website_news:2016020501

មន្ត្រីកំពុងជួយពលករនេសាទខ្មែរ ៥៤ នាក់កំពុងជាប់ឃុំនៅឥណ្ឌូនេស៊ី

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្ដិ៍ Mon, 2 May 2016 ប៉ិច សុធារី

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថាមន្ត្រីទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីកំពុងជួយអន្តរាគមន៍ដល់ពលករខ្មែរចំនួន ៥៤ នាក់ដែលត្រូវអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួនតាមទូកនេសាទខុសច្បាប់របស់ថៃដែលពួកគេនឹងអាចធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនាពេលឆាប់ៗនេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងកាលពីថ្ងៃម្សិលមិញថាពលករខ្មែរទាំងនោះធ្វើការនៅលើទូកនេសាទថៃហើយត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួននៅលើកោះប៉ុនតាណាក់ខណៈដែលទូកនេសាទថៃនោះបានឆ្លងដែនចូលសមុទ្រឥណ្ឌូនេស៊ី។ ក្រោយពីទទួលបានដំណឹងនេះមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីបានចុះទៅជួបពួកគេ និងកំពុងអន្តរាគមន៍ជួយពួកគេត្រឡប់មកកម្ពុជាវិញ។ លោកបានបញ្ជាក់ថា៖ «ស្ថានភាពរបស់ពលករទាំង ៥៤ នាក់នោះមានសភាពធម្មតាមិនមានបញ្ហាអ្វីចោទទេពីព្រោះអាជ្ញាធរឥណ្ឌូនេស៊ីគេចាត់ទុកពួកគាត់ថាជាជនរងគ្រោះដោយសារការជួញដូរមនុស្សមិនមែនជាអ្នកប្រព្រឹត្តបទល្មើសទេព្រោះអ្នកដែលប្រព្រឹត្តបទល្មើសគឺទូកនេសាទថៃដែលចូលទៅដែនសមុទ្រឥណ្ឌូនេស៊ីនោះ»។ បើតាមលោក សុន្ទរី បច្ចុប្បន្នមន្ត្រីស្ថានទូតខ្មែរកំពុងធ្វើការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងមន្ត្រី IOM ដើម្បីសម្ភាសន៍ និងរៀបចំឯកសារជួយពួកគាត់ឲ្យបានត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សៀក ឡេង មកពីខេត្តព្រៃវែងជាពលករខ្មែរម្នាក់ក្នុងចំណោម ៥៤ នាក់ដែលកំពុងជាប់ឃុំនៅកោះប៉ុនតាណាក់ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថាពួកគាត់បានធ្វើចំណាកស្រុកទៅប្រទេសថៃកាលពីថ្ងៃទី ៤ មករាឆ្នាំ ២០១៦ ហើយក៏បានចាញ់បោកមេខ្យល់នាំឲ្យទៅធ្វើការនៅលើទូកនេសាទថៃដោយរងនូវការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងដូចជាការបង្ខំឲ្យធ្វើការហួសកម្លាំងទាំងថ្ងៃទាំងយប់ពុំមានអាហារគ្រប់គ្រាន់ និងមិនបានទទួលប្រាក់បៀវត្សរ៍ជាដើម។ លោកបន្តថាពួកគាត់ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនកាលពីថ្ងៃទី ១២ ខែមេសាហើយថៅកែទូកនេសាទថៃពុំបានអើពើជួយដល់ពួកគាត់ទេប៉ុន្តែដោយសារពួកគាត់លាក់ទូរស័ព្ទទុកបានមួយគ្រឿងទើបពួកគាត់អាចផ្តល់ដំណឹងដល់គ្រួសារដើម្បីស្វែងរកកិច្ចអន្តរាគមន៍អង្គការសង្គមស៊ីវិល និងអាជ្ញាធរកម្ពុជាបាន។ លោកថា៖ «ពេលនេះខាងទូតនៅឥណ្ឌូនេស៊ីគេបានមកជួយដោះស្រាយឲ្យហើយគេបានសួរប្រវត្តិរូបធ្វើលិខិតឆ្លងដែន និងសំបុត្រយន្តហោះឲ្យហើយប្រហែលជា ២ ទៅ ៣ អាទិត្យទៀតអាចត្រឡប់ទៅវិញបានហើយ… ខ្ញុំសុំផ្តាំទៅកូនខ្មែរទាំងអស់សូមកុំឲ្យចូលមកស្រុកគេខុសច្បាប់ដូចពួកខ្ញុំពេលគេឃាត់ខ្លួនយើង យើងពិបាកទៅវិញណាស់»។

លោក សៀក ឡេង ក៏បានស្នើឲ្យមន្ត្រីទូតកម្ពុជាជួយអន្តរាគមន៍ទៅអាជ្ញាធរថៃដើម្បីជំរុញឲ្យថៅកែទូកបើកប្រាក់ខែឲ្យពួកគេផងដែរ។ ពលករខ្មែរទាំងនោះភាគច្រើនជាអ្នករស់នៅខេត្តសៀមរាប ព្រៃវែង និងខេត្តស្វាយរៀង។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សកម្រិតខ្ពស់អង្គការលីកាដូលោក សែន ចៅសុខ សង្កេតឃើញថាករណីពលករខ្មែរចាញ់បោកមេខ្យល់ទៅធ្វើការនៅលើទូកនេសាទថៃហើយរងនូវការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងនេះបានកើតឡើងជារឿយៗដែលក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះមានជនរងគ្រោះប្រមាណ ៤០០ ទៅ ៥០០ នាក់ដែលត្រូវបានជួយសង្គ្រោះ។ លោកថា៖ «បញ្ហានេះវាទាក់ទងការធ្វើចំណាកស្រុកដោយសារក្នុងស្រុកអត់មានការងារធ្វើ អត់មានប្រាក់ចំណូលប្រចាំថ្ងៃធ្វើឲ្យគាត់ចំណាកស្រុកដោយផ្សងព្រេងដោយគ្មានទិសដៅដើម្បីស្វែងរកផលប្រយោជន៍ក្នុងការចិញ្ចឹមជីវិតធ្វើឲ្យគាត់ធ្លាក់ខ្លួនចាញ់បោកគេក្នុងករណីជួញដូរមនុស្សតែម្តង»។

ចំណែកអ្នកស្រី យី វង្ស រស់នៅខេត្តសៀមរាបជាសាច់ញាតិពលករចំនួន ៥ នាក់ដែលកំពុងជាប់ឃុំនៅឥណ្ឌូនេស៊ីនោះបានបង្ហាញក្តីបារម្ភជាខ្លាំងពីសុខទុក្ខរបស់ពួកគេដែលត្រូវបានថៅកែថៃធ្វើបាបនៅលើទូក និងបានអំពាវនាវដល់មន្ត្រីការទូតកម្ពុជាជួយអន្តរាគមន៍ឲ្យពលករទាំងនោះបានត្រឡប់មកកម្ពុជាវិញឆាប់ៗខណៈដែលគ្រួសាររបស់ពួកគេកំពុងទន្ទឹងរង់ចាំផ្លូវ និងជួបការខ្វះខាតក្នុងជីវភាព៕

website_news/2016020501.txt · Last modified: 2017/02/28 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki