website_news:2016020605

មនុស្សជាង៤៥លាននាក់នៅលើពិភពលោកធ្លាក់ក្នុងទាសភាពបែបថ្មី

(http://km.rfi.fr/asia) ដោយ អៀង សុខម៉ិញ គេហទំព័រវិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃទី31/05/2016

នៅលើពិភពលោកបច្ចុប្បន្ននេះ មានមនុស្សជាង ៤៥លាននាក់ កំពុងធ្លាក់ក្នុងទាសភាព ដោយមិនដឹងខ្លួន។ ទាសករបែបថ្មី ដែលគ្មានទម្រង់ជាខ្ញុំកញ្ចះដាច់ថ្លៃដូចសម័យមុន មានកើនឡើងជាលំដាប់ ក្នុងនោះពីរភាគបី រស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារទី ៣១ ឧសភា ២០១៦ ដែលបានលើកឡើងបន្ថែមទៀតថា ទម្រង់ទាសភាពទំនើប មានច្រើនជាងការគិតទុកពីមុនឆ្ងាយណាស់។ ការជួញដូរមនុស្ស ពេស្យាចារ ធ្វើការដោយបង្ខំ ប្រើប្រាស់កុមារក្នុងជំនួញគ្រឿងញៀន-ធ្វើទាហាន… ទាំងនេះជាទម្រង់ទាសភាពបែបថ្មី ដែលមានកើនឡើងឥតឈប់ឈរ នៅលើពិភពលោក។ មូលហេតុ គឺបណ្តាលមកពីភាពក្រីក្រ និងការរើសអើងក្នុងសង្គម។ នេះបើតាមកំណត់សម្គាល់របស់អង្គការសហប្រជាជាតិ។

ជាសរុប បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ អង្គការអូស្ត្រាលី Walk Free Foundation ទាសភាពបែបថ្មីបានកើនឡើងដល់ទៅ ២៨% បើប្រៀបទៅនឹង២ឆ្នាំមុន ពោលគឺមានជាង៤៥លាននាក់។ អង្គការបានចុះទៅសិក្សានៅក្នុងប្រទេសចំនួន១៦៧ ជាង៥៣ភាសា និងបទសម្ភាសន៍ជាងបួនម៉ឺនករណី ដើម្បីអាចសន្និដ្ឋាននិងកំណត់ចំនួនពលរដ្ឋរងគ្រោះ និងប្រសិទ្ធិភាពដោះស្រាយរបស់រដ្ឋាភិបាល ប្រឆាំងនឹងទម្រង់ទាសភាពទំនើប។

ទាសភាព បាននិងកំពុងរីកលូតលាស់ខ្លាំង នៅអាស៊ី ៖ ១៨,៣៥លាននាក់ នៅឥណ្ឌា ចិន៣,៣៩លាននាក់ -ប៉ាគីស្ថាន ២,១៣លាន- បង់ក្លាដែស ១,៥៣លាននាក់។ ថ្វីបើឥណ្ឌា ជាប់លេខមួយខាងមានចំនួនប្រជាជនធ្លាក់ខ្លួនក្នុងទាសភាពច្រើនជាងគេមែន តែគឺកូរ៉េខាងជើងទេដែលបានទទួលមេដាយមាស ដោយផលប៉ះពាល់នៃទម្រង់ទាសភាពកើនខ្លាំង (ពលរដ្ឋ៤,៣៧%ធ្លាក់ក្នុងទាសភាព) ហើយរដ្ឋាភិបាលគ្មានអើពើដោះស្រាយសោះ។ បន្ទាប់មកគឺប្រទេសអ៊ូសបេគីស្ថាន (៣,៩៧%) និងចំណាត់ថ្នាក់លេខបីត្រូវប្រគល់ឱ្យកម្ពុជា (១,៦៥%)។ នេះបើតាមរបាយការណ៍ដដែល។

ពិធីសារអង្គការសហប្រជាជាតិឆ្នាំ២០០៣ បានកំណត់ឱ្យមានការដាក់ទោស បង្ក្រាប ក្រុមអ្នកជួញដូរ ធ្វើឧក្រិដ្ឋកម្មលើមនុស្ស ជាពិសេសលើស្ត្រីនិងកុមារ។ ប្រទេសចំនួន១២៤ បាន ទទួលស្គាល់ការជួញដូរមនុស្សជាឧក្រិដ្ឋកម្ម ហើយ៩៦ប្រទេសបានអនុម័តផែនការប្រយុទ្ធប្រឆាំង។ តែសកម្មភាពប៉ុណ្ណេះមិនគ្រប់គ្រាន់ទេ ប្រធានអង្គការWall Free Foundation ចង់ឱ្យប្រទេសអ្នកមានចេញច្បាប់ ដាក់ឱ្យប្រើប្រាស់តែម្តង ដើម្បីដាក់ទោសអ្នករកស៊ីចំណេញពីទាសភាព៕

website_news/2016020605.txt · Last modified: 2017/03/03 12:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki