website_news:2016020502

ពលករខ្មែរ១៩នាក់លួចទៅធ្វើការនៅថៃខុសច្បាប់ត្រូវឃាត់ខ្លួន

(http://vayofm.com/news) គេហទំព័រវិទ្យុវាយោ FM ថ្ងៃទី 01-05-2016 3:22 pm

កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក បានឃាត់ខ្លួនពលករខ្មែរចំនួន ១៩នាក់ ខណៈពួកគេមានបំណងទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ នេះបើយោងតាមការឲ្យដឹងពីអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី ១ ឧសភា ឆ្នាំ២០១៦។

លោកអនុសេនីឯក អោក សំណុក នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ដើម្បីរក្សាបាននូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់បទបញ្ជា ធ្វើការទប់ស្កាត់ និងបង្អាក់ដំណើរឆ្លងដែនខុសច្បាប់។

ជាមួយគ្នានោះត្រូវធ្វើការអប់រំណែនាំដល់ពលករទាំងអស់ ឲ្យទៅដោយស្របច្បាប់វិញ កុំឲ្យលួចឆ្លងដែនទៅប្រទេសគេដោយខុសច្បាប់ ព្រោះការដែលទៅខុសច្បាប់នេះ វានឹងអាចជួបនូវហានីភ័យច្រើន ដូចជាគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែជិះថយន្តគេច ពីសមត្ថកិច្ចរបស់គេ គេចាប់បញ្ជូនមកវិញនាំឲ្យខាតបង់ពេលវេលារកស៊ីក្នុងស្រុក ឬក៏ជួបនូវគ្រោះថ្នាក់ផ្សេងៗ ទៀតជាយថាហេតុ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក បានធ្វើការទប់ស្កាត់និងបង្អាក់ដំណើររបស់ពលករទាំង១៩នាក់ នៅត្រង់ចំណុច ច្រករបៀងសេះងាប់ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការ អប់រំណែនាំ។ ក្រោយពីសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាហើយនោះ ប្រពលរដ្ឋទាំង១៩នាក់ ក៏បាននាំគ្នាវិលត្រឡប់ មកផ្ទះវិញដើម្បីធ្វើលិខិតឆ្លងដែនដោយស្របច្បាប់វិញ៕

website_news/2016020502.txt · Last modified: 2017/02/28 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki