website_news:2016011101

ខ្មែរ២នាក់ត្រូវទាហានថៃបាញ់ របួសម្នាក់ រត់រួចម្នាក់

(https://kohsantepheapdaily.com.kh) ឆោម ពិសម័យ ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៤:៣៩

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ត្រូវទាហានថៃបាញ់បណ្ដាលឲ្យរបួស និងម្នាក់ទៀតបានរត់រួច ខណ:ពួកគេបានលួចឆ្លងដែនដោយខុសច្បាប់កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងទឹដីស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលរងរបួសដោយសារទាហានថៃបាញ់នោះឈ្មោះ ស៊ុន វណ្ណនេ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត តែបានស្នាក់នៅបណ្ដោះអាសន្ននៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងមានស្នាមរបួសចំស្មាខាងឆ្វេង រីឯម្នាក់ទៀតដែលរត់រួចឈ្មោះ ឡុង សារិន ភេទប្រុស អាយុ៣២ឆ្នាំ ។ មន្ត្រីដដែលបានបន្តថា គេនៅមិនទាន់ដឹងថា តើពួកគេនាំគ្នាលួចឆ្លងដែនចូលទៅប្រទេសថៃទាំងយប់តាមច្រកណា ហើយចូលទៅក្នុងគោលបំណងអ្វីនោះទេ បានជាត្រូវក្រុមទាហានថៃស្ទាក់បាញ់បណ្ដាលឲ្យរបួសបែបនេះ ។

បើតាមការបំភ្លឺពីឈ្មោះ ស៊ុន វណ្ណនេ ដែលរបួសបាននិយាយថា ពួកខ្លួនបានរត់ឆ្លងដែនចូលដល់ដីខ្មែរវិញនៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០តុលា តាមច្រកស្រម៉ោច ដែលជាច្រករបៀងនៅក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ប៉ុន្តែខ្លួនមិនដឹងថា ដៃគួខ្លួនម្នាក់ឈ្មោះឡុង សារិន នោះរត់ទៅខាងណាទេ ព្រោះរត់បែកគ្នា ។ បុរសនេះបានប្រាប់ថា ខ្លួនមិនដឹងពីចំណុចដែលត្រូវទាហានថៃស្ទាក់បាញ់នោះទេ គ្រាន់តែដឹងថា ឆ្ងាយពីព្រំដែនក្នុងភូមិសាស្ត្រស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ តែជននេះមិនបានបញ្ជាក់ប្រាប់ពីគោលបំណងរបស់ពួកគេដែលលួចឆ្លងដែនចូលដីថៃដោយខុសច្បាប់ទាំងយប់នោះទេ ។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា ជនរងគ្រោះត្រូវទាហានថៃបាញ់ត្រូវស្មាខាងឆ្វេង តែរបួសស្រាល ។ បន្ទាប់ពីរត់ឆ្លងដែនចូលដល់ដីខ្មែរវិញនាវេលារំលងអាធ្រាត្រ ជននេះបានទៅកាន់មណ្ឌលសុខភាពឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ហើយក្រោយពីសង្គ្រោះបឋម ក្រុមគ្រួពេទ្យក៏បញ្ជួនជននេះបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។

ជុំវិញរឿងពលរដ្ឋខ្មែរទាំង២នាក់ដែលត្រូវទាហានថៃបាញ់ដោយសារតែលួចឆ្លងដែនខុសច្បាប់ខាងលើនេះ បើទោះជាជននេះបានព្យាយាមលាក់លាមអំពីគោលបំណងដែលលួចឆ្លងដែនចូលដីថៃក្ដី ប៉ុន្តែត្រូវបានមជ្ឍដ្ឋានផ្ដោតការសង្ស័យថា ពលរដ្ឋខ្មែរទាំង២នាក់នោះ ទំនងលួចឆ្លងដែនចូលដីថៃទាំងយប់ក្នុងបំណងទៅនាំយកម៉ូតូពីថៃចូលមកខ្មែរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នការលួចនាំចូលម៉ូតូគេចពន្ធពីប្រទេសថៃចូលដីខ្មែរនៅតែមានសកម្មភាពដូចភ្លៀងរលឹមស្ទើររៀងរាល់យប់តាមច្រករបៀងនានាក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ។ ការលួចនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរដោយខុសច្បាប់ពីសំណាក់ឈ្មួញទុច្ចរិតខាងលើនេះត្រូវគេដឹងយ៉ាងច្បាស់ថា ដោយសារមានការសមគំនិត្យពីមន្ត្រីគយព្រំដែន និងមន្ត្រីការពារព្រំដែនគ្រប់ស្ថាប័នផងដែរ ។ ដូច្នេះហើយទើបគ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញចេញបង្ក្រាប ៕

website_news/2016011101.txt · Last modified: 2017/03/16 09:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki