website_news:2016010902

នាយករដ្ឋមន្ត្រីថៃ៖ ពលករខ្មែរបានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចថៃយ៉ាងច្រើន

(http://bayontv.com.kh) 31/08/2016

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ពលករខ្មែរបានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសថៃយ៉ាងច្រើន ហើយបានសន្យាថានឹងខិតខំធ្វើយ៉ាងណាឲ្យពលករខ្មែរមានសេរីភាពធ្វើការដូចជនជាតិថៃដែរ ខណៈពលខ្មែរបានកំពុងធ្វើការនៅប្រទេសថៃរាប់សែននាក់នោះ។ ការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ គឺបានធ្វើឡើងនៅក្នុងកិច្ច ជំនួបជាមួយទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន នៅប្រទេសថៃ ខណៈដែលឯកឧត្តម ប្រាក់ សុខុន បានទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា–ថៃ ដែលហៅកាត់ថាJC កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហាកន្លងទៅថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅថ្ងៃទី៣១នេះ។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា នៅក្នុងកិច្ចជំនួបនោះ លោកប្រាយុទ្ធ ចាន់អូចា បានសន្យាថានឹងខិតខំធ្វើយ៉ាងណាឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានសិទ្ធិដើរហើរ ដោយសេរីដូចជនជាតិថៃដែរ ខណៈនាយករដ្ឋមន្ត្រីរូបនេះ អះអាងថា ពលករខ្មែរបានជួយលើកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រទេសថៃនោះ។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា « ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា មានបំណងចង់ឲ្យពលករខ្មែរមានសេរីភាពក្នុងការធ្វើដំណើរ និងអាចផ្លាស់ប្ដូរទីកន្លែងធ្វើការនៅក្នុងប្រទេសថៃបានព្រោះពលករកម្ពុជា ក៏បានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ថៃផងដែរ»។ បើតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចំរុះនៃភាគីទាំងពីរ បានលើកឡើងថា មានពលករខ្មែរយ៉ាងតិចជាងពីរសែននាក់នៅមិនទាន់បានឯកសារ ធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅក្រៅប្រទេស ប៉ុន្តែ ពួកគេបានបញ្ជាក់អំពីនីតិវិធីសញ្ជាតិរួចហើយ។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំគណៈកម្មការចំរុះ រវាងប្រទេសទាំងពីរលើកទី១០ រយៈពេលពីរថ្ងៃនោះ បានពិភាក្សាគ្នាជាច្រើនដូចជាករណីបើកច្រកអន្តរជាតិបន្ថែម ករណីការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរ ករណីពលករខ្មែរលួចកាប់ឈើខុសច្បាប់នៅប្រទេសថៃ ករណីធ្វើផ្លូវរថភ្លើងតភ្ជាប់ពីប្រទេសថៃមកកម្ពុជាករណីពាណិជ្ជកម្មដែលភាគីទាំងពីរសន្យាថានឹងធ្វើឲ្យយ៉ាងណាឲ្យទំហំពាណិជ្ជកម្មកម្ពុជា និងថៃ ឡើងដល់១ម៉ឺនប្រាំពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ និងករណីជាច្រើនទៀតទាក់ទងនឹងផលប្រយោជន៍របស់ប្រជាជននិងប្រទេសទាំងពីរ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសដដែលបានបន្តទៀតថា នៅក្នុងកិច្ចជំនួបរវាងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ជាមួយនិងឯកឧត្តមប្រាក់ សុខុន។

លោក ប្រាយុទ្ធបានថ្លែងទៀតថា ករណីដែលយោធាថៃបានបាញ់សម្លាប់ពលករខ្មែរ ដែលលួចឆ្លងកាត់ទៅកាប់ឈើនោះ គឺដោយសារតែភាគីពលករជាអ្នកបាញ់មុន ដូច្នេះហើយយោធាថៃមានសិទ្ធិបាញ់ការពារខ្លួនរបស់ពួកគេប៉ុណ្ណោះ តែយ៉ាងណាក៏ករណីការបាញ់ពីសំណាក់យោធាថៃនេះ គឺមានការធ្លាក់ចុះច្រើន ក្នុងរយៈពេលចុងក្រោយនេះ៕

website_news/2016010902.txt · Last modified: 2017/03/12 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki