website_news:2016020602

ការជួញដូរមនុស្ស ស្ដ្រី និងកុមារនៅតែព្រួយបារម្ភ

(http://bayontv.com.kh) គេហ៉ទំព័រវិទ្យុ និងទូរទស្សន៍បាយ័ន្ត ថ្ងៃទី 02/06/2016

បន្ទាយមានជ័យ ៖ អំពើជួញដូរមនុស្ស ស្ត្រីនិងកុមារនៅតែជាក្តីបារម្ភនៅខេត្តបន្ទាយមានជ័យ ពិសេស តំបន់ព្រំដែនកម្ពុជា-ថៃ។ នេះជាការលើកឡើងរបស់មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃខេត្តបន្ទាយមានជ័យថ្ងៃទី ១ មិថុនា។

លោក ចាន់ សារ៉ា នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ និងជាមន្ត្រីគ្រប់គ្រងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្ត និយាយថា ក្រៅពីការផ្សព្វផ្សាយ ជម្រុញ អនុវត្តលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងគោលនយោបាយជាតិ ខេត្តក៏បានដឹកនាំ អនុវត្តយុទ្ធសាស្ត្រ ប្រឆាំងការជួញដូរមនុស្ស ការស្តារនីតិសម្បទា សមាហរណកម្ម និងមាតុភូមិនិវត្តន៍ជនរងគ្រោះ ជនងាយរងគ្រោះ នេះរួមបញ្ចូលទាំងការទទួលពលករពីអាជ្ញាធរបរទេស ការធ្វើបែបបទចូលប្រទេសថៃ និងសភាពការណ៍ពលករធ្វើចំណាកស្រុក ។ល។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ-ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និយាយថា យោងរបាយការណ៍ និងការវិភាគនានា បង្ហាញថា ស្ថានភាពអំពើជួញដូរមនុស្ស ស្ត្រី កុមារក្នុងខេត្ត ,បណ្តោយព្រំដែននៅតែមានច្រើន និងគួរព្រួយបារម្ភ។ លោកស្រី និយាយបន្តថា វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុបដែលយើងប្រើប្រាស់ហើយ នៅតែមិនទាន់បានលទ្ធផលល្អទាំងស្រុង។ដូច្នេះ មន្ត្រីនិងអ្នកពាក់ព័ន្ធត្រូវប្ដេជ្ញា និងទទួលខុសត្រូវបន្ថែមទៀត។

សូមបញ្ជាក់ថា របាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៦នេះ ជនទេសន្តរប្រវេសន៍កម្ពុជាដែលអាជ្ញាធរថៃ បញ្ជូនមកតាមប៉ោយប៉ែត មាន១២.៣៥២នាក់ ក្នុងនោះមានស្ត្រី៣.៨៥៣នាក់ កុមារ៩១៧នាក់ កុមារី៣៥៤នាក់ ។ក្នុងនោះភាគច្រើនឆ្លងដែនខុសច្បាប់ និងចាញ់បោកគេ។រីឯស្ថានភាពចំណាកស្រុកវិញត្រីមាសនេះមាន២០.៣៦១នាក់ ក្នុងនោះចេញដោយខុសច្បាប់១៩.០៧៧នាក់ ស្រី៩.២៧៨នាក់ កុមារ៦៦១នាក់។ល។ រីឯស្ថានភាពអវិជ្ជមានលើទម្រង់ការជួញដូរ មនុស្ស ផ្សេងៗទៀតនៅតែមានច្រើន៕

website_news/2016020602.txt · Last modified: 2017/03/03 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki