website_news:2016011103

ពលរដ្ឋខ្មែរ បម្រើការជាកម្មករ ទូកនេសាទថៃ បានធ្លាក់ពីលើ ទូកនេសាទ ហើយរសាត់ដល់ទឹកដីវៀតណាម នឹងត្រូវបញ្ជូនមក កម្ពុជាវិញ

(http://dap-news.com/kh)អង្គារ, 01 វិច្ឆិកា ២០១៦ 11:24 ដោយ: ស៊ាន កុសល ID:012

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរ វៀតណាម ជួយពលរដ្ឋខ្មែរម្នាក់ ដែលបានធ្លាក់ពីនាវានេសាទថៃ ហើយរសាត់អណ្តែតក្នុងសមុទ្រ ត្រូវបានអ្នកនេសាទវៀតណាមជួយសង្គ្រោះ ឲ្យវិលមកមាតុភូមិវិញ នេះបើតាមសេចក្តីប្រកាសព័ត៌មានរស់អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃទី១ វវិច្ឆិកានេះ។

បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថា ពលរដ្ឋនោះឈ្មោះ ន.ណ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ដែលជាកម្មករលើនាវានេសាទថៃ អោយបានត្រឡប់មកកម្ពុជាវិញ។ កម្មកររូបនេះ បានធ្លាក់ពីនាវានេសាទហើយរសាត់អណ្តែតក្នុងសមុទ្រ ត្រូវបានអ្នកនេសាទវៀតណាមនៅខេត្តកាម៉ៅ ជួយសង្រ្គោះ រួចបញ្ជូនដល់ដីគោកខេត្តកាម៉ៅ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ហើយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកពលរដ្ឋខ្មែររូបនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ហើយ គ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ ជាមួយគ្នានោះ លោក ជុំ សុន្ទរី បានបញ្ជាក់បន្ថែមទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិន និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) រៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ ឈ្មោះ ស.ច អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដែលត្រូវបានប៉ូលីសឃាត់ខ្លួន ដោយសារទិដ្ឋាការស្នាក់នៅហួសសុពលភាព។ ស្រ្តីខ្មែររូបនេះ ជាជនរងគ្រោះ ដោយបានចាញ់បោកមេខ្យល់ ដែលលួងលោមយកទៅដើរកំសាន្តនៅប្រទេសវៀតណាម និងទីក្រុងហុងកុង ហើយចុងក្រោយតម្រូវអោយរៀបការជាមួយបុរសជនជាតិចិន។

ស្រ្តីរងគ្រោះ ពុំដែលទទួលរងការធ្វើទារុណកម្ម ឬអំពើហឹង្សាពីក្រុមគ្រួសាររបស់បុរស ចិននោះទេ។ ស្រ្តីឈ្មោះ ស.ច បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង២៣:៣០នាទី តាមជើងយន្តហោះលេខ CZ323 ៕

website_news/2016011103.txt · Last modified: 2017/03/16 09:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki