website_news:2016011201

សេវាពពោះកូនជំនួសនៅកម្ពុជា ត្រូវរាយការណ៍ថា បានប្ដូរទីតាំងទៅក្រៅប្រទេសហើយ

(http://khmer.voanews.com) 01 ធ្នូ 2016 ហ៊ុល រស្មី

លោកស្រី ជូ ប៊ូអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្សនិងផ្លូវភេទលើស្ត្រី និងកុមារ ប្រាប់ VOA នាថ្ងៃពុធនេះថា អាជ្ញាធរកម្ពុជា មិនបានផ្ដល់ការគាំទ្រ ឲ្យមានការផ្ដល់សេវាពពោះកូនជំនួសនេះទេ។

ភ្នំពេញៈ អាជ្ញាធរកម្ពុជា ថ្លែងនៅថ្ងៃពុធនេះថា ការស៊ើបអង្កេតទៅលើអ្នកផ្ដល់សេវាពពោះកូនជំនួសឲ្យឪពុកម្ដាយពិតប្រាកដ នៅកំពុងបន្តទៅមុខទៀត នៅគ្រាដែលមានសេចក្ដីរាយការណ៍ថា ភ្នាក់ងារផ្ដល់សេវាពពោះកូនមួយចំនួន បានប្ដូរទីតាំងចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសឡាវវិញ។

កាលពីសប្ដាហ៍មុន ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Tammy Davis-Charles វ័យ ៤៩ឆ្នាំ និងពលរដ្ឋខ្មែរពីរនាក់ ក្នុងនោះមានឈ្មោះពេញ រិទ្ធី វ័យ ២៨ ឆ្នាំ ជាមន្ត្រីក្រសួងពាណិជ្ជកម្ម និងឈ្មោះ សំរឹទ្ធចាន់ចរិយា វ័យ ៣៥ឆ្នាំ ជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យបង្អែកភ្នំពេញ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរកាលពីថ្ងៃអង្គារសប្ដាហ៍មុនពីបទ«ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត»។ អាជ្ញាធរកម្ពុជាបញ្ជាក់ថា ជនដែលរងការចោទប្រកាន់ទាំងបីនាក់នេះ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដោយសារប្រទេសកម្ពុជា ពុំមានច្បាប់បើកឲ្យធ្វើការផ្ដល់សេវាពពោះនោះឡើយ។

លោកស្រី ជូ ប៊ូអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្សនិងផ្លូវភេទលើស្ត្រី និងកុមារ ប្រាប់ VOA នាថ្ងៃពុធនេះថា អាជ្ញាធរកម្ពុជា មិនបានផ្ដល់ការគាំទ្រ ឲ្យមានការផ្ដល់សេវាពពោះកូនជំនួសនេះទេ។ តែទោះយ៉ាងណា លោកស្រី មិនទាន់អាចបញ្ជាក់អំពី ការចាកចេញរបស់ភ្នាក់ងារពពោះកូននេះចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសឡាវនោះទេ។ «ស្រុកខ្មែរមិនអនុញ្ញាតទេ ដោយសារតែមានមតិមួយចំនួនថា វាបាន លុយកាក់ច្រើនមកលើស្ត្រី អីចឹងណា៎។ ប៉ុន្តែ ខ្ញុំចង់និយាយថានៅកម្ពុជា ប្រហែលជាមិនយកមុខរបរនេះ ធ្វើជាការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចអីទេ ពីព្រោះ វាជារឿងមុខរបរ ផលិតមនុស្សលក់»។

បើតាមការបញ្ជាក់ពីអាជ្ញាធរប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អ្នកស្រី Davis-Charlses ស្ថាបនិកគ្លីនិកព្យាបាល Fertility Solutions PGD បានផ្លាស់ប្ដូរអាជីវកម្មរបស់ខ្លួន មកប្រទេសកម្ពុជា កាលពីឆ្នាំទៅ គឺនៅពេលដែលរដ្ឋាភិបាលយោធានៅប្រទេសថៃ បានបិទគ្លីនិកពពោះកូនជំនួសនៅក្នុងប្រទេសដែលមានព្រំប្រទល់ជាប់កម្ពុជានេះ។ គ្លីនិករបស់អ្នកស្រី បានយកថ្លៃសេវាពីអតិថិជនរបស់ខ្លួនប្រហែល ៥០.០០០ដុល្លារអាមេរិកពីអតិថិជន និងបានបង់ប្រាក់ចន្លោះពី ១០.០០០ ទៅ ១២.០០០ដុល្លារអាមេរិក ដល់ស្ត្រីពពោះកូនជំនួស ដែលមានចំនួន ៥នាក់។ ស្ត្រីទាំង ៥នាក់នេះ បានផ្ដល់កំណើតដល់កូន ៦នាក់ និងមានស្ត្រី ១៨នាក់ផ្សេងទៀតកំពុងពពោះ។

លោកស្រី ជូ ប៊ុនអេង បានលើកឡើង ថា ការបង្ក្រាបរបស់អាជ្ញាធរ ត្រូវបានធ្វើឡើងដោយសារការបារម្ភពីការជួញដូរទារក ដែលគេអាចយកទៅចិញ្ចឹមសម្រាប់ការផ្លាស់ប្ដូរសរីរាង្គមនុស្ស។ យ៉ាងណាក៏ដោយ លោកស្រី មិនទាន់អាចបញ្ជាក់បាននៅឡើយអំពីការធ្វើច្បាប់ដើម្បីបិទសេវានេះទាំងស្រុងតែម្ដង ឬយ៉ាងណានោះឡើយ។ «ត្រង់បិទឬមិនបិទ យើងកំពុងតែរៀបចំច្បាប់ ពីព្រោះកម្ពុជាអត់ដែលទាន់មានទេ ប៉ុន្តែយើងមានចេញជាប្រកាសរបស់ក្រសួងសុខាភិបាលមួយថាមិនអនុញ្ញាតឲ្យធ្វើការពពោះដោយវិទ្យាសាស្ត្រ តាមបែបវិទ្យាសាស្ត្រអញ្ចឹងទេ»។ លោកស្រីបានបន្ថែមថា លោកស្រីបានស្នើសុំឲ្យមានការសហការពីភាគីរដ្ឋាភិបាលអូស្ត្រាលីឲ្យស្រាវជ្រាវរកឪពុកម្ដាយ ដែលឲ្យគេពពោះកូនជំនួសនោះមកទទួលយកកូនរបស់ពួកគេ ដើម្បីយកទៅចិញ្ចឹមក្នុងលក្ខខណ្ឌច្បាប់ត្រឹមត្រូវ។ លោកស្រីបញ្ជាក់ថា តាមច្បាប់កម្ពុជា កូនដែលកើតចេញពីម្ដាយជនជាតិខ្មែរ គឺជាកូនរបស់ម្ដាយនោះ។

យោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាភ្នាក់ងារផ្ដល់សេវាពពោះកូនជំនួស ឈ្មោះថា Sensible Surrogacy ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ភ្នាក់ងារផ្ដល់សេវាពពោះកូនជំនួសនៅប្រទេសកម្ពុជា និងថៃ បានផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេទៅកាន់ប្រទេសឡាវ។ ក្រុមប្រឹក្សាភ្នាក់ងារផ្ដល់សេវាពពោះកូនជំនួសដដែលនេះ បានបញ្ជាក់ជំហររបស់ខ្លួនថា ប្រទេសឡាវមិនមែនជាគោលដៅដែលមានចិរភាពសម្រាប់ប្ដីប្រពន្ធដែលចង់ទទួលសេវាពពោះកូនជំនួសនៅកម្ពុជា តែត្រូវបានបដិសេធមិនឲ្យចូលក្នុងប្រទេសនេះ។ ក្រុមប្រឹក្សាដដែលនេះ បានព្យាករណ៍ថា ឡាវក៏នឹងរឹតបន្តឹងសេវាពពោះកូនជំនួសនេះក្នុងពេលឆាប់ៗផងដែរ។

លោក កែវ ធា នាយកការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរមិនទាន់ទទួលបានរបាយការណ៍ពាក់ព័ន្ធទៅនឹងការចាកចេញរបស់ភ្នាក់ងារផ្ដល់សេវាពពោះកូនពីប្រទេសកម្ពុជា ទៅប្រទេសឡាវនោះឡើយ តែលោកអះអាងថា អាជ្ញាធរនៅបន្តស៊ើបអង្កេតរកអ្នកបន្តផ្ដល់សេវាពពោះកូននេះដដែល។ «យើងអត់បញ្ចប់ទេ។ ការងារសមត្ថកិច្ច គ្មានដែនកំណត់ទេ»។ លោកថ្លែងបន្ថែមថា អាជ្ញាធរនឹងនៅបន្តចាត់វិធានការប្រឆាំងជនដែលត្រូវបានរកឃើញថាបន្តផ្ដល់សេវាពរពោះកូនជំនួសនេះ។ «បើកាលណាមានបទល្មើស គឺយើងត្រូវតែអនុវត្តបន្តទៀត។ អញ្ចឹងនិយាយតែរឿងការអនុវត្តច្បាប់ទេ សុំទោសអារឿងផ្សេងៗ គឺខ្ញុំអត់ដឹងទេ»។

VOA មិនទាន់អាចទាក់ទង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក លី សុវណ្ណអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយទូរស័ព្ទរបស់លោកទាំងពីររោទ៍ តែពុំមានអ្នកទទួល។ យ៉ាងណាក៏ដោយ កាលពីខែតុលាកន្លងទៅនេះ លោក ម៉ម ប៊ុនហេង បានចេញប្រកាសមួយ ហាមមិនឲ្យមានការផ្ដល់សេវាពពោះកូនជំនួសនេះទេ ដោយត្រូវរង់ចាំដល់មានការអនុម័តច្បាប់ស្ដីពីសេវាពពោះកូនជំនួសនេះសិន។

នៅមុនការបង្ក្រាបដោយបិទសេវាពពោះកូនជំនួសនេះ ប្រទេសកម្ពុជា ត្រូវបានបណ្ដាញព័ត៌មានអន្តរជាតិរាយការណ៍ថា បានក្លាយជាទីកន្លែងដែលផ្ដល់ឱកាសយ៉ាងងាយស្រួលសម្រាប់ការផ្តល់សេវាពពោះកូនជំនួសនេះ បន្ទាប់ពីរដ្ឋាភិបាលក្នុងប្រទេសមួយចំនួនដូចប្រទេសឥណ្ឌា នេប៉ាល់ និងប្រទេសថៃ បានបិទសេវានេះទាំងស្រុង។

ក្រុមអ្នកតស៊ូមតិសម្រាប់សេវាពពោះកូនជំនួសឈ្មោះ Families Through Surrogacyដែលមានទីតាំងនៅប្រទេសអូស្ត្រាលី បានឲ្យដឹងថា ស្ត្រីកម្ពុជាត្រូវបានបង់ប្រាក់ចំនួន៤០០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ការពពោះកូនជំនួសឲ្យឪពុកម្ដាយពិតប្រាកដ។ ស្ត្រីពពោះកូនជំនួសម្នាក់ ទទួលបានប្រាប់សរុបទាំងអស់ប្រមាណ ១០.០០០ដុល្លារអាមេរិក បូករួមទាំងប្រាក់ខែនោះផង។

ជាមួយគ្នានេះ កាសែត The Sydney Morning Herald ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី បានបញ្ជាក់ថា គ្លីនិករបស់អ្នកស្រី Davis-Charles បានផ្ដល់ប្រាក់ដល់ស្រ្តីក្រីក្រកម្ពុជា ដែលពពោះកូនជំនួសនេះ ចំនួន៤០០ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែប្រាក់ដែលឪពុកម្ដាយដែលត្រូវការសេវាពពោះកូនជំនួសនេះ បានបង់ទៅគ្លីនិករបស់អ្នកស្រី Davis-Charles គឺមានចំនួន ៥០.០០០ដុល្លារអាមេរិក។

ទាក់ទិនការឃុំខ្លួនអ្នកស្រី Davis-Charles នៅក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជា មន្ត្រីនាំពាក្យមកពីនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មនៃស្ថានទូតអូស្ត្រាលី បានបញ្ជាក់ប្រាប់VOA តាមសារអេឡិចត្រូនិក ឬemail នាថ្ងៃពុធនេះ ថា ស្ថានទូតបានបន្តផ្ដល់សេវាកុងស៊ុល ដល់ស្ត្រីអូស្ត្រាលីម្នាក់ដែលត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា។ អ្នកស្រី បន្តថា ស្ថានទូតបានបដិសេធមិនផ្ដល់ការអធិប្បាយបន្ថែម ដោយសារតែការរក្សាសិទ្ធិឯកជនភាពរបស់បុគ្គល។

ក្រុមប្រឹក្សាភ្នាក់ងារផ្ដល់សេវាពពោះកូនជំនួស ឈ្មោះថា Sensible Surrogacy ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមផងដែរថា ប្រទេសម៉ាឡេស៊ី ក៏នឹងក្លាយជាគោលដៅរបស់ភ្នាក់ងារផ្ដល់សេវាពពោះកូនជំនួស ដែលបានចាកចេញពីប្រទេសកម្ពុជា ដោយសារតែមានការអនុវត្តច្បាប់តឹងរ៉ឹងនោះ៕

website_news/2016011201.txt · Last modified: 2017/03/16 12:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki