website_news:2016010903

ក្រសួងការបរទេសបញ្ជូនមន្ត្រីទូតទៅជួយពលករខ្មែរលើទូកនេសាទថៃនៅឥណ្ឌូនេស៊ី

(http://www.rfa.org/khmer/news) lដោយ សេក បណ្ឌិត 2016-08-31

ក្រសួងការបរទេសកម្ពុជា បញ្ជូនមន្ត្រីទូតឲ្យទៅអង្កេតពីករណីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី ចាប់កប៉ាល់នេសាទថៃ ពីបទចូលនេសាទខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បញ្ជាក់ប្រាប់អាស៊ីសេរី កាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ថា ការចុះអង្កេតនេះដោយសារមានសេចក្ដីរាយការណ៍មកថា កប៉ាល់នេសាទនោះមានម្ចាស់ជាជនជាតិថៃ ដែលអាចមានជនជាតិខ្មែរមួយចំនួនផង៖ «ព្រោះពេលគេចាប់កប៉ាល់នេសាទថៃ ដែលចូលនេសាទក្នុងដែនទឹកប្រទេសឥណ្ឌូនេស៊ី ដោយខុសច្បាប់ ខាងឥណ្ឌូនេស៊ី គេរកឃើញពលករបរទេសមួយចំនួននៅលើកប៉ាល់ហ្នឹង ក្នុងនោះគេសង្ស័យថា មានពលករកម្ពុជា ប្រមាណ ១៨នាក់ ដូច្នេះបានជាទេសរដ្ឋមន្ត្រីណែនាំ ចាត់តំណាងទៅទីនោះ ពិនិត្យមើលជាក់ស្ដែងដើម្បីយើងដោះស្រាយ ហើយនៅលើកោះនោះឆ្ងាយដែលទាមទារប្រើពេលវេលាដើម្បីសម្របសម្រួលជាមួយអាជ្ញាធរឥណ្ឌូនេស៊ី»។

លោក ជុំ សុន្ទរី បញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ក្រុមការងារមន្ត្រីទូតដែលចុះធ្វើការក្នុងរឿងនេះមិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ ហើយកំពុងសិក្សាស្រាវជុំវិញករណីនេះបន្តទៀត។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ បានឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានណែនាំឲ្យមន្ត្រីស្ថានទូតកម្ពុជា នៅឥណ្ឌូនេស៊ី ឃ្លាំមើល និងជួយអន្តរាគមន៍អំពីរឿងនេះ ព្រោះគេសង្ស័យថា នៅលើទូកនេសាទថៃ នោះអាចមានជនជាតិខ្មែរប្រមាណ ១៨នាក់។

បេសកកម្មក្នុងកិច្ចអន្តរាគមន៍នោះ រួមមានការចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាព និងសុខភាពពលករខ្មែរទាំងនោះ និងត្រូវទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ី ដើម្បីសុំឲ្យដោះលែងពលករខ្មែរ ដែលជាជនរងគ្រោះដោយសារការជួញដូរមនុស្ស ព្រមទាំងសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសក៍ (IOM) នៅទីក្រុងហ្សាកាតា ដើម្បីធ្វើរៀបចំធ្វើមាតុភូមិនិវត្តន៍របស់ពលករទាំង ១៨នាក់នោះឲ្យបានឆាប់រហ័ស បើសិនជាមានពលរដ្ឋខ្មែរនៅលើទូកនេសាទនោះពិតមែន៕

website_news/2016010903.txt · Last modified: 2017/03/12 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki