុកចិនឈ្មោះ ជា គន្ធា បានយកជនរងគ្រោះទៅលក់ឱ្យជនជាតិម្នាក់ ធ្វើប្រពន្ធបាន៦ខែ ក៏យកមកជនរងគ្រោះទៅរំលូតកូន និងលក់ឱ្យជនជាតិចិនដទៃទៀត ប៉ុន្តែក្រោយមកជនរងគ្រោះ បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយរហូតបានត្រលប់មកស្រុកខ្មែរវិញ។ លោកស្រីបន្តថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ លោកស្រីបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ទើបសមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទបាន។ ម្តាយជនរងគ្រោះបានប្តឹងទាមទារជំងឺចិត្តចំនួន ១ម៉ឺនដុល្លារពីជនជាប់ចោទ៕

website_news/2016010901.txt · Last modified: 2017/03/12 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki