website_news:2016020303

កម្ពុជា ត្រៀមមេធាវីការពារក្ដី ឲ្យពលករខ្មែរជាប់ចោទនៅប្រទេសថៃ

ពិន ស៊ីសុណ្ណ (http://khmer.voanews.com/content/cambodian02 មិនា 2016)

ភ្នំពេញៈ មន្ត្រីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានជ្រើសរើសមេធាវីការពារពលករនេសាទជនជាតិខ្មែរ៥នាក់ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយជាប់ចោទពីបទរំលោភសេពសន្ថវៈនិងការប្រើអំពើហិង្សាលើអ្នកទេសចរបារាំងពីរនាក់នៅលើកោះគុត ប្រទេសថៃកាលពីយប់ថ្ងៃសៅរ៍។ នេះបើយោងតាមលោកជុំ សុន្ធរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកស្រី អ៊ីត សុភា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានទៅជួបជនសង្ស័យទាំង៥នាក់ជាមួយមន្ត្រីថៃកាលពីថ្ងៃច័ន្ទ។ លោកនិយាយថា ពួកគេបានសារភាពប្រាប់ឯកអគ្គរាជទូតកម្ពុជាថា ពួកគេបានប្រព្រឹត្តបទល្មើសនេះពិតមែន។ «ឯកអគ្គរាជទូតយើង ឡើងទៅសួរសុខទុក្ខ គាត់ក៏បានឆ្លើយសារភាពទទួលស្គាល់បញ្ហាហ្នឹងដែរ។ ប៉ុន្តែគ្រាន់តែចំណុចដែលយើងចាប់អារម្មណ៍ ដែលយើងសម្គាល់ឃើញនោះគឺថា ការប្រព្រឹត្តហ្នឹងបានកើតឡើងនៅពេលដែលកម្មករទាំង៥នាក់ហ្នឹង ឋិតក្នុងស្ថានភាពស្រវឹងបាទ»។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដដែល បាននិយាយថា ក្រសួងការបរទេសកម្ពុជា បារម្ភអំពីសុវត្ថិភាពរបស់ពលករទាំង៥នាក់នេះដែលមានអាយុក្រោម២៥ឆ្នាំ ក្រោយពីមានព័ត៌មានថា មានពលរដ្ឋថៃព្យាយាមប្រព្រឹត្តអំពើហិង្សាលើជនសង្ស័យទាំងនេះ។ ប៉ុន្តែ លោកបន្តថា អាជ្ញាធរបានការពារពលករទាំង៥នាក់នេះ នៅពេលប៉ូលិសនាំខ្លួនពួកគេទៅធ្វើត្រាប់សកម្មភាពពួកគេឡើងវិញនោះ។ «ខាងអាជ្ញាធរថៃគេបានការពារ។ គេបានការពារជាប់ ហើយក្នុងហ្នឹងមានតែមនុស្សម្នាក់ទេ វ៉ៃបានមួយដៃ បើតាមសារព័ត៌មានរបស់បាងកកប៉ុស្តិ៍»។

លោក ជុំ សុន្ធរី បានមានប្រសាសន៍ថា បញ្ហានេះគឺជាករណីលេចធ្លោបំផុតទាក់ទងនឹងបទល្មើសរំលោភជនបរទេស។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញថ្ងៃអង្គារនេះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានណែនាំឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃថា«ទោះក្នុងស្ថានភាពណាក៏ដោយ ត្រូវរិះរកវិធីជួយដល់កម្មករទាំង៥នាក់នេះ និងផ្ដល់មេធាវីការពារពួកគេ ពេលឡើងតុលាការ»។ ជនសង្ស័យទាំង៥នាក់ ត្រូវចោទប្រកាន់ពីបទរំលោភសេពសន្ថវៈអ្នកទេសចរជនជាតិបារាំងពីរនាក់ ម្តាយនិងកូន និងប្រើអំពើហិង្សាលើអ្នកទេសចរបុរសពីរនាក់ទៀតដែលព្យាយាមជួយជនរងគ្រោះ។

កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោក ស៊ូរ៉ាប៉ន ថេពសេន វរសេនីយ៍ទោប៉ូលិសថៃ និងជាអធិការរងប៉ូលិសកោះគុត បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវចាប់ខ្លួននៅលើកោះនោះ រីឯពីរនាក់ទៀតត្រូវចាប់ខ្លួននៅស្រុកខ្លងយ៉ៃ ខេត្តត្រាត នៅពេលពួកគេ ព្យាយាមគេចខ្លួនមកប្រទេសកម្ពុជា។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្ស បាននិយាយថា អង្គការរបស់លោក កំពុងទាក់ទងជាមួយអង្គការដៃគូនៅប្រទេសថៃ ដើម្បីសិក្សាថា តើចម្លើយសារភាពរបស់ពួកគាត់ រងការបង្ខិតបង្ខំ ឬយ៉ាងណា។ «អញ្ចឹងចម្លើយរបស់គាត់កន្លងមក នៅជាមតិសង្ស័យ នៅជាការសង្ស័យរបស់ពួកខ្ញុំនៅឡើយថា តើចម្លើយសារភាពនោះ វាជាចម្លើយពិតប្រាកដ ឬក៏ជាចម្លើយមួយដែលគាត់ឋិតក្នុងសម្ពាធរបស់គេ»។

លោក មឿន តុលា ពន្យល់ថា ចម្លើយសារភាពនេះ មិនទាន់យកជាការបានទេ ព្រោះពួកគេឆ្លើយនៅពេលពួកគេមិនទាន់មានមេធាវីការពារ។ ដោយឡែក នៅថ្ងៃអង្គារនេះដែរ លោក ជុំ សុន្ធរី បានចេញសេចក្ដីប្រកាសព័ត៌មានថា ស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី បានជួយសង្គ្រោះអ្នកបម្រើតាមផ្ទះ៤នាក់ និងកុមារម្នាក់ ដែលជាប់ឃុំឃាំងនៅជំរំ Balantik ប្រទេសម៉ាឡេស៊ី។

ពលរដ្ឋខ្មែរទាំង៥រូបនេះ គ្រោងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃពុធនេះ៕

website_news/2016020303.txt · Last modified: 2017/02/28 09:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki