website_news:2016020301

ទូតខ្មែរនៅម៉ាឡេស៊ី ជួយអន្តរាគមន៍ជួយស្រ្តី និងកុមារ ៥នាក់ ដែលទៅធ្វើការដោយខុសច្បាប់ ឲ្យបានមកស្រុកកំណើតវិញ

(http://www.freshnewsasia.com/ 2016-03-01)

(ភ្នំពេញ)៖ ស្រ្តីខ្មែរ ៤រូប និង កុមារ ១រូបផង ដែលត្រូវបានចេញទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ និងត្រូវបាន អាជ្ញាធរម៉ាឡេស៊ីចាប់ឃុំខ្លួននោះ ត្រូវបានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ដោះលែង និង ឲ្យពួកគេត្រឡប់មកដល់ប្រ ទេសកម្ពុជាវិញ ហើយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦។ នេះបើយោងតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស និង សហប្រតិបត្តិការអន្តរជាតិ។ លោក ជុំ សុន្ទរី បានបញ្ជាក់បន្ថែមប្រាប់ Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះថា ស្រ្តីខ្មែរ ដែលបាន ជួយសង្រ្គោះនេះ បានលួចចូលឆ្លងដែនទៅធ្វើការដោយខុសច្បាប់ទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ដោយឆ្លងតាមប្រទេសថៃតាំងពីឆ្នាំ ២០១៤មកម្ល៉េះ។ បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ត្រីខ្មែររងគ្រោះទាំង ០៤រូបនេះ រួមមាន៖

១- ឈ្មោះ ហ៊ន ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានទៅប្រទេសម៉ាឡេស៊ីដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីឆ្នាំ២០១៤។

២- ឈ្មោះ អួល ស្រីខួច ភេទស្រី អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិមេសាង ឃុំព្រៃរំដេងស្រុកមេសាង ខេត្តព្រៃវែង បានទៅប្រទេសម៉ាឡេស៊ី ដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីឆ្នាំ២០១៤។

៣- ឈ្មោះ អាប់ឌុលឡោះ រ៉យម៉ា (ខ្មែរអ៊ីស្លាម) ភេទស្រី អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិបបររលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានទៅប្រទេសម៉ាឡេស៊ី ដោយរថយន្ត កាត់តាមប្រទេសថៃ។

៤- ឈ្មោះ សំ ភោគ ភេទស្រី អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្នោ ឃុំស្នោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានទៅប្រទេសម៉ាឡេស៊ី ដោយរថយន្តកាត់តាមប្រទេសថៃ កាលពីឆ្នាំ២០១៤ ហើយនិងកូនប្រុសកើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅប្រទេសម៉ាឡេស៊ី។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតខ្មែរ បានចេញលិខិតធ្វើដំណើរបណ្តោះអាសន្នជូនដល់ស្ដ្រី និង កុមារទាំង ០៥រូបខាងលើ និង បានជួយចេញថ្លៃសំបុត្រយន្តហោះឲ្យចំនួន ០៣រូប ដែលស្ថានទូតរកសាច់ញាតិមិនឃើញ។ ចំពោះស្ត្រីចំនួន ០២រូបទៀត សាច់ញាតិ បានចេញសំបុត្រយន្តហោះឲ្យ។ ស្រ្តីខ្មែរ និងកុមារ ទាំង ០៥រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៧៖៥០នាទីព្រឹក តាមជើងយន្តហោះ AK ៥៣៦៕

website_news/2016020301.txt · Last modified: 2017/02/28 09:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki